ក្រសួងធនធានទឹក អំពាវនាវទៅប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ ដោយសារកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបនៃប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១នេះថា ស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ គឺរយៈពេលមួយសប្តាហ៍ខាងមុខ។
ក្រសួងបន្តថា តំបន់ដែលរងសម្ពាធទាំងនេះ រួមមាន បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី២៤ ទៅ២៦អង្សារសេ សីតុណ្ហភាពអតិបរមាមានពី៣៣ ទៅ៣៥អង្សារសេ និងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។ ទន្ទឹមនឹងនោះ ផ្នែកមួយចំនួននៃបណ្តាខេត្តភាគខាងក្រោម អាចមានភ្លៀងធ្លាក់ច្រើន។
ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាមានពី២២ ទៅ២៤អង្សារសេ សីតុណ្ហភាពអតិបរមាមានពី៣១ ទៅ៣៣អង្សារសេ និងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្យោយទៅមធ្យម និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី២៤ ទៅ២៦អង្សារសេ សីតុណ្ហភាពអតិបរមាមានពី៣១ ទៅ៣៣អង្សារសេ និងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។
ករណីនេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវទៅប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នបាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាន ជាពិសេសនៅតំបន់វាលទំនាបកណ្តាល៕