អាជ្ញាធរ​គ្រឿង​ញៀន​គ្រោង​បញ្ជូន​ជន​សង្ស័យ​៤​នាក់​ទៅ​តុលាការ​​ករណី​បន្លំ​ខ្លួន​ជា​​នគរ​បាល​ចាប់​ជំរិត​ពលរដ្ឋ​

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនក្រុមជនទុច្ចរិតក្លែងបន្លំជាមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយលួចធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋ ជំរិតយកប្រាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យចំនួន៤នាក់ទៅតុលាការព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីបន្លំខ្លួនជាមន្ត្រីនគរបាលលួចធ្វើសកម្មភាពចាប់ពលរដ្ឋជំរិតទារប្រាក់នៅក្នុងរាជធានីភ្នំពេញ។

អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់ វីអូឌី នៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១នេះថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅចំណុចភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ដែលបន្លំជាមន្ត្រីនគរបាល លួចធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋជំរិតយកប្រាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកថា ជនសង្ស័យទាំង៤នាក់នោះ រួមមាន ឈ្មោះ កេត វីរីយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ដែលសង្ស័យជាមេខ្លោងផ្តើមគំនិត ទី២-ឈ្មោះ សយ តុលា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ជាអ្នកសមគំនិត ទី៣-ឈ្មោះ ផាន់ វីរ:ភក្តី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ជាអ្នកសមគំនិត និងទី៤-ឈ្មោះ សល់ ភារៈ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ ជាអ្នកសមគំនិត។

ក្រៅពីឃាត់ខ្លួននោះ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរឹបអូសសម្ភារប្រព្រឹត្តបទល្មើសមួយចំនួនទៀត រួមមាន រថយន្ត ១គ្រឿង, ម៉ូតូ ២គ្រឿង, អាវុធខ្លី (ជ័រ) ១ដើម, កាតសម្គាល់អាវុធខ្លី ១សន្លឹក, វិទ្យុទាក់ទងម៉ាក់ម៉ូតូរ៉ូឡា ១គ្រឿង, ឯកសណ្ឋាននគរបាល ២កំប្លេ និងអាវ ១, មួកនគរបាល ១, អាវក្រោះ ១ មានផ្លាកសញ្ញាគ្រឿងញៀន, អាវកាក់ ១ មានផ្លាកសញ្ញាគ្រឿងញៀន, កាតនគរបាលក្លែងក្លាយ ចំនួន៣សន្លឹក, កាតសារព័ត៌មានកំពង់សោមប៉ុស្តិ៍ ១សន្លឹក, ឧបករណ៍តេស្ត​រកសារធាតុញៀន ១តេស្ត និងកាតកម្លាំងមូលដ្ឋានសម្ងាត់ក្លែងក្លាយ ២សន្លឹក​ ជាដើម។

បន្ថែមពីនេះ អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ បានបញ្ជាក់ថា សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យទាំង៤នាក់ខាងលើទៅតុលាការព្រឹកស្អែក ទី២១ ខែមិថុនា ដើម្បីចាត់វិធានការច្បាប់បន្ត ខណៈមនុស្សដែលពាក់ព័ន្ធ​ជនសង្ស័យទាំង៤នាក់នេះ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនបញ្ជូនទៅតុលាការផងដែរ។

លោកមានប្រសាសន៍ថា៖ «ស្អែកបញ្ជូនទៅព្រឹកហើយ គ្រប់៨ម៉ោង! ព្រោះយើងធ្វើឯកសាររួចហើយ និងសម្ភារមានឡាន ម៉ូតូអី យើងនឹងបញ្ជូនទៅទាំងអស់។ ពួកវាបន្លំចុះចាប់ពលរដ្ឋធ្វើតេស្តទឹកនោម ទារលុយរួចលែងវិញ ហើយចោទប្រកាន់គេថាប្រើគ្រឿងញៀនអីអ៊ីចឹងទៅ»។

លោកមានប្រសាសន៍ទៀតថា៖ «រឿងហ្នឹងកើតឡើងច្រើនដងហើយ តែយើងចុះចាប់អត់ទាន់។ ដល់លើកនេះ ពលរដ្ឋរាយការណ៍មកអធិការខណ្ឌដង្កោ ហើយអធិការរាយការណ៍មកមន្ទីរគ្រឿងញៀន។ យើងក៏សង្ស័យ ព្រោះយើងអត់បានចាត់មន្ត្រីចុះទៅទេ អ៊ីចឹងយើងចុះទៅចាប់ជាក់ស្តែងបានគ្នាវា៤នាក់។ បើតាមយើងសួរជនសង្ស័យ វាឆ្លើយថា មានគ្នា៣ទៅ៤នាក់ទៀត ហើយយើងកំពុងតាមរកចាប់ខ្លួនបន្ថែមទៀត»។

លោក ម៉ក់ ជីតូ អំពាវនាវទៅប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានដែលសង្ស័យលើមនុស្សមួយចំនួនពាក់ឯកសណ្ឋានបន្លំខ្លួនធ្វើជាមន្ត្រីនគរបាលឬមន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវរាយការណ៍ទៅអង្គភាពសាម៉ី ដើម្បីចុះស្រាវជ្រាវថាពួកគេជាមន្ត្រីពិតប្រាកដ ឬក្លែងបន្លំ ឬមានការបញ្ជាពីថ្នាក់លើឱ្យចុះបង្ក្រាបជនល្មើសតាមមូលដ្ឋានដែរឬយ៉ាងណា ទើបទប់ស្កាត់បញ្ហាប្រឈមនានាបានផលវិជ្ជមាន និងកុំឱ្យប៉ះពាល់ដល់មុខមាត់អង្គភាពសាម៉ីជាដើម។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ជំរុញទៅអាជ្ញាធរពង្រឹងការអនុវត្តច្បាប់និងដាក់ទោសទណ្ឌជនដែលប្រព្រឹត្តឱ្យបានធ្ងន់ធ្ងរ ដើម្បីកុំឱ្យរឿងនេះកើតឡើងបន្តទៀតនៅថ្ងៃខាងមុខ ធ្វើឱ្យពលរដ្ឋមានការភ័យខ្លាចពីសន្តិសុខនិងសុវត្ថិភាពជាដើម។

លោកជំរុញដូច្នេះថា៖ «ត្រូវតែមានការដាក់ទោសទណ្ឌឱ្យបានខ្លាំងក្លាចំពោះមនុស្សទាំងអស់ហ្នឹង កុំឱ្យ​បញ្ហានេះវាកើតឡើងម្តងហើយម្តងទៀតនៅក្នុងសង្គមកម្ពុជា។ ហើយត្រូវតែមានការផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ ពីព្រោះពួកគេបានបង្កឱ្យមានអសន្តិសុខនិងអស្ថិរភាពនៅក្នុងសង្គមដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចច្រើន»។

របាយការណ៍របស់នាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ​​ឱ្យដឹងថា ក្នុងឆ្នាំ២០២០ សមត្ថកិច្ច​ជំនាញ​​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង​១ម៉ឺន​ករណី ក្នុង​នោះបាន​ចាប់ខ្លួន​មនុស្ស​ជាង២ម៉ឺន​នាក់ និង​គ្រឿងញៀនចំនួន៣ ១៨៩គីឡូក្រាម ​​និងសារធាតុគីមីផ្សំចំនួន៥ ០២៥គីឡូក្រាម។ ​​ចំនួន​នេះបានបង្ហាញពីការកើនឡើងប្រមាណ៤ដងនៃគ្រឿងញៀនដែលរឹបអូសបាន និងកើនឡើងប្រមាណ៥ភាគរយនៃចំនួនមនុស្សដែលត្រូវបានចាប់ខ្លួន បើធៀបនឹងឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ