អគ្គ​នាយិកា​ក្រុម​ហ៊ុន​ទឹក​សុទ្ធវីតាល់​និង​ក្រុមហ៊ុន​មី​ជាតិ​ ទទួល​បាន​គោរម​ងារ​ជា​អ្នក​ឧកញ៉ា

កងកម្លាំងចម្រុះជញ្ជូនស្បៀងអាហារចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)

លោកស្រី ជឹ​ង សុគន្ធា​វី​ ដែល​​​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ទឹក​សុទ្ធ​វី​តា​ល់ ហើយក៏ជាអគ្គនាយិកា​ក្រុមហ៊ុន​ផលិត​មី​ជាតិ ត្រូវបាន​ផ្តល់​គោរមងារ​​ជា «​អ្នកឧកញ៉ា​»។​

ស្ត្រីរូបនេះត្រូវជា​កូនស្រីបង្កើត​របស់លោក​ស្រី ជឹ​ង សុភាព ហៅ «​យាយ​ភូ​» អនុប្រធាន​កាកបាទក្រហមកម្ពុជា។

យោងតាម​ព្រះរាជក្រឹត្យ​ ចុះ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១ ដែល ​វីអូឌី ទើបទទួលបាន ឱ្យដឹងថា ការ​ផ្តល់​​គោរមងារ​​ជា«​អ្នកឧកញ៉ា​» ដល់លោកស្រី ជឹ​ង សុគន្ធា​វី​ ធ្វើឡើងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈអ្នកស្រីធ្លាប់ត្រូវបានផ្តល់គោរមងារជាឧកញ៉ាម្តងរួចមកហើយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៩។ លោកស្រី ជឹង សុគន្ធាវី ជា​ភរិយា​របស់​ឧ​ត្ត​ម​សេនីយ៍​យោធា ឡាវ វ៉ាន់ ដែលលោក ឡាវ វ៉ាន់ គឺ​កូនប្រុសបង្កើត​ប្រពន្ធមុនរបស់​លោក​​ឧកញ៉ា ឡាវ ម៉េង​ឃី​ន សមាជិក​ព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា មុនពេលលោកបានក្លាយជាស្វាមី​លោកស្រី ជឹង សុភាព។ ​

​លោកស្រី ជឹ​ង សុភាព ហៅ «​យាយ​ភូ​» ដែល​ត្រូវជា​ម្តាយ ​ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ាដោយ​ព្រះរាជក្រឹត្យ​កាលពីថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០០៦។ ដោយ​ឡែក ​លោក ឡាវ ម៉េង​ឃី​ន ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ាដោយ​ព្រះរាជក្រឹត្យកាលពីថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៩៥។​​ ចំណែកលោក ឡាវ វ៉ាន់ ដែលមាន​ក្របខណ្ឌ​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ ដែលជា​ស្វាមី​លោកស្រី ជឹ​ង សុគន្ធា​វី និង​ត្រូវជា​កូនប្រុស​របស់​លោក​​ឧកញ៉ា ឡាវ ម៉េង​ឃី​ន ទទួលបាន​ការតែងតាំង​ជា​ឧកញ៉ា កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០០៦។​

​ក្រោយមក ឧកញ៉ា ឡាវ វ៉ាន់ ក៏ត្រូវ​បានបញ្ចប់​គោរមងារ​ជា​ឧកញ៉ាវិញ ត្រឹម​រក្សាទុក​ក្របខណ្ឌ​ជា​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ (​ឋានន្តរសក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ​) ដោយ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០១៩។ មុខតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​យោធា ឡាវ វ៉ាន់ ក្នុង​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ គឺជា​មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០។

បើតាមអនុក្រឹត្យមួយកាលពីខែមីនា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានសម្រេចថា សប្បុរសជន​ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ ជា​ថវិកា​ក្ដី ជា​សម្ភារ​ក្ដី ប្រសិន​បើ​មាន​តម្លៃ​លើស​ពី​១០​ម៉ឺន​ដុល្លារ រដ្ឋ​នឹង​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១​។

ចំណែក​សប្បុរសជន​ដែលបាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ក្នុង​តម្លៃ​លើស​ពី៥០​ម៉ឺន​ដុល្លារ​ឡើង​ទៅ នឹង​​ត្រូវ​រដ្ឋាភិបាល​ស្នើថ្វាយ​​សុំ​ព្រះ​មហាក្សត្រព្រះ​រាជទាន​គោរមងារ​ជា «ឧកញ៉ា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ