ក្រុមការងារក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងធ្វើសេចក្តីព្រាងនីតិវិធីក្នុងការដោះលែងអ្នកទោសស្រាលៗចេញពីពន្ធនាគារ ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររៀបចំនីតិវិធី ជាមួយក្រុមការងារក្រសួងយុត្តិធម៌ បានប្រាប់ វីអូឌី ថាក្រុមការងារក្រសួងទាំងពីរបានជួបប្រជុំគ្នាម្តងរួចហើយកាលពីពេលថ្មីៗ និងបន្តប្រជុំនៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាទៅលើសេចក្តីព្រាងនីតិវិធីនិងយន្តការនៃការដោះលែងអ្នកទោសស្រាលៗនិងអ្នកជិតរួចទោស។
លោកបន្តថា ការរៀបចំនីតិវិធីនេះត្រូវធ្វើឡើងដោយហ្មត់ចត់ ដើម្បីឈានទៅអនុវត្តសាកល្បងជាលើកដំបូងក្នុងពេលឆាប់ៗខាងមុខ។
លោក សក់ សេដ្ឋា គូសបញ្ជាក់ថា៖ «ខ្ញុំមិនច្បាស់ទេ [ពេលវេលាដោះលែង] ប៉ុន្តែថា បើយើងជជែកគ្នាហើយ យើងនឹងដោះលែងជាការសាកល្បងមើលសិន។ យើងសាកល្បងទៅ បើវាទៅស្រួល វាអត់អីទេ យើងចេះតែដោះលែងជាបន្តបន្ទាប់ទៅ តែមិនបានសេចក្តីថា យើងចេះតែដោះលែងដោយមិនបានវាយតម្លៃ មិនបានត្រួតពិនិត្យអ៊ីចឹងទេ។ បើមិនអ៊ីចឹងទេ បទល្មើសវាអត់ថយទេ»។
បើតាមលោក សក់ សេដ្ឋា មុខសញ្ញានៃការដោះលែងនេះ គឺជាអ្នកទោសស្រាលៗនិងអ្នកទោសដែលអនុវត្តទោសជិតចប់ប៉ុណ្ណោះ រីឯអ្នកទោសឧក្រិដ្ឋក្នុងបទល្មើសធំៗមិនស្ថិតនៅក្នុងលក្ខខណ្ឌនៃការដោះលែងនេះទេ។
វីអូឌី មិនទាន់អាចទាក់ទងសុំការបញ្ជាក់ពីរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ដែលជាប្រធានក្រុមការងារនៃក្រសួងយុត្តិធម៌បាននៅឡើយទេ នៅថ្ងៃសុក្រនេះ។
កាលពីថ្ងៃទី២៣ ខែមិថុនា លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លើយតបទៅនឹងសេចក្តីកង្វល់ពីភាពចង្អៀតណែននៅក្នុងពន្ធនាគារពីសំណាក់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn ថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងសហការគ្នាពិនិត្យលើស្ថានភាពអ្នកជាប់ឃុំ ថាតើគួរដោះលែងឬអនុញ្ញាតឱ្យនៅក្រៅឃុំ ចំពោះបទល្មើសស្រាលៗនិងអ្នកជិតរួចទោស។
លោក ស ខេង បន្តថា ក្រៅតែពីការខិតខំបន្តកសាងនិងពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែន បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃកំពុងអនុវត្តវិធានការមួយចំនួនទៀត ដើម្បីបន្ធូរបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារក្នុងស្ថានភាពកូវីដ-១៩នេះផងដែរ។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចេញផ្សាយកាលពីខែឧសភា បានឱ្យដឹងថា ស្ថានភាពអ្នកទោសនៅក្នុងពន្ធនាគារកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពចង្អៀតណែន ដែលមានអ្នកជាប់ឃុំសរុបជាង៣៩ ០០០នាក់ ខណៈ៣៥%នៃចំនួនអ្នកជាប់ឃុំសរុបនេះ គឺជាអ្នកជាប់ឃុំបណ្តោះអាសន្ន ដើម្បីរង់ចាំសវនាការកាត់ទោស។
ការពន្លឿននីតិវិធីក្នុងការបង្កើតយន្តការដោះលែងអ្នកទោសស្រាលៗចេញពីពន្ធនាគារនេះ ធ្វើឡើងស្របពេលមានសេចក្តីរាយការណ៍ដែរថា មន្ត្រីអនុរក្សពន្ធនាគារនៅក្នុងខេត្តកោះកុងម្នាក់បានឆ្លងជំងឺកូវីដ-១៩ពីគ្រួសាររបស់គាត់ កាលពីថ្ងៃទី២១ ខែមិថុនា និងបានរកឃើញអ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលជាមន្ត្រីពន្ធនាគារចំនួន៥នាក់ផ្សេងទៀត។
អយ្យការអមតុលាការខេត្តកោះកុង បានជូនដំណឹងកាលពីថ្ងៃទី២១ ខែមិថុនា ឱ្យផ្អាកនីតិវិធីកោះហៅនិងការចូលឆ្លើយបំភ្លឺនៅក្នុងតុលាការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២២ ខែមិថុនា រហូតដល់ថ្ងៃទី៥ ខែកក្កដា ខាងមុខ។
ប្រធានពន្ធនាគារខេត្តកោះកុង លោក គ្រី ប៊ុនថា បានសាទរនៅពេលទទួលបានព័ត៌មានថា ក្រសួងទាំងពីរកំពុងពន្លឿនយន្តការនិងនីតិវិធីដោះលែងអ្នកទោសស្រាលៗឬអ្នកជិតរួចទោសចេញពីពន្ធនាគារ ខណៈពន្ធនាគារខេត្តកោះកុងក៏ជួបបញ្ហាភាពចង្អៀតណែននេះដែរ។ លោកថា ពន្ធនាគារខេត្តកោះកុងមានអ្នកជាប់ឃុំចំនួន៧១៩នាក់។
លោក គ្រី ប៊ុនថា បានថ្លែងថា៖ «ជាទូទៅ នៅតាមពន្ធនាគារ ភាពចង្អៀតណែនមានដូចគ្នាទាំងអស់ ហើយអ្វីដែលជាការដោះលែងហ្នឹង យើងមិនហ៊ានទៅអះអាងលើផ្លូវច្បាប់ទេ។ រឿងចង់ឱ្យបានបន្ធូរបន្ថយឬដោះលែងហ្នឹង អាហ្នឹងយើងកាន់តែត្រេកអរទៀតហើយ។ រាល់ថ្ងៃនេះ វាចង្អៀតហើយ»។
លោក អំ សំអាត អនុប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានបន្តជំរុញឱ្យក្រសួងទាំងពីរពន្លឿននីតិវិធីនេះឱ្យបានឆាប់ នៅក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩។
លោកមានប្រសាសន៍ថា៖ «ធ្វើម៉េចឱ្យបានឆាប់ក្នុងការសម្រួល [ដោះលែងនៅក្រៅឃុំ] ពីព្រោះនៅក្នុងកាលៈទេសៈនេះ គឺជារឿងចាំបាច់ហើយដែលត្រូវដោះលែងឱ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌក្តី ឱ្យនៅក្រៅឃុំបណ្តោះអាសន្នស្ថិតក្នុងនីតិវិធីតុលាការក្តី និងការដោះលែងផ្សេងៗទៀតដែលអាចពិនិត្យលទ្ធភាពអាចធ្វើទៅបានហ្នឹង គឺជារឿងចាំបាច់បំផុតហើយ»។
អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា មានអ្នកទោសប្រមាណពី១០% ទៅ២០% នៅក្នុងពន្ធនាគារខេត្តព្រះសីហនុ មណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ ពន្ធនាគាររាជធានីភ្នំពេញ (PJ) ពន្ធនាគារខេត្តកណ្តាល កំពង់ស្ពឺ និងពន្ធនាគារខេត្តបន្ទាយមានជ័យ បានឆ្លងជំងឺកូវីដ-១៩។
ប៉ុន្តែបន្ទាប់ពីការព្យាបាលនិងញែកអ្នកទោសចេញពីគ្នា បូករួមនឹងការបំប៉នអាហារូបត្ថម្ភបន្ថែមមក ស្ថានភាពរបស់ពួកគេបានល្អប្រសើរឡើងវិញ។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានប្រាប់ វីអូឌី ថាមកដល់ពេលនេះ នៅសល់អ្នកជាប់ឃុំដែលឆ្លងជំងឺកូវីដ-១៩ មិនដល់៣០នាក់ទេដែលកំពុងសម្រាកព្យាបាល៕









