កម្ពុជា​រក​ឃើញ​វត្តមាន​សត្វ​ឈ្លូស​យក្ស​ជា​លើក​ដំបូង​នៅ​​តំបន់​ការពារ​ធម្មជាតិ​ខេត្ត​រតនគិរី

សត្វ​ឈ្លូសយក្ស (Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោក ត្រូវបានរកឃើញតាមរយៈ​​ទិន្នន័យរូបភាពប្រមូល​បានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តរតនគិរី។ (ហ្វេសប៊ុក៖ Ministry of Environment)

កម្ពុជាបានរកឃើញវត្តមានសត្វ​ឈ្លូសយក្ស (Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោក នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តរតនគិរី។

រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក​ នេត្រ ភក្ត្រា បានបា្រប់អ្នកសារ​ព័ត៌​មាន​​​តាម​បណ្តាញ​សង្គម​តេឡេក្រាម នៅថ្ងៃនេះថា ការរកឃើញវត្តមានសត្វឈ្លូសយក្សនេះ គឺ​​តាមរយៈ​​ទិន្នន័យរូបភាពប្រមូល​បានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ។

លោក​​បានថ្លែងថា៖ «នេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា និងសម្រាប់ពិភពលោកទាំង​មូល ដែលប្រភេទសត្វកម្ររងគ្រោះជិតផុតពូជខ្លាំងបំផុតនេះ មានវត្តមាននៅក្នុងប្រទេសកម្ពុជា […] លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះពិតជាមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវចម្រុះនិងអ្នកបរិស្ថាន ហើយចាំបាច់យើងទាំងអស់គ្នាត្រូវចូលរួមការពារនិងអភិរក្សប្រភេទសត្វដ៏កម្រនេះឱ្យបានគង់វង្សក្នុងព្រៃកម្ពុជា»។

លោក នេត្រ ភក្ត្រា បន្ថែមថា តាមរយៈការសិក្សារកឃើញវត្តមានសត្វឈ្លូសយក្សនេះ ក្រសួងបរិស្ថាននឹងបញ្ចូលប្រភេទសត្វនេះ​ទៅក្នុងបញ្ជីជីវចម្រុះដែលមាននៅក្នុងប្រទេសកម្ពុជា។

លោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថាន ដែលដឹកនាំការស្រាវជ្រាវឧបត្ថម្ភគាំទ្រដោយក្រសួងបរិស្ថាន និងការិយាល័យស្រាវជ្រាវអភិរក្សសត្វព្រៃ (WildCRU) នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស បានថ្លែងថា សត្វឈ្លូសយក្ស ចូលចិត្តរស់នៅក្នុងព្រៃស្រោងនិងព្រៃពាក់​កណ្តាលស្រោង។ នៅអំឡុង​ទសវត្សរ៍ឆ្នាំ៩០ ស្នែងឈ្លូសយក្ស ត្រូវបានឃើញដាក់លក់នៅក្នុងភូមិដាច់ស្រយាលមួយនៃខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ប៉ុន្តែមិនដែលមានការរាយការណ៍ពីការឃើញខ្លួនវាដោយផ្ទាល់នោះទេ។

សត្វ​ឈ្លូសយក្ស (Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោក ត្រូវបានរកឃើញតាមរយៈ​​ទិន្នន័យរូបភាពប្រមូល​បានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តរតនគិរី។ (ហ្វេសប៊ុក៖ Ministry of Environment)
សត្វ​ឈ្លូសយក្ស (Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោក ត្រូវបានរកឃើញតាមរយៈ​​ទិន្នន័យរូបភាពប្រមូល​បានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តរតនគិរី។ (ហ្វេសប៊ុក៖ Ministry of Environment)

លោកបន្ត​​ថា៖ «ឈ្លូសយក្ស ជាប្រភេទឈ្លូសដែលមានមាឌធំជាងគេ អាចមានទម្ងន់លើសពី៣០គីឡូក្រាម​ក្នុងមួយក្បាល និងស្ថិតក្នុងចំណោមឈ្លូសទាំង១២ប្រភេទ ហើយលក្ខណៈខុសគ្នារវាងសត្វឈ្លូសយក្ស និងសត្វឈ្លូសធម្មតា ដែលមានវត្តមានស្ទើរតែនៅទូទាំងប្រទេសកម្ពុជាយើង ត្រង់ចំណុច៣សំខាន់ ទី១ ​ស្នែងសត្វឈ្លូសយក្សមានទំហំធំជាងស្នែងសត្វឈ្លូសធម្មតា ខ្នែងស្នែងតូច ដុះស្រប ឬក៏ដុះបែកងាកចេញក្រៅពីខ្នែងមេ ហើយគល់ស្នែងរបស់ឈ្លូសយក្សខ្លីជាងគល់ស្នែងរបស់ឈ្លូសធម្មតា។ ទី២ កន្ទុយរបស់សត្វឈ្លូសយក្សមាន​ប្រវែងខ្លី​ជាងកន្ទុយ​របស់​សត្វឈ្លូសធម្មតា ហើយកន្ទុយនោះមានរាងត្រីកោណ និងមានពណ៌សនៅផ្នែកខាងក្រោម។ ទី៣ ថ្ងាសរបស់សត្វ​ឈ្លូស​យក្សញី មានពណ៌ក្រមៅជាងថ្ងាសឈ្លូសធម្មតា»។

បើតាមអ្នកនាំពាក្យ​ក្រសួងបរិស្ថាន ប្រភេទសត្វឈ្លូសយក្សនេះ ត្រូវបានចាត់ជាប្រភេទរងគ្រោះ​ជិតផុតពូជខ្លាំង (Critically Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN ហើយកត្តាគំរាមកំហែងដល់សត្វឈ្លូសយក្ស គឺការបរ​បាញ់យកស្នែងនិងសាច់។ ករណីនេះ ក្រសួង​បាន​អំពាវនាវដល់​ប្រជាពលដ្ឋទាំងអស់ ត្រូវនិយាយថាទេ​ចំពោះ​សាច់សត្វព្រៃ និង​កុំបរិភោគសាច់សត្វព្រៃ ដើម្បីបញ្ឈប់ការបរបាញ់និងការដាក់អន្ទាក់សម្លាប់សត្វដោយខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ