ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​​មណ្ឌល​គិរី​ ស្នើ​សាលា​ឧទ្ធរណ៍​ទម្លាក់​ចោល​ការ​សម្រេច​តុលាការ​ថ្នាក់ក្រោម

លោក ​គ្រឿង តុលា អ្នកសម្របសម្រួល​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ប្រចាំ​ខេត្តមណ្ឌលគិរី។ (ហ្វេសប៊ុក៖ Kroeurng Tola IP)

​តំណាងជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរី ស្នើសាលាឧទ្ធរណ៍ច្រានចោលសេចក្ដីសម្រេច​របស់​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ដែល​បង្គាប់ឱ្យគាត់​បង់​ប្រាក់​ជំងឺ​ចិត្ត​ទៅ​អភិបាលស្រុក​អូរ​រាំង និង​បង់ពិន័យចូលរដ្ឋ ក្រោយពីលោកបានរិះគន់អភិបាលស្រុករូបនោះ​លើ​បណ្ដាញ​សង្គម។​

បើតាមហ្វេសប៊ុករបស់តំណាងជនជាតិដើមភាគតិច លោក គ្រើង តុលា សរសេរកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ថា អភិបាលស្រុកអូររាំង លោក សៀក មុន្នី មានជាប់ពាក់ព័ន្ធអំពើពុករលួយ។

ហ្វេសប៊ុកលោក គ្រើង តុលា ៖ «អភិបាលស្រុកអូររាំង លោក សៀក មុន្នី ដែលទើបឡើងតំណែងថ្មីៗ ក្ដៅ​គូថឧណ្ហៗនៅឡើយ ពេលនេះបានបែកធ្លាយអំពើពុករលួយពីប្រជាពលរដ្ឋដែលមានដីទំហំជាង៣០០ហិកតា ​ស្ថិតនៅចំណុចទួលស្វាយ ឃុំពូរឡេះ ស្រុកអូររាំង ហើយបានយកលេសសុំលុយរដ្ឋមកសាងសង់ផ្លូវពីឃុំដាក់ដាំទៅទួលស្វាយ ប្រមាណជាង៣០គីឡូម៉ែត្រ ដើម្បីស្វែងរកទីផ្សារលក់ដូរអចលនទ្រព្យ។ ប្រជាពលរដ្ឋម្នាក់បានស្នើសុំឯកឧត្តម ស្វាយ សំអ៊ាង និងឯកឧត្ដម ជា សុផារ៉ា បង្កើតគណៈកម្មការស្រាវជ្រាវករណីនេះបន្ទាន់។ យើងខ្ញុំនឹងដាក់ពាក្យបណ្ដឹងទៅតុលាការនៅថ្ងៃខាងមុខ»។

ក្រោយពីលោក គ្រើង តុលា បានសរសេរផុសលើហ្វេសប៊ុកដូច្នេះ អភិបាលស្រុកអូររាំង លោក សៀក មុន្នី បាន​ដាក់ពាក្យបណ្ដឹងទៅតុលាការ​ ដោយ​ចោទ​លោក​ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ​»។ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេច​ឱ្យលោក គ្រើង តុលា ​បង់ប្រាក់ជំងឺចិត្តទៅអភិបាលស្រុកអូររាំង លោក សៀក មុន្នី ដែលជាដើមបណ្ដឹងចំនួន៤០ ០០០ ០០០ (សែសិបលាន) រៀល និងបង់ចូលរដ្ឋចំនួន៤លានរៀលទៀត ក្រោមបទចោទប្រកាន់ «បរិហារកេរ្តិ៍ជាសាធារណៈ»។

ដោយមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តមណ្ឌលគិរីនោះ លោក គ្រើង តុលា បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍។ នៅថ្ងៃទី១៥ ខែមិថុនានេះ សាលាឧទ្ធរណ៍បានបើកសវនាការសំណុំរឿងរបស់លោក គ្រើង តុលា ប្ដឹងជំទាស់ចំពោះសេចក្តីសម្រេចរបស់សាលាដំបូងខេត្តមណ្ឌលគិរី។

អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សដីធ្លី និងព្រៃឈើនៃបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក គ្រើង តុលា ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា មូលហេតុដែលលោកប្ដឹងជំទាស់ ដោយសារសេចក្ដីសម្រេចរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្ត​ ជារឿងអយុត្តិធម៌។ លោកស្នើឱ្យសាលាឧទ្ធរណ៍ទម្លាក់​ចោលបទចោទប្រកាន់លើរូបលោក ដោយសារអ្វីដែលគាត់សរសេរនោះ គ្រាន់តែជាការរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ។

លោកថា៖ «សម្រាប់ខ្ញុំ វាជារឿងអយុត្តិធម៌ហើយ គួរណាស់តែលើកទឹកចិត្តដល់សកម្មជនបរិស្ថាន សកម្មជនការពារដីរបស់រដ្ឋ គួរតែលើកទឹកចិត្ត មិនគួរដាក់ពាក្យបណ្ដឹង មិនគួរប៉ុនប៉ងអីផ្សេងៗគ្រប់បែបយ៉ាងទេ គួរតែរួមគ្នាលើកទឹកចិត្តដល់សកម្មជនទាំងអស់»។

លោក គ្រើង តុលា ចាត់ទុកបណ្ដឹងរបស់អភិបាលស្រុកដែលប្ដឹងរូបលោកថាជាការគំរាមកំហែង ខណៈលោកតែងតែរិះគន់ភាពអសកម្មរបស់អាជ្ញាធរ និងការកាប់បំផ្លាញព្រៃឈើ រួមទាំងការទន្ទ្រានយកដីរដ្ឋជាដើម។​ លោកបន្តថា ទោះបីរូបលោកធ្លាប់ទទួលរងការគំរាមកំហែង និងរងបណ្ដឹងជាច្រើនដែលអាជ្ញាធរប្ដឹងក្ដី ប៉ុន្តែលោកនៅតែមិនបញ្ឈប់សកម្មភាពការពារធនធានធម្មជាតិនោះទេ។

យ៉ាងណា ក្រោយពីសវនាការរយៈពេលជាង១ម៉ោងនៅថ្ងៃនេះ​ ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍បាន​សម្រេចប្រកាសសាលដីកាសំណុំរឿងនេះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ 

មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍  ដែលតាមដានសវនាការនៅថ្ងៃនេះ បង្ហាញក្ដីសង្ឃឹមថា តុលាការនឹងលើកលែងការចោទប្រកាន់លើលោក គ្រើង តុលា។  

លោកបន្តថា លោក តុលា គឺជាសកម្មជនការពារធនធានធម្មជាតិដ៏សកម្មនិងក្លាហាន ដោយហ៊ានប្ដឹងអាជ្ញាធរនិងមន្ត្រីទាំងឡាយណាដែលអសកម្មនិងប្រព្រឹត្តអំពើពុករលួយនៅក្នុងខេត្តមណ្ឌលគិរី ទោះបីជាត្រូវចំណាយថវិកាខ្លួនឯងក៏ដោយ។ 

លោកថា៖ «អ៊ីចឹងនេះគឺជាការតស៊ូមតិបែបថ្មីមួយ​​ដែលទាមទារឱ្យមានការលះបង់​ និងស្មោះត្រង់ចំពោះផ្លូវច្បាប់។ អ៊ីចឹងលោក គ្រើង តុលា មិនត្រឹមតែអ្នកការពារបរិស្ថានសកម្មទេ ​ថែមទាំងជាអ្នកការពារស្មោះត្រង់បំផុត​​ ពីព្រោះ​ហ៊ានដាក់ពាក្យបណ្ដឹងនៅក្នុងខេត្តមណ្ឌលគិរី ហើយ​មាន​ទាំងមន្ត្រីធំៗណាស់ដែលលោកបានដាក់ពាក្យបណ្ដឹង ដោយប្ដឹងបរិហារ»។

លោក គ្រើង តុលា ដែលជាជនជាតិដើមភាគតិចពូនង បានចូលរួមការពារធនធានធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរី ចាប់តាំងពីឆ្នាំ២០១៤ រហូតមក​ដល់បច្ចុប្បន្ននេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ