មន្ត្រីសង្គមស៊ីវិលអំពាវនាវទៅអាជ្ញាធរនិងក្រុមគ្រូពេទ្យ គួរតែរៀបចំកន្លែងបូជាសពអ្នកឆ្លងជំងឺកូវីដ-១៩នៅទីតាំងមួយល្អសមរម្យ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពពលរដ្ឋ ព្រមទាំងរក្សាភាពថ្លៃថ្នូរដល់សព ជាជាងយកទៅបូជានៅកណ្តាលវាលក្បែរជើងភ្នំ។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តកំពតនិងក្រុមគ្រូពេទ្យបានយកសាកសពអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់ ទៅបូជានៅក្បែរជើងភ្នំមួយ ស្ថិតនៅភូមិឃ្លាំងខាងជើង ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី៨ ខែមិថុនា ម្សិលមិញនេះ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពត លោក យន់ ផល្លី មានប្រសាសន៍នៅថ្ងៃពុធនេះថា អាជ្ញាធរពាក់ព័ន្ធនិងក្រុមគ្រូពេទ្យបានយកសាកសពពលរដ្ឋនៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ទៅបូជានៅក្បែរជើងភ្នំ ទំនងជាប្រថុចញ៉ុចពេក ខណៈរដ្ឋបាលខេត្តមិនទាន់សង់ប៉ាឆាសម្រាប់ទុកបូជាសពរួចរាល់នៅឡើយ។
តែយ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនោះអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធនិងក្រសួងសុខាភិបាលគួរតែរៀបចំសង់ប៉ាឆាបូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩នេះ នៅទីកន្លែងណាមួយឆ្ងាយពីពលរដ្ឋ និងមានស្តង់ដារ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាននិងសុខភាពពលរដ្ឋជាដើម។
លោកអំពាវនាវដូច្នេះថា៖ «អាជ្ញាធរគួរតែរៀបចំកន្លែងបូជាសពមួយ ដើម្បីបូជាសព [ស្លាប់ដោយកូវីដ-១៩] ឱ្យមានភាពសមរម្យដែរ ព្រោះថា អ្នកដែលកើតជំងឺកូវីដធម្មតា ក៏មានការព្រួយបារម្ភ ក៏មានការភ័យខ្លាចពីប្រជាពលរដ្ឋដែរ»។
អភិបាលខេត្តកំពត លោក ជាវ តាយ មានប្រសាសន៍ថា សាកសពដែលស្លាប់ដោយជំងឺកូវីដ-១៩ ក្រុមការងារជំនាញមិនអាចយកទៅកប់ឬប្លុងចោល ដូចពលរដ្ឋឬអ្នកប្រើប្រាស់បណ្តាញសង្គមនិយាយរិះគន់នោះទេ។
ប៉ុន្តែលោកថា ដើមចមដែលនាំឱ្យអាជ្ញាធរនិងក្រុមគ្រូពេទ្យយកសពពលរដ្ឋចំនួន២នាក់ដែលឆ្លងជំងឺកូវីដ-១៩ ទៅបូជានៅក្បែរជើងភ្នំ ដោយសារតែរដ្ឋមិនទាន់ធ្វើមេរុ ឬប៉ាឆា សម្រាប់បូជាសពរួចរាល់នៅឡើយ ខណៈក្រុមការងារជំនាញ គ្រោងធ្វើឱ្យបានរួចរាល់នាពេលឆាប់ៗខាងមុខនេះ។
ទោះជាបែបនេះក្តី អភិបាលខេត្តរូបនោះបានបន្ទោសទៅពលរដ្ឋនិងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនថា បង្ហោះព័ត៌មានរិះគន់និងមួលបង្កាច់អាជ្ញាធរ រួមទាំងក្រុមគ្រូពេទ្យ ដោយមិនមានប្រភពច្បាស់លាស់ទៅវិញ ដោយលោកថា ក្រុមការងារបានយកសពទៅបូជាតាមបែបព្រះពុទ្ធសាសនានិងស្របតាមវិធានសុខាភិបាល។
លោកនិយាយថា៖ «គាត់និយាយ ដោយសារតែអ្នកបង្ហោះ [យកសពទៅប្លុងចោល] គាត់ច្បិចយកតែមួយជ្រុង។ តាមពិត គេធ្វើតាមវិធានសុខាភិបាល តែគាត់មិនយក [ព័ត៌មាន] ទាំងមូលមកផ្សព្វផ្សាយផង។ ក្រែងគាត់មានចេតនាវាយប្រហារ ចេតនាមួយមិនស្រប យើងធ្វើត្រឹមត្រូវ គាត់ថាមិនត្រឹមត្រូវ»។
កាលពីដើមខែមីនា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធររាជធានីភ្នំពេញនិងអាជ្ញាធរខេត្ត ត្រូវយកសពអ្នកជំងឺកូវីដ-១៩ ទៅបូជាឱ្យបានសមរម្យ បើសិនមានករណីស្លាប់ ដោយមិនត្រូវធ្វើការបញ្ចុះឡើយ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។
ក្រោយមក ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានសម្រេចផ្ដល់ជូនដីមួយកន្លែងទំហំជាង២ហិកតានៅក្នុងខេត្តតាកែវ សម្រាប់សាងសង់ឈាបនដ្ឋានឬកន្លែងបូជាសពអ្នកកើតជំងឺកូវីដ-១៩។
បន្ទាប់មកទៀត នៅដើមខែមិថុនា ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំដីទំហំ១០ហិកតា នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំឡតាមបែបបច្ចេកទេសទំនើប សម្រាប់បូជាសពអ្នកដែលកើតកូវីដ-១៩ផងដែរ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៥ ខែមិថុនានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣៣ ៦១៣នាក់ ក្នុងនោះ អ្នកជំងឺជាសះស្បើយចំនួន២៦ ០៧៨នាក់ ហើយអ្នកស្លាប់ចំនួន២៥២នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១ ០៥៣នាក់៕