អ្នក​​ជំងឺ​​កូវីដ-១៩​ចំនួន​១០​នាក់​​​ទៀត​​ស្លាប់​​ ខណៈ​​អ្នក​​ឆ្លង​​ថ្មី​ជាង​៥០០​នាក់​​

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ មកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកជំងឺកូវីដ-១៩ ចំនួន១០នាក់ទៀតបានស្លាប់កាលពីម្សិលមិញនេះ ដែល​ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅកម្ពុជា ​កើនឡើងដល់២៥២នាក់ ខណៈអ្នកឆ្លងថ្មីមានចំនួន​៥៣៨នាក់។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១ ឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានកើនដល់២៥២នាក់។

ក្រៅពីអ្នកស្លាប់ចំនួន១០នាក់ ក្រសួងក៏​បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៥៣៨នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន២៩នាក់ ហើយអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ចំនួន៥០៩នាក់ ខណៈអ្នកជំងឺដែលព្យាបាលជាសះស្បើយចំនួន៥៣៤នាក់។

ទាក់ទងនឹងជំងឺកូវីដ-១៩នេះ ក្រសួងសុខាភិបាលទើបបានប្រកាសពីម្សិលមិញពីការរកឃើញមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ B.1.617 នៅលើខ្លួនពលករខ្មែរ៣នាក់ដែលទើបត្រឡប់មកពីប្រទេសថៃ។ B.1.617 ជាប្រភេទវីរុសបំប្លែងខ្លួនថ្មី ដែលពិភពលោកកំពុងព្រួយបារម្ភខ្លាំង។

ករណីនេះ ក្រសួងណែនាំទៅមន្ទីរសុខាភិបាលខេត្តទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់និងអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ប្រតិបត្តិស្ដង់ដារបច្ចេកទេសការពារការចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត។ ក្នុងនោះ ត្រូវដាក់អ្នកជំងឺឱ្យនៅដោយឡែកពីគ្នា និងបន្តការស្រាវជ្រាវដោយហ្មត់ចត់លើករណីដែលសង្ស័យឬពាក់ព័ន្ធទៅនឹងការចម្លងបន្តគ្នាផ្សេងៗទៀតនៅតាមទីតាំងដែលមានការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩។

បើតាមក្រសួងសុខាភិបាល គិតត្រឹម​​ថ្ងៃទី៥ ខែមិថុនានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប៣៣ ៦១៣នាក់ ក្នុងនោះ​ អ្នកជំងឺជាសះស្បើយចំនួន២៦ ០៧៨នាក់ ហើយអ្នកស្លាប់ចំនួន២៥២នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១ ០៥៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ