World Bank៖​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​​អាស្រ័យ​លើ​សភាព​របស់​វីរុស​និង​ល្បឿន​នៃ​ការ​ចាក់​​វ៉ាក់សាំង

ពលរដ្ឋធ្វើចរាចរណ៍តាមដងវិថីមួយកន្លែងក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ មករា ២០២០)

ធនាគារពិភពលោក (World Bank) បាននិយាយថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នេះ គឺអាស្រ័យស្ទើរតែទាំងស្រុងទៅលើសភាពនៃការរាលដាលនៃវីរុស និងល្បឿន​នៃការ​ចាក់​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩។

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ក្រោមចំណងជើងថា «ដំណើរឆ្ពោះ​ទៅការ​រើបឡើងវិញ» ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនា របស់​ធនាគារ​ពិភព​លោក (World Bank) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើប​ឡើងវិញបន្តិចម្តងៗហើយ​ ជាមួយ​ការ​ព្យាករ​ទុកថា វា​​នឹង​ទទួល​បាន​កំណើន​ជិត​ ៤ភាគរយ ក្នុង​ឆ្នាំ​២០២១ បន្ទាប់​ពី​រួញទំហំ​អស់​ ៣,១​ភាគរយ​ កាលពី​ឆ្នាំ២០២០។

ក៏ប៉ុន្តែរបាយការណ៍នេះ ក៏បានពិនិត្យមើលសេណារីយ៉ូអវិជ្ជមានដែរ ថាបើកម្មវិធីចាក់វ៉ាក់សាំងមានសភាពយឺតយ៉ាវ ហើយវិធានការបិទខ្ទប់ទូទាំងប្រទេសនៅតែមានភាពញឹកញាប់និងអូសបន្លាយយូរនោះ ការព្យាករ​កំណើនសេដ្ឋកិច្ចនេះ គឺមានត្រឹមតែ ១​ភាគរយ ប៉ុណ្ណោះ នៅឆ្នាំ​២០២១។

ប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា លោកស្រី អ៊ិនហ្គូណា ដូប្រាចា មាន​ប្រសាសន៍ថា៖ «ដូចប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែរ កម្ពុជាបានរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃតម្រូវការ​លើសកលលោកដោយសារតែកូវីដ-១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់​ថា កម្ពុជា​បាន​ចាក់​វ៉ាក់សាំងឱ្យ​មនុស្សក្នុងប្រទេសបានជាង៣លាននាក់រួចហើយ ដែលជាអត្រាខ្ពស់មួយនៅក្នុងតំបន់»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែឧសភា បានប្រកាសថា កម្ពុជាមាន​គម្រាង​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាដំណាក់កាលៗដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ឱ្យបាន១០លាននាក់ នៅត្រឹមចុងឆ្នាំ២០២១ ឬ​ដើមឆ្នាំ២០២២ខាងមុខ។ ហើយបើគិតត្រឹមថ្ងៃទី១៧ ខែមិថុនា ម្សិលមិញ កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ​លើកទី១ ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួនបានចំនួន៣ ១៩៩ ៦៤២នាក់ហើយ។

បើតាមធនាគារពិភពលោក ខណៈដែលវិស័យមួយចំនួន​មាន​ការរីកចម្រើន ផ្នែកដទៃទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។ វិស័យ​កសិកម្ម​នៅរក្សា​ភាពធន់​បាន​គួរសម ដោយសារតែមានតម្រូវការខ្លាំង អមដោយ​ការ​នាំចេញក្រោមកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីដែលកម្ពុជានិងចិនបានចុះហត្ថលេខាជាមួយគ្នា។

ចំណែកផ្នែកឧស្សាហកម្មផលិត​វិញ របាយការណ៍ថា ក៏​បាន​រើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវ​សម្របខ្លួន​ទៅតាម​លក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។ រីឯអាជីវកម្ម​បោះដុំ​និង​លក់រាយ​ បាន​ប្រឹងរើបឡើងវិញ​យឺតៗដែរ នៅពេលដែលសកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុកងើបឡើងវិញបន្តិចម្តងៗ។ ផ្ទុយទៅវិញ ផ្នែកនានានៃវិស័យសេវា ដូចជា ​ផ្នែក​ស្នាក់នៅ ភោជនីយ​ដ្ឋាន និង​ផ្នែកដឹកជញ្ជូន នៅតែបន្តរងការ​ប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃទេស​ចរណ៍​ក្នុងស្រុក​និង​អន្តរជាតិ។ ការវិនិយោគផ្ទាល់​ពីបរទេសនៅតែហូរចូល​ឥតដាច់ ព្រម​ទាំង​ជួយ​ទ្រ​ទ្រង់​ដល់​វិស័យ​ក្រៅប្រទេស​ផង​ដែរ។

របាយការណ៍បច្ចុប្បន្នភាពនេះ ផ្តល់អនុសាសន៍ថា កម្ពុជាគួរតែចាត់វិធានការភ្លាមៗដើម្បីលើកកម្ពស់ភាពជឿជាក់របស់ទីផ្សារ តាមរយៈការពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ទន្ទឹមគ្នានឹងការប្រឹងប្រែងទប់ស្កាត់ការឆ្លងវីរុសនិងការស្លាប់ឱ្យមានប្រសិទ្ធភាពបន្តទៀត។

ដោយសារតែកម្ពុជានៅមានសមត្ថភាពហិរញ្ញវត្ថុល្មមដែរ របាយការណ៍នេះថា រដ្ឋាភិបាល​អាច​​បន្តការគាំទ្រដល់កម្មវិធីសង្គ្រោះ ស្តារឡើងវិញ និងកំណើន ដោយធ្វើការកែលម្អបរិយាកាស​ធុរកិច្ចនិងវិនិយោគ ផ្តល់កម្មវិធីគាំពារសង្គម និងជំរុញការវិនិយោគសាធារណៈ និង​កំណើនសេដ្ឋកិច្ចដែលគិតគូរដល់អ្នកក្រីក្រ។ ដើម្បីរក្សាបានស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ ជារឿងសំខាន់មួយដែរ ដែលអាជ្ញាធររដ្ឋាភិបាលត្រូវបន្តតាមដានឱ្យបានដិតដល់លើភាពងាយរងគ្រោះ ដែលអាចបណ្តាលមកពីការពុះកញ្ជ្រោលយូរពេករបស់វិស័យអចលនទ្រព្យ និងការផ្តល់ឥណទានកាន់តែច្រើនឡើងចំពោះវិស័យសំណង់។

គួរជម្រាបជូនថា កាលពីឆ្នាំ២០២០ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះដល់ -៣,១% ដែលជាអត្រាធ្លាក់ចុះមិនធ្លាប់មាន បន្ទាប់ពីបានស្គាល់កំណើនក្នុងរង្វង់ជាមធ្យម ៧% ក្នុងរយៈពេលជិត១ទសវត្សរ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ