អ្នក​ជំនាញ​ថា ​បញ្ហា​ចម្បង​២ធ្វើ​ឱ្យ​អ្នក​រាយ​ការណ៍​ព័ត៌មាន​រង​ការ​ចាប់​ខ្លួន​​ជា​បន្ត​បន្ទាប់​

អ្នកសារព័ត៌មានចំនួន៨នាក់ត្រូវបានសមត្ថកិច្ច​ស្រុកត្បែងមានជ័យ ចាប់ឃាត់ខ្លួនដោយចោទពីបទ «កំហែងយក» បន្ទាប់ពីពួកគេរងការចោទថា បានជំរិតទារប្រាក់​ក្នុងម្នាក់ចំនួន១០០ដុល្លារ ពីម្ចាស់​​សិប្បកម្មឈើមួយកន្លែងនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

អ្នកជំនាញបង្ហាញការយល់ឃើញថា កត្តាចម្បងចំនួន២ដែលជំរុញឱ្យអ្នករាយការណ៍ព័ត៌មានត្រូវបានចាប់ខ្លួន​ជាបន្តបន្ទាប់ ដែលនោះគឺការអនុវត្តច្បាប់ខ្វះតម្លាភាព រួមទាំង​កំហុសវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានទាំងនោះ។

អ្នកសារព័ត៌មានចំនួន៨នាក់ ក្នុងនោះមានទាំងស្ត្រី២នាក់ផង ត្រូវបានតុលាការខេត្តព្រះវិហារបង្គាប់ឱ្យឃុំខ្លួនក្នុងពន្ធនាគារពីបទ «កំហែងយក» កាលពីថ្ងៃទី៥ ខែ​មិថុនា បន្ទាប់ពីពួកគេរងការចោទថា បានជំរិតទារប្រាក់​ក្នុងម្នាក់ចំនួន១០០ដុល្លារ ពីម្ចាស់​​សិប្បកម្មឈើមួយកន្លែងនៅចំ​ណុ​ចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ខណៈម្ចាស់សិប្បកម្មឈើនោះចរចាឱ្យ៥០ដុល្លារ មិនព្រមយក។

នៅថ្ងៃពុធនេះ អ្នករាយការណ៍ព័ត៌មាន៦នាក់ទៀតត្រូវបានតុលាការខេត្តកណ្តាលបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារ ក្រោយពីអាជ្ញាធរស្រុកមុខកំពូល ខេត្តកណ្តាល ចាប់ខ្លួនពួកគេកាលពីថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០២១។ អ្នកកាសែតទាំង៦នាក់នេះ ត្រូវបានតុលាការចោទពីបទ «កំហែងយកប្រាក់ចំនួន​១០០ដុល្លារ» ពីម្ចាស់​ហាងលក់កាហ្វេមួយកន្លែងស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ជាថ្នូរនឹងការមិនចុះផ្សាយរឿងម្ចាស់ហាងកាហ្វេនោះបើកល្បែងជល់មាន់​ខុសច្បាប់តាមប្រព័ន្ធអនឡាញ។

វិធានការចាប់ខ្លួន​អ្នករាយការណ៍​ព័ត៌​មានជា​បន្តបន្ទាប់​ក្នុង​ខែមិថុនានេះ ធ្វើឱ្យចំនួនអ្នករាយការណ៍ព័ត៌​មានដែល​រង​ការចោទប្រកាន់ពីបទ«កំហែង​យក​ប្រាក់​»នេះ បានកើន​ឡើងដល់១៤នាក់។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី និយាយថា រាល់សកម្មភាព រួមទាំងការប្តឹងអ្នកសារព័ត៌មាន គួរតែមានការស្រាវជ្រាវនិងស៊ើបអង្កេត​ឱ្យបានច្បា​ស់លា​ស់ ដើម្បីឱ្យការអនុវត្តច្បាប់​​ផ្តល់យុត្តិធម៌ដល់គ្រប់ភាគីដែលបានចូលរួមទប់ស្កាត់បទល្មើសនានាក្នុងសង្គម។

ប៉ុន្តែលោកថា បើអ្នកសារព័ត៌មានដែល​ចុះទៅរាយការណ៍នៅកន្លែងឈ្មួញរកស៊ីមិនស្របច្បាប់ ហើយ​រងនូវការ​ចាប់ខ្លួន ហើយ​អ្នករកស៊ីមិនស្របច្បាប់ រួមទាំងអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ បែរជា​មិនត្រូវបានវែក​មុខ​​យកមក​ផ្តន្ទាទោសតាមច្បាប់​ទេ នោះ​បង្ហាញថា ជារូបភាពគំរាមកំហែងដល់អ្នកសារព័ត៌មាន។

លោកថា៖ «ដូច្នេះហើយបានខ្ញុំទទូចឱ្យមានការពិនិត្យនិងយកចិត្តទុកដាក់ពីអាជ្ញាធរនៅកម្រិតជាតិ ដើម្បី​ពិនិត្យមើលឱ្យឃើញថា តើអ្នកសារព័ត៌មានដែលត្រូវបានចាប់ខ្លួនទាំងអស់ហ្នឹង ជនដែលអ្នកសារព័ត៌មានទៅជួបឬទទួលបានថវិកាពីជនទាំងអស់ហ្នឹង វាជាប់ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋផ្សេងៗនៅក្នុងមូលដ្ឋានហ្នឹង​យ៉ាងដូចម្តេច? ហើយថាតើវាមានជាប់ពាក់ព័ន្ធអីរវាងឈ្មួញហើយនិងមន្ត្រីនៅកម្រិតមូលដ្ឋាន​ទាំង​អស់​ហ្នឹង?»

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា កត់សម្គាល់ថា ជាទូទៅ ការចោទប្រកាន់អ្នកសារព័ត៌មាន ច្រើនពាក់ព័ន្ធនឹង​បទ«កំហែង​យក»។ លោកថា ក្លឹបអ្នកកាសែត ​ធ្លាប់បានអំពាវនាវរួចហើយថា ដើម្បីការពារ​អាជីពនេះ អ្នកសារព័ត៌មានមិនត្រូវទទួលយកលុយកាក់ឬសំណូកពីជនណាមួយនោះទេ ព្រោះវាស្មើនឹងហុចដាវឱ្យគេកាប់ដូច្នេះដែរ។

តែយ៉ាងណា លោកកត់សម្គាល់ថា កំណើននៃការចាប់ខ្លួន​អ្នកសារព័ត៌មាន​ជាបន្តបន្ទាន់​មកនេះ អាចមានកត្តាចម្បង២ គឺការមិនប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន និងតម្លាភាពនៃការអនុវត្តច្បាប់។

លោកថា៖ «ទន្ទឹមនឹងសុំឱ្យគាត់ [មន្ត្រីអនុវត្តច្បាប់] ពិនិត្យមើល[សកម្មភាព]ខុសច្បាប់មួយចំនួនដែលអ្នកកាសែតទៅពាក់ព័ន្ធហ្នឹង ក៏វាមានភាគីមួយទៀតគាត់ប្រព្រឹត្តខុសដែរ អ៊ីចឹងគួរ​​តែមានការស៊ើបអង្កេត ដើម្បីឱ្យច្បាស់ថា ទន្ទឹម​នឹង​ការចាត់វិធានការទៅលើអ្នកកាសែតដែ​លប្រព្រឹត្តខុសហ្នឹង ក៏សុំឱ្យគាត់ចាត់វិធានការទៅលើអ្នកផ្សេងទៀតដែលប្រព្រឹត្តខុសផងដែរ។ អ៊ីចឹងកុំដាក់វិធានការតែលើអ្ន​ក​កាសែត ហើយភាគីផ្សេងទៀតនោះឱ្យរួចខ្លួន អ៊ីចឹងយើងអត់បានជួយបញ្ហាសង្គមទេ»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា ក្រសួងមិនទាន់មានកិច្ចអន្តរាគមន៍ណាមួយ ដើម្បីជួយអ្នកសារព័ត៌មានដែលរងការចោទប្រកាន់ទាំងនោះទេ ដោយថា ទុកឱ្យស្ថាប័នអនុវត្តច្បាប់ដំណើរការនីតិវិធីនេះ។

លោកថា៖ «សូមបញ្ជាក់ថា អ្នកសារព័ត៌មានដែលអនុវត្តវិជ្ជាជីវៈសារព័ត៌មាន​ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ត្រូវធ្វើយ៉ាងណាគោរពទៅតាមច្បាប់និងគតិយុត្តិដែលមាន ប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវក្រមសីល​ធ​ម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ក្នុងករណីដែលអ្នកសារព័ត៌មានប្រព្រឹត្តខុស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។

ប្រធានសាលាដំបូង​ខេត្តព្រះវិហារ លោក យុត ពន្លឺ ប្រាប់ VOD នៅថ្ងៃពុធនេះថា លោកមិនទាន់ដឹងថា សំណុំរឿងអ្នកសារព័ត៌មាន​៨នាក់ដែលចៅក្រមបង្គាប់ឱ្យឃុំខ្លួនកាលពីដើមខែនេះ នឹងត្រូវបើកការជំនុំជម្រះនៅពេលណាពិតប្រាកដទេ។

ប៉ុន្តែនៅពេលសួរថា ក្រោយពីតុលាការបង្គាប់ឱ្យឃុំខ្លួនអ្នកសារព័ត៌មានទាំងនោះ​ពីបទ​«កំហែងយក​ប្រាក់»នេះ តុលា​ការ​មានបើកការស៊ើបអង្កេតទៅលើម្ចាស់សិប្បកម្មឈើដែលប្តឹងអ្នកកាសែតទាំងនោះ​ឬទេ? លោក យុត ពន្លឺ សុំមិនធ្វើអត្ថាធិប្បាយ។

លោកថា៖ «គេស៊ើបសួរចប់ បានគេជម្រះ! ទាក់ទងចៅក្រមកាន់រឿង បានដឹង! [លោកប្រធានដឹងថាចៅក្រមស៊ើប មានបានស៊ើបអង្កេតលើម្ចាស់សិប្បកម្មឈើដែលប្តឹង រហូតមានការចាប់ខ្លួនអ្នកកាសែតទាំងនោះទេ?] អត់យល់សំណួរហ្នឹងទេ! មានការអីមកជួបផ្ទាល់ទៅ អ្នកសារព័ត៌មាន​ដែលសម្ភាស​តាមទូរសព្ទហ្នឹង អត់យកជាការអីកើតទេ»។

កាលពីដើមឆ្នាំនេះ ស្ថាប័នចំនួន៤ រួមមាន សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ​(ខេមបូចា) មជ្ឈ​មណ្ឌល​កម្ពុជា ដើម្បីប្រ​ព័​ន្ធ​ផ្សព្វផ្សាយឯករាជ្យ​ (CCIM) ក្លឹប​អ្នកសារព័ត៌មា​នបរទេសនៃកម្ពុជា និងសហព័ន្ធអ្នកសារព័ត៌​មាន​អន្តរ​ជាតិ បានក​ត់​សម្គាល់ឃើញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២០ អ្នកសារព័ត៌មានចំនួ​ន៥៩​នាក់ បាន​ទទួល​​រងនូវការធ្វើ​ទុក្ខបុកម្នេញក្នុងរូបភាពផ្សេងៗ រួមមាន ការប្រើអំពើហិង្សា ការចាប់ខ្លួន និងការរងបណ្តឹងពីតុលាការ ក្នុងនោះ មានអ្នកសារព័ត៌មានចំនួន២៧នាក់ត្រូវបានចាប់ខ្លួន ៧នាក់ជាជនរងគ្រោះនៃការប្រើអំពើហិង្សា និងម្នាក់បានស្លាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ