លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​១៤​ថ្ងៃ ក្រោយ​ពាក់ព័ន្ធ​អ្នក​ជំងឺកូវីដ​១៩

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​សារ​ពិសេស​ទៅកាន់​បងប្អូន​ជនរួមជាតិ ទាក់ទិនទៅនឹង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ និង​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​គេហដ្ឋាន​លោក​ផ្ទាល់​ក្នុង​ក្រុង​តាខ្មៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​លុបចោល​ជំនួប​ទាំងអស់ ចាប់ពីថ្ងៃទី​១៩ ខែ​មិថុនា ដល់​ថ្ងៃទី​៣ ខែ​កក្កដា បន្ទាប់ពី​លោក​ត្រូវធ្វើ​ចត្តាឡីស័ករយៈ​ពេល​១៤ថ្ងៃ ក្រោយ​ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នកកើត​ជំងឺកូវីដ១៩​។

លោកនាយក​រដ្ឋមន្ត្រី បាន​សរសេរ​នៅលើ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅល្ងាច​ថ្ងៃសៅរ៍​នេះ​ថា ក្រុមគ្រូពេទ្យ​បាន​តម្រូវ​ឱ្យលោក​ធ្វើតេស្ត​និង​ធ្វើចត្តាឡីស័ក​រយៈពេល​១៤ថ្ងៃ ចាប់ពី​ល្ងាច​ថ្ងៃទី​១៩ ខែ​មិថុនា រហូត​ដល់ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២១ បន្ទាប់ពី​លោក​បាន​ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នកកើត​ជំងឺកូវីដ១៩​។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា តើ​អ្នកជំងឺ​រូបណា និង​នៅ​ទី​ណា​នោះ​ទេ​។

លោក​នាយករដ្ឋមន្ត្រី ក៏​បាន​សូមអភ័យទោស​ដែល​ត្រូវ​លុប​ចោល​កម្មវិធី​ជួបជុំ​ទាំងអស់​ដែល​បាន​គ្រោងទុក រាប់​ទាំង​ការ​ជួបផ្ទាល់ ទាំងការ​ជួប​តាមវីដេអូ ជាពិសេស​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេសអង់គ្លេស​ដែល​គ្រោងធ្វើ​នៅព្រឹក​ថ្ងៃទី​២៣ ខែ​មិថុនា ខាង​មុខ​នេះ​។

តែ​ទោះជា​យ៉ាងនេះក្តី លោក​នាយករដ្ឋមន្ត្រីអ​ះអាងថា លោក​នៅតែ​បំពេញ​ការងារជា​ធម្មតា​ជាមួយ​គ្រប់ស្ថាប័ន​ទាំង​ស៊ីវិល ទាំងកង​កម្លាំង​ប្រដាប់​អាវុធ រាប់​ទាំងការ​ប្រជុំតាម​ ZOOM ផង ដោយសារ​បច្ចេកទេស​នេះ​មិន​តម្រូវ​ឱ្យ​មាន​មនុស្ស​ចូល​មក​ជិត​លោក​នោះ​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ