អាមេរិក​ផ្តាច់​ជំនួយ​គម្រោង​ព្រៃ​ឡង់​បៃតង​ ក្រោយ​អាជ្ញាធរ​បំបិទ​សំឡេង​អ្នក​ការពារ​និង​​ព្រៃឈើ​​នៅ​​​រង​​ការ​​​​កាប់​​​​បំផ្លាញ​

រថយន្តដឹកឈើដឹកជញ្ជូនឈើនៅក្នុងព្រៃឡង់ខេត្តក្រចេះ កាលពីដើមឆ្នាំ ២០១៩។ (អ៊ូច ឡេង)

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្តាច់ជំនួយពីរដ្ឋាភិបាលកម្ពុជា​លើគម្រោង«ព្រៃឡង់បៃតង» ឆ្លើយតបនឹងវិធានការរបស់រដ្ឋាភិបាលដែល​បិទខ្ទប់សំឡេងនិងសកម្មភាព​សកម្មជនការពារព្រៃឈើមិនឱ្យចូលល្បាតបទល្មើស​នៅតំបន់ព្រៃឡង់ ហើយព្រៃឈើក្នុងតំបន់ការពារមួយនេះនៅបន្តរងការកាប់បំផ្លាញ។

សហរដ្ឋ​អាមេរិកតាមរយៈទីភ្នាក់ងារ USAID និងក្រសួងបរិស្ថាន បានកំពុងអនុវត្តគម្រោងមួយឈ្មោះថា «ព្រៃឡង់បៃតង» ដែលមានរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៨ ដល់២០២៣ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យជីវសាស្ត្រចម្រុះដ៏សម្បូរបែបនៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ត្រូវបាន​អភិរក្ស។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គមហ្វេសប៊ុក​របស់​ខ្លួន​នៅ​​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ២០២១ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឱ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាលនៅក្រោមគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID។

ស្ថានទូតបានលើកឡើងថា កន្លងមក សហរដ្ឋអាមេរិកសម្តែងនូវកង្វល់ម្តងហើយម្តងទៀតអំពីការកាប់បំផ្លាញព្រៃឈើ ដែលនៅតែកើតមានច្រើននៅក្នុងតំបន់ការពារ ពិសេសនៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ ជាទីដែលទីភ្នាក់ងារជំនួយអាមេរិក USAID បានចំណាយធនធានជាច្រើនដើម្បីចូលរួមការពារ។

ស្ថានទូតបន្តទៀតថា អាមេរិកបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាច្រើនថែមទៀតរវាងរដ្ឋាភិបាលកម្ពុជា សហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ក្នុងការរកដំណោះស្រាយការពារព្រៃឡង់និងបេតិកភណ្ឌធម្មជាតិរបស់កម្ពុជា ដើម្បីជាប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងអស់គ្នានិងពិភពលោកផងដែរ។

សេចក្តីថ្លែងការណ៍ដដែលនេះ ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦​មក បើទោះបីជាមានការគាំទ្ររបស់ទីភ្នាក់​ងារ​ជំនួយ​អាមេ​រិក USAID ដើម្បីឱ្យមានការដើរល្បាត ការបណ្តុះបណ្តាលដល់ផ្នែកអនុវត្តច្បាប់ជាច្រើន និងការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងតំបន់ការពារថ្នាក់ជាតិក៏ដោយ ក៏​តំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅតែបន្តបាត់បង់ដដែល ដោយមានផ្ទៃដីព្រៃប្រមាណ៣៨ ០០០ហិកតា ស្មើជិត៩ភាគរយនៃគម្របព្រៃឈើនៅទីនោះ។

ស្ថានទូតឱ្យដឹង​ថា ការកាប់ឈើខុសច្បាប់នៅតែបន្តមាននៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃព្រៃឡង់ ហើយអាជ្ញាធរ​កម្ពុជាមិនបានធ្វើការកាត់ទោសចំពោះអ្នកប្រព្រឹត្តបទល្មើសសត្វព្រៃ ឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះឡើយ។ លើសពីនេះទៀត អាជ្ញាធរបានបន្តបំបិទសំឡេង​និងធ្វើទុក្ខបុកម្នេញដល់សហគមន៍មូលដ្ឋាននិងសង្គមស៊ីវិលដែលជាដៃគូក្នុងការចូលរួមទប់ស្កាត់បទល្មើសថែមទៀត។

ស្ថានទូតបញ្ជាក់ថា ដោយសារបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយ ទើបសហរដ្ឋអាមេរិកសុំបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាលនៅក្រោមគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID ហើយជំនួយ​នេះនឹងត្រូវបង្វែរទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងាររបស់សហគមន៍មូលដ្ឋាន ដើម្បីកែលម្អមុខរបរប្រកបជីវភាពរស់នៅ និងពង្រីកកសិកម្មដែលមិនប៉ះពាល់បរិស្ថានវិញ។

បើតាមស្ថានទូត គឺសហរដ្ឋអាមេរិកបានចំណាយថវិកាចំនួនជាង១០០លានដុល្លារលើកម្មវិធីមួយចំនួន ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព បង្វែរនិន្នាការនៃបម្រែបម្រួលអាកាសធាតុ និងអភិរក្សសត្វព្រៃនិងជីវសាស្រ្តចម្រុះនៅកម្ពុជា​សម្រាប់មនុស្សជំនាន់ក្រោយ តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID។ 

ពាក់ព័ន្ធអាមេរិកផ្តាច់ជំនួយនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ​នេត្រ ភក្ត្រា មានប្រសាសន៍ថា ការបញ្ចប់គម្រោង«ព្រៃឡង់បៃតង»ដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិកនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅពេលនេះ បានបង្ហាញថា ក្រសួងបរិស្ថានក្នុងនាមសេនាធិការ​រាជរដ្ឋាភិបាលនិងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវ និងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងភាពជាម្ចាស់ក្នុងការបំពេញ​តួនាទីនិងភារកិច្ចរបស់ខ្លួនលើការការពារនិងអភិរក្សធនធានធម្មជាតិ ដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។

លោក នេត្រ ភក្ត្រា អះអាងថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងនៅតំបន់ការពារធម្មជាតិផ្សេងទៀត លែងកើតមានទៀតហើយ ដោយនៅមានតែបទល្មើសទ្រង់​ទ្រាយ​តូចៗ​ប៉ុណ្ណោះ ដែលក្រសួង​និងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។

អ្នកនាំពាក្យរូបនេះបន្តថា​ ក្រសួងបរិស្ថាននឹងបន្តបេសកកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជាតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ 

លោក នេត្រ ភក្ត្រា​ បន្តថា កម្ពុជាមានឱកាសពេញលេញក្នុងការគិតគូររៀបចំការអភិរក្សធនធានធម្មជាតិរបស់ខ្លួន ហើយថា ដោយសារតែការខិតខំការពារនិងអភិរក្សមានភាពល្អប្រសើរ គឺកម្ពុជាបានទទួលជោគជ័យលើការលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិ ស្ថានភាពជីវភាពពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិចាប់ផ្តើមមានភាពល្អប្រសើរ ផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងជម្រើសថ្មីក្នុងមុខរបររបស់ខ្លួន។

មន្ត្រីគម្រោងតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្តាញយុវជន​កម្ពុជា លោក សាន់ ម៉ាឡា មានប្រសាសន៍ថា ការផ្តាច់ជំនួយរបស់សហរដ្ឋមេរិកជារឿងត្រឹមត្រូវ ដោយលោកថា ករណីក្រសួងបរិស្ថាន​ហាមនិង​ធ្វើទុក្ខបុកម្នេញលើសកម្មជនបរិស្ថាន អង្គការសង្គមស៊ីវិល​ និងប្រជាសហគមន៍មូលដ្ឋាន មិនឱ្យចូលល្បាតតំបន់ការពារព្រៃឡង់នោះ គឺជាការបើកឱកាសឱ្យជនល្មើសចូលកាប់បំផ្លាញព្រៃឈើក្នុងតំបន់មួយនេះ។

លោកបន្ថែមថា៖ «ការរឹតត្បិតរបស់ក្រសួង គឺជាឱកាសមាសមួយសម្រាប់ក្រុមអ្នកកាប់បំផ្លាញព្រៃឈើ ដោយ​សារតែនៅក្នុងព្រៃលែងមាន​សកម្មភាពល្បាត ការបំបួស ឬក៏ការធ្វើទស្សនកិច្ចសិក្សានានារបស់ក្រុមយុវជន។ ដូច្នេះហើយក្រុមកាប់បំផ្លាញព្រៃឈើ ពួកគេអាចចូលទៅកាប់បំផ្លាញព្រៃឈើបានយ៉ាងសេរី ដែលនេះជាអ្វីដែលបានកើតឡើងពេលកន្លងមក ដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងចំពោះពួកយើងទាំងអស់គ្នាក្នុងនាមជាអ្នកធ្វើការពាក់ព័ន្ធរឿងព្រៃឈើ»

លោក ហឿន សុភាព ជាសកម្ម​ជន​ព្រៃ​ឡង់ និង​ជា​អ្នកសម្របសម្រួល​បណ្តាញ​ព្រៃ​ឡង់​ប្រចាំ​ខេត្តកំពង់ធំ ប្រាប់ វីអូឌី កាលពីម្សិលមិញថា ចាប់តាំងពីក្រសួងបរិស្ថានហាមឃាត់មិនឱ្យបណ្ដាញព្រៃឡង់និងអង្គការសង្គមស៊ីវិលធ្វើសកម្មភាពចូលព្រៃឡង់មក ​គឺសកម្ម​ភាព​កាប់និង​​ដឹកឈើ​ចេញពី​​តំបន់​ព្រៃ​ឡង់​​បន្ត​កើតមាន​ស្ទើរ​រាល់ថ្ងៃ។

សកម្មជនព្រៃឡង់រូបនេះបានទាមទារទៅក្រសួងបរិស្ថានបញ្ឈប់ការធ្វើទុក្ខបុកម្នេញនិងអនុញ្ញាតឱ្យពួកគេបានចូលល្បាតព្រៃឡង់ឡើងវិញ ដោយថា ដើម្បីធានាពីការការពារធនធានធម្មជាតិនៅក្នុងតំបន់ការពារមួយនេះមានប្រសិទ្ធភាព។

កាល​ពី​ចុង​ខែ​កុម្ ភៈឆ្នាំ២០២១ អង្គការ​លើក​លែង​ទោស​អន្តរជាតិ ​(Amnesty International) បាន​បង្ហាញ​​ការ​រក​ឃើញ​ថ្មី​មួយ​អំពី​ការ​បន្ត​កាប់​ឈើនៅព្រៃឡង់​ទ្រង់​ទ្រាយ​ធំ​ ខណៈ​ការ​ចុះល្បាត​ព្រៃ​របស់​ប្រជា​សហគមន៍​ត្រូវ​បាន​ហាមឃាត់​។ អង្គការ​អន្តរ​ជាតិ​មួយ​នេះ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា​ ព្រៃឡង់​ដែល​មាន​ផ្ទៃ​ក្រឡា​ប្រមាណ​កន្លះ​លាន​ហិកតា​ ស្ថិត​ក្នុង​«ហានិភ័យ​ធ្ងន់​ធ្ងរ»។

អង្គការអន្តរ​ជាតិ​នេះបានជំរុញ​ទៅអាជ្ញាធរ​កម្ពុជាអនុ​ញ្ញាតឱ្យប្រជា​សហគមន៍និង​សកម្មជន​បរិស្ថាន​អាច​ចូល​រួម​ការពារ​​បរិស្ថាន​វិញ ដើម្បីកុំ​ឱ្យ​​​បន្ត​បាត់​បង់​ព្រៃ​ឈើ​ដ៏​វិសេសមួយនេះ ដែល​មាន​ប្រជាជន​ប្រមាណ​​២៥​​ម៉ឺន​នាក់​កំពុង​រស់​នៅ​ក្នុង​តំបន់និង​ក្រៅ​តំបន់​ការ​ពារ។

គួរ​បញ្ជាក់​ថា​ ព្រៃឡង់​មាន​ផ្ទៃដី​ប្រមាណ៥០​ម៉ឺន​ហិកតា ​ដោយ​គ្របដណ្តប់​ខេត្ត​ចំនួន​៤ ​រួមមាន ព្រះ​វិហារ ​កំពង់ធំ​ ក្រចេះ ​និង​ស្ទឹង​ត្រែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ