មន្ត្រីជំនាញខេត្តសៀមរាប បានជីកប្រឡាយប្រហែល២០ទៅ៣០ម៉ែត្ នៅតំបន់អភិរក្សបឹងពារាំង ដើម្បីជួយសង្គ្រោះត្រីមេពូជចម្រុះ ឱ្យពួកវាចូលទៅរស់នៅក្នុងនោះជាបណ្តោះអាសន្ន ខណៈផ្ទៃបឹងនោះកំពុងប្រឈមនឹងការរីកស្ងួតនៅរដូវប្រាំងនេះ។
ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោក ទា គឹមសុទ្ធ មានប្រសាសន៍នៅថ្ងៃអង្គារនេះថា ត្រីមេពូជចម្រុះនៃតំបន់អភិរក្សបឹងពារាំង ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប កំពុងត្រូវបានជួយសង្គ្រោះបន្ទាន់ចេញពីគ្រោះធម្មជាតិរាំងស្ងួត ដោយសារទឹកនៅទីនោះមានជម្រៅប្រហែលជា១តឹកទៅ៣តឹកតែប៉ុណ្ណោះ ដែលធ្វើឱ្យមេពូជត្រីប្រឈមនឹងងាប់ជាបន្តបន្ទាប់ ប្រសិនបើមន្ត្រីជំនាញមិនសង្គ្រោះឱ្យបានទាន់ពេលនោះទេ។
លោកថា ប្រភេទត្រីនៅតំបន់អភិរក្សបឹងពារាំងនោះ រួមមាន ពូជត្រីក្រាយ ត្រីសណ្តាយ ត្រីកំព័ទ ត្រីរ៉ស់ ត្រីឆ្តោ ត្រីឆ្លាំង ជាដើម។
មន្ត្រីកសិកម្មរូបនោះបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ មន្ត្រីជំនាញបានយកគ្រឿងចក្រមួយគ្រឿងរបស់ក្រសួងកសិកម្ម និងបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះជីកប្រឡាយមួយខ្សែ និងស្រះទំហំប្រហែលជា២០ទៅ៣០ម៉ែត្រ ដើម្បីនាំទឹកចេញពីស្រះមួយចំនួនទៅជួយសង្គ្រោះជីវិតត្រីមេពូជចម្រុះនៅក្នុងតំបន់អភិរក្សបឹងពារាំងនេះ។
លោកមានប្រសាសន៍ថា៖ «សង្គ្រោះបឋម យើងជីកប្រឡាយមួយខ្សែ ហើយយើងជីកស្រះមួយ ម៉េចៗកាយទឹកឱ្យបញ្ចូលក្នុងស្រះនោះ ឱ្យត្រីរស់នៅជាបឋមសិន ល្មមនឹងធ្លាក់ភ្លៀង»។
ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត គាំទ្រនឹងវិធានការរបស់អាជ្ញាធរដែលចុះជីកប្រឡាយនិងស្រះ ដើម្បីសង្គ្រោះពូជត្រីចម្រុះនៅតំបន់អភិរក្សបឹងពារាំងនោះ។
ប៉ុន្តែលោកថា ជម្រើសល្អជាងនេះ រដ្ឋាភិបាលត្រូវបង្កើតកម្មវិធីទម្លាក់ថវិកាប្រចាំឆ្នាំ និងចាត់មន្ត្រីជំនាញចុះស្តារបឹងនៅតំបន់អភិរក្សដែលមានត្រីមេពូជទាំងនេះបន្តិចម្តងៗ ទើបទប់ស្កាត់ការងាប់ត្រីជាបន្តបន្ទាប់ ដូចករណីនៅតំបន់អភិរក្សបឹងពារាំង ខេត្តសៀមរាប ជាដើម។
លោកផ្តល់ជាអនុសាសន៍ដូច្នេះថា៖ «បើមិនគិតគូរស្តារបឹងអភិរក្ស ចាំដល់មានការ[បញ្ហា]បានធ្វើ វាមិនងាយសង្គ្រោះបានទេ ដូចយើងឧទាហរណ៍ ដូចមនុស្សទាល់ឈឺធ្ងន់បានសង្គ្រោះ វាពិបាក! បទពិសោធន៍នៅសហគមន៍ខ្លះ ខ្ញុំឃើញតំបន់អភិរក្ស ឧទាហរណ៍ គេមិនមែនជីកបឹងទាំងអស់ទេ គេជីកតែមួយជ្រុងមួយ ដល់ពេលឆ្នាំក្រោយមក ត្រីវាអាចរំដោះខ្លួនទៅកន្លែងជីកហើយជ្រៅ រួចហើយបានគេរំកិលទៅជីកនៅជ្រុងម្ខាងទៀត យើងមិនអាចជីកម្តងទាំងអស់បានទេ វាអាចធ្វើឱ្យវ៉ល់ទឹក អាចធ្វើឱ្យត្រីងាប់»។
បើតាមប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោក ទា គឹមសុទ្ធ តំបន់អភិរក្សបឹងពារាំង មានផ្ទៃដីសរុប២ ៣០០ហិកតា ប៉ុន្តែនៅរដូវប្រាំងឆ្នាំនេះ ទឹកបានរីងស្ងួតលើផ្ទៃដីប្រហែលជា៩ហិកតា។ លោកថា ក្រោយមក នៅក្នុងខែមិថុនានេះ ទឹកកាន់តែរីងស្ងួតរួមតូចនៅលើផ្ទៃដីប្រហែលកន្លះហិកតាតែប៉ុណ្ណោះ ដែលបណ្តាលឱ្យត្រីងាប់ជាបន្តបន្ទាប់៕









