អ្នកជំងឺ៧នាក់ទៀតបានស្លាប់ដោយជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងជាង៣៦០នាក់ ខណៈអ្នកឆ្លងថ្មីមានជិត៧០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៤០ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន៧នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៦៩៣នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន៧៥៤នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៤០ ១៥៧នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន៣៤ ៣២៥នាក់ អ្នកស្លាប់សរុប៣៦៨នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១ ៤៨៦នាក់៕