អ្នកជំងឺ២០នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមិថុនា ម្សិលមិញនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងជាង៤០០នាក់ និងជាចំនួនដែលស្លាប់ច្រើនជាងគេនៅក្នុងមួយថ្ងៃ។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ចំនួន២០នាក់ទៀតបានស្លាប់កាលពីម្សិលមិញ ដែលធ្វើឱ្យអ្នកស្លាប់ដោយសារជំងឺនេះបានកើនដល់៤១៤នាក់ហើយ។ ចំណែកអ្នកឆ្លងថ្មីមានចំនួន៤៧១នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសមានចំនួន៤៥នាក់ ខណៈអ្នកជំងឺដែលព្យាបាលជាសះស្បើយមានចំនួន៩២៨នាក់។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកជំងឺដែលនាំចូលពីក្រៅប្រទេសទាំង៤៥នាក់នោះ គឺមនុស្ស៧នាក់ ត្រូវបានរកឃើញមានវីរុសបំប្លែងខ្លួនថ្មីដែលមានប្រភពពីប្រទេសឥណ្ឌា។
អ្វីជាការកត់សម្គាល់ ចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺក្នុងមួយថ្ងៃមានអ្នកស្លាប់ចន្លោះពី៧នាក់ កើនដល់២០នាក់។ គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៤២ ០៥២នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន១ ៦៦២នាក់ ខណៈអ្នកជាសះស្បើយសរុប៣៦ ៨៦៨នាក់ និងស្លាប់ដោយសារជំងឺនេះចំនួន៤១៤នាក់។
កាលពីថ្ងៃទី១៨ ខែមិថុនា ម្សិលមិញ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកដំណើរចំនួន៧នាក់ដែលទើបត្រឡប់មកពីប្រទេសថៃ មានវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ B.1.617-2 (Delta) ដែលមេរោគថ្មីនេះមានកម្លាំងវាយប្រហារពី៥១% ទៅ៦៧%។ ក្នុងចំណោមអ្នកដំណើរទាំង៧នាក់ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យម្នាក់ ខេត្តឧត្តរមានជ័យ ២នាក់ សៀមរាប ២នាក់ កំពង់ចាមម្នាក់ និងខេត្តកំពតម្នាក់។ បច្ចុប្បន្ន ពួកគេត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តនីមួយៗក្នុងបន្ទប់ដាច់ដោយឡែកតែម្នាក់ឯង។
ក្រសួងសុខាភិបាលអំពាវនាវប្រជាពលរដ្ឋទាំងអស់ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ” រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យគ្រប់ចំនួន១៤ថ្ងៃ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ទ្រង់ទ្រាយធំ ដោយសារវីរុសកូវីដ-១៩បំប្លែងថ្មី ប្រភេទ B.1.617-2 (Delta) មានកម្លាំងវាយប្រហារពី៥១% ទៅ៦៧%៕