អ្នក​​​​​ស្លាប់​ដោយ​វីរុស​កូវីដ-១៩​ ក្នុង​ព្រឹត្តិ​ការណ៍​សហ​គមន៍​២០​កុម្ភៈ​កើន​ឡើង​ដល់​៣០០​នាក់ ​​​​​ ​​​

ផ្លូវធ្វើដំណើរមួយកន្លែងស្ថិតនៅខណ្ឌដូនពេញ ត្រូវបានដាក់របាំងខ្សែហាមឃាត់ចេញចូលឆ្លងកាត់ អនុវត្តតាមគោលការណ៍រដ្ឋបាលរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

អ្នកជំងឺ១១នាក់បន្ថែមទៀតបានស្លាប់​ដោយវីរុសកូវីដ-១៩ ដែល​ធ្វើឱ្យចំនួនអ្នកស្លាប់ដោយវីរុសផ្លូវដង្ហើមមួយនេះសរុប​កើនឡើងដល់៣០០នាក់ ដោយគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក ដែលមានរយៈពេលជាង៤ខែប៉ុណ្ណោះ ខណៈអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៣៦ ០០០​នាក់ បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងថ្មីមានជាង៤០០នាក់បន្ថែមទៀត។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១១នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៤២៦នាក់ ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន៧៦០នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកន្លងមក ឱ្យដឹងថា មុនមានព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៥០០នាក់ប៉ុណ្ណោះ ប៉ុន្តែមិនមានករណីស្លាប់ដោយសារជំងឺផ្លូវដង្ហើមមួយនេះឡើយ។ ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍ជាលើកទី៣នេះ ករណីឆ្លងវីរុសកូវីដ-១៩នៅកម្ពុជាកើនឡើងយ៉ាងគំហុក ខណៈអ្នកស្លាប់ដោយជំងឺនេះក៏កើនឡើងរហូតដល់៣០០នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ។

​ជាមួយគ្នានេះ បើតាមក្រសួងជំនាញដដែលឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមិថុនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៣៦ ៦៦០​នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន២៩ ៨០៧នាក់ ​និងករណីនាំចូលពីក្រៅប្រទេសសរុប១ ២៤៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ