អាជ្ញាធរ​​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ល្មើស​បម្រាម​ក្នុ្ងង​​«តំបន់លឿង​»

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានចុះអនុវត្តតាមការណែនាំពីរដ្ឋាភិបាល បិទខ្ទប់ការធ្វើដំណើរចេញចូលនៅតំបន់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការច្បាប់លើបុគ្គលណាដែលបំពាននឹងវិធានការហាមឃាត់ការធ្វើដំណើរ ការជួបជុំ ឬការប្រមូលផ្តុំមនុស្សក្នុងភូមិសាស្ត្រ «តំបន់លឿង» ក្នុងខណ្ឌពោធិ៍សែនជ័យ ខណៈអាជ្ញាធរកំពុងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅតំបន់នោះបន្ថែមទៀត។ 

ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ២០២១នេះ ឱ្យដឹងថា អាជ្ញាធរ​រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមិថុនា បាន​កំណត់ភូមិសាស្ត្រ «តំបន់លឿងទុំ» ដូចជា ភូមិ​ចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និងផ្នែកខ្លះ​នៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និងផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជា «តំបន់លឿង​ទុំ» មក​ជា «តំបន់លឿង» វិញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សេចក្តីសម្រេចដដែលឱ្យដឹងទៀតថា ចំពោះការធ្វើចរាចរណ៍គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រ «តំបន់លឿង» ត្រូវអនុញ្ញាតឱ្យប្រព្រឹត្តទៅធម្មតា ប៉ុន្តែការធ្វើដំណើរចេញ-ចូលត្រូវ​បានអនុញ្ញាតក្នុងករណីចាំបាច់ ដូចជា ការធ្វើដំណើរប្រកបមុខរបរ ឬអាជីវកម្ម ឬបំពេញការងារក្នុងវិស័យឯកជន ត្រូវមានលិខិតអនុញ្ញាតធ្វើដំណើរពីរដ្ឋបាលរាជធានីភ្នំពេញ អមដោយឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាក់ការងារ ឈ្មោះ មុខងារ និងប្រភេទអាជីវកម្មច្បាស់លាស់ជាដើម។

រីឯការធ្វើដំណើរទៅកាន់កន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ ឱសថស្ថាន និងទីកន្លែងលក់សម្ភារប្រើប្រាស់ប្រចាំថ្ងៃ ត្រូវបានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ​ហើយសកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទនៅក្នុង «តំបន់លឿង» ត្រូវអនុញ្ញាតឱ្យបើកដំណើរការធម្មតា លើកលែងតែសាលារៀន ​សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋនិងឯកជន ព្រមទាំងអាជីវកម្មផ្សេងទៀតដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន​។  

សេចក្តីសម្រេចដដែល​ក៏បានហាមឃាត់មិនឱ្យមនុស្សលើសពី១០នាក់ជួបជុំ ឬការប្រមូលផ្តុំគ្នាជាលក្ខណៈឯកជនដែលមាន​ការកកកុញច្រើន លើកលែងតែករណីចាំបាច់មួយចំនួន ប៉ុន្តែក្នុងករណីបុគ្គលទាំងឡាយណាល្មើសបម្រាមនេះ នឹងត្រូវឃាត់ទុកមធ្យោបាយធ្វើដំណើរ និងត្រូវអនុវត្តទោសទណ្ឌផងដែរ។ 

លិខិតរដ្ឋបាលរាជធានីភ្នំពេញសរសេរថា៖ «បុគ្គលឬនីតិបុគ្គលទាំងឡាយណាដែលបំពានវិធានការហាមឃាត់ការធ្វើដំណើរ វិធានការហាមឃាត់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងវិធានការហាមឃាត់​រាល់ការជួបជុំ  ឬប្រមូលផ្តុំមនុស្ស ក្នុងភូមិសាស្ត្រតំបន់លឿង នឹងត្រូវអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាល ដោយអនុលោមតាមបទប្បញ្ញត្តិនិងនីតិវិធីជាធរមាន»។

រដ្ឋបាលរាជធានីភ្នំពេញ បន្តថា៖ «បន្ថែមពីលើវិធានការខាងលើ បុគ្គលឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមប្រការ២ នៃសេចក្តីសម្រេចនេះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារនិងពិន័យជាប្រាក់ស្របតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ និង​ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន»។

​បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធម្សិលមិញ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៤៤ ៧១១​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន៣៩ ៣១៤នាក់ អ្នកស្លាប់សរុប៤៧៥នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១ ៨៥៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ