ភរិយាអ្នកជាប់ឃុំនៅពន្ធនាគារព្រៃសម្នាក់ អះអាងថា ការស្លាប់របស់ស្វាមីខ្លួនមិនមែនបណ្ដាលមកពីជំងឺកូវីដ-១៩ទេ ប៉ុន្តែដោយសារការធ្វេសប្រហែសរបស់ពន្ធនាគារ និងការមិនយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជំងឺពីសំណាក់គ្រូពេទ្យ។
អ្នកស្រី ឈិត ម៉ាលីស ត្រូវជាភរិយាអ្នកជាប់ឃុំ គឺលោក តាំង រ៉ុន ប្រាប់ វីអូឌី នៅថ្ងៃនេះថា ស្វាមីរបស់អ្នកស្រីបានធ្លាក់ខ្លួនឈឺនិងក្ដៅខ្លួនខ្លាំង បន្ទាប់ពីចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ លើកទី២។
អ្នកស្រីបន្តថា ក្រោយស្វាមីរបស់គាត់មានអាការក្ដៅខ្លួនខ្លាំង ទើបខាងអនុរក្សពន្ធនាគារបញ្ជូនស្វាមីរបស់គាត់ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) កាលពីថ្ងៃទី៦ ខែមិថុនា ប៉ុន្តែនៅម៉ោង៥ព្រឹកឈានដល់ថ្ងៃទី៧ ខែមិថុនា ស្វាមីរបស់គាត់ក៏បានស្លាប់បាត់បង់ជីវិតតែម្តង។
អ្នកស្រីថា៖ «គាត់ធ្វើតេស្ត៣ទៅ៤ដងហើយ តែមិនមានកូវីដទេ! អ៊ីចឹងមកពីគាត់ចាក់ថ្នាំហ្នឹងហើយ ធ្វើឱ្យក្ដៅ ហើយយើងរុំកន្សែងរយៈពេល៣ទៅ៤ថ្ងៃជាប់គ្នា ដោយសារទឹកហ្នឹងបណ្ដាលឱ្យចូលសួត។ ប៉ុន្តែគ្រាន់តែជាការស្មានរបស់ខ្ញុំ បណ្ដាលមកពីវ៉ាក់សាំង បានធ្វើឱ្យគាត់ក្ដៅ បើមិនក្ដៅ យើងយកកន្សែងទៅរុំធ្វើអី! តែពេទ្យនៅក្នុងមន្ទីរពេទ្យ គេមិននិយាយរឿងវ៉ាក់សាំងទេ គេថាទឹកចូលសួត រលាកធ្ងន់ធ្ងរ ពេលគេថតហើយ»។
អ្នកស្រី ឈិត ម៉ាលីស បន្តថា បើតាមលទ្ធផលធ្វើតេស្តសំណាក ស្វាមីរបស់គាត់មិនមានជំងឺកូវីដ-១៩ទេ ហើយកន្លងមក ស្វាមីអ្នកស្រីក៏មិនដែលប្រើប្រាស់គ្រឿងញៀនដែរ ប៉ុន្តែមូលហេតុដែលស្វាមីរបស់គាត់ធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ស្លាប់បែបនេះ បណ្ដាលមកពីការធ្វេសប្រហែសរបស់ខាងពន្ធនាគារ និងការមិនយកចិត្តទុកដាក់ពីសំណាកក្រុមគ្រូពេទ្យផងដែរ។
អ្នកស្រីថា៖ «សូមឱ្យខាងពេទ្យទទួលអ្នកជំងឺផង កុំរើសអើងបែបហ្នឹង អ្វីដែលខ្ញុំខឹងសម្បារគឺកន្លែងហ្នឹង អាហ្នឹងមួយចំណុច! ហើយនៅខាងក្នុងពន្ធនាគារអ៊ីចឹងដែរ ពេលដែលគាត់ចាប់ផ្ដើម[ឈឺ] ខ្ញុំសំណូមពរ ខ្ញុំបានឱ្យខាងមេធាវីខ្ញុំរត់ការ សំណូមពរឱ្យគេយកគាត់មកពេទ្យឱ្យលឿនមក ឱ្យទាន់ពេលវេលា។ រហូតដល់៣ទៅ៤ថ្ងៃទើបយកគាត់មក ថ្ងៃទី៥ ខែមិថុនា ទើបបានយកគាត់មក។ បើសិនជាយកគាត់មកទាន់ពេលក៏មិនអីដែរ ប៉ុន្តែប្ដីខ្ញុំមកនេះ គឺមានសភាពធ្ងន់ធ្ងរហើយ កម្ដៅ៣៩និង៤០អង្សាតាំងពីចាក់វ៉ាក់សាំងមក»។
អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត ម៉ុក ធាវី ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ក្រុមគ្រូពេទ្យបានធ្វើរបាយការណ៍អ្នកជាប់ឃុំម្នាក់ស្លាប់កាលពីថ្ងៃទី៧ ខែមិថុនា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទៅខាងពន្ធនាគាររួចអស់ហើយ។ ករណីនេះ លោកសុំមិនធ្វើអត្ថាធិប្បាយដោយឱ្យទៅសួរខាងពន្ធនាគារវិញ។
លោកថា៖ «ខាងខ្ញុំធ្វើនិងបំពេញឯកសារទៅខាងពន្ធនាគារអស់ហើយ សូមសួរទៅខាងពន្ធនាគារ»។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា មានប្រសាសន៍ថា លោកមិនទាន់ទទួលព័ត៌មាននេះពីខាងពន្ធនាគារ និងខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នោះឡើយ។
លោកថា៖ «ចាំខ្ញុំស្រាវជ្រាវសិន! ករណីកន្លងមក បើជនជាប់ឃុំមានប្រវត្តិប្រើប្រាស់គ្រឿងញៀនខ្លាំង ពេលដែលគាត់ផ្ដាច់ទៅធម្មតាទេ គ្រឿងក្នុងវាទទួលរងផលប៉ះពាល់ ជាពិសេសសួត! តែខ្ញុំមិនទាន់សន្និដ្ឋានយ៉ាងម៉េចទេ ទាល់តែខាងពេទ្យគាត់ពិនិត្យសំណាក ថាស្លាប់ដោយសារកូវីដ និងរលាកសួត។ ព្រោះរលាកសួត អ្នកប្រើគ្រឿងញៀន ដល់គាត់ឈប់ប្រើ វាចាប់ផ្ដើមធ្វើទុក្ខហើយ តែមិនទាន់យ៉ាងម៉េចទេ។ ខ្ញុំមិនទាន់ហ៊ានយ៉ាងម៉េចទេ ទាល់ខ្ញុំស្រាវជ្រាវមើលសិន។ តែផ្ដល់ជាយោបល់ថា កន្លងមក វាជាអ៊ីចឹង! យើងពិបាកណាស់ អ្នកដែលមានប្រវត្តិប្រើប្រាស់គ្រឿងញៀនធ្ងន់ពីដើមមក គ្រឿងក្នុងគាត់ចាប់ផ្ដើមមានបញ្ហាហើយ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា ការផ្ដល់សិទ្ធិសម្រាប់អ្នកជាប់ឃុំធ្វើឡើងមានស្តង់ដារពីរ ក្នុងនោះ អ្នកមានប្រាក់មានអំណាច អាចទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅបាន ប៉ុន្តែសម្រាប់អ្នកជាប់ឃុំធម្មតាវិញ ការផ្ដល់សេវាសុខាភិបាលដល់ពួកគាត់នៅមានភាពយឺតយ៉ាវ។
លោកថា៖ «ចំណុចដែលគេធ្វើការប្រៀបធៀប ហើយគេធ្វើការរិះគន់ ព្រោះយើងឃើញហើយកន្លងមក ឧកញ៉ាមួយចំនួន អ្នកមានលុយនិងតួនាទីមួយចំនួន គឺជាប់ពន្ធនាគារ ប៉ុន្តែគាត់ត្រូវបានទៅសម្រាកនៅមន្ទីរពេទ្យរាប់ឆ្នាំ ដោយសារបញ្ហាសុខភាព។ អ៊ីចឹងចុះអ្នកជាប់ឃុំដទៃទៀត គាត់ជាមនុស្សដូចគ្នាដែរ នៅពេលដែលគាត់មានជំងឺ ហើយត្រូវទទួលការព្យាបាល ត្រូវបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា បានគេហៅថាសិទ្ធិស្មើគ្នាហើយនិងសិទ្ធិទទួលបានសេវាសុខភាពដូចគ្នា។ បើសិនជាសភាពធ្ងន់ធ្ងរ ត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យរដ្ឋធំហ្នឹង ដើម្បីទទួលការព្យាបាលហ្នឹង»។
បើតាមអ្នកស្រី ឈិត ម៉ាលីស បញ្ជាក់ថា សមត្ថកិច្ចចាប់ខ្លួនស្វាមីរបស់គាត់កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ហើយត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកាលពីដើមឆ្នាំ២០២០ ឱ្យជាប់ពន្ធនាគាររយៈពេល៣ ឆ្នាំ ពីបទប្លន់។
អ្នកស្រី ឈិត ម៉ាលីស និយាយថា ស្វាមីអ្នកស្រីនៅសល់តែ៣ខែទៀតប៉ុណ្ណោះនឹងចេញពីពន្ធនាគារ ប៉ុន្តែបានស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី ក្នុងពេលគាត់កំពុងជាប់ក្នុងមន្ទីរឃុំឃាំងនៅពន្ធនាគារព្រៃសទៅវិញ៕