សង្គមស៊ីវិលទាមទារឱ្យភាគីពាក់ព័ន្ធផ្តល់សិទ្ធិទទួលបានការអនុគ្រោះបំណុល ដើម្បីទប់ស្កាត់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ខណៈខ្លួនរកឃើញថា សហគមន៍មានជម្លោះដីធ្លីក្នុងខេត្តចំនួន៨ កំពុងរងការគំរាមកំហែងពីវិបត្តិបំណុល បើទោះបីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំកម្ចីឡើងវិញ អំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ក៏ដោយ។
ការទាមទារនេះធ្វើឡើងតាមរយៈរបាយការណ៍ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដោយអង្គការសិទ្ធិមនុស្សនិងដីធ្លីចំនួនពីរ រួមមាន អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ និងអង្គការសមធម៌កម្ពុជា។
របាយការណ៍នោះបានលើកឡើងថា រយៈពេលជាង១០ឆ្នាំមកនេះ សហគមន៍មានជម្លោះដីធ្លីចំនួន១៤ ក្នុងខេត្តចំនួន៨ ក្នុងប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងតស៊ូមតិរបស់ពួកគេ ដើម្បីទទួលបានសិទ្ធិដីធ្លីសារជាថ្មីឡើងវិញ ប៉ុន្តែពួកគេកំពុងរងការគំរាមកំហែងដោយវិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យជំពាក់បំណុលច្រើនលើសលុបនៅក្នុងវិស័យឥណទានខ្នាតតូច។
របាយការណ៍ធ្វើការកត់សម្គាល់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២០ សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានកត់ត្រាឥណទានប្រមាណ២,៨លានកម្ចី មានទំហំទឹកប្រាក់សរុប១១,៨លានដុល្លារ ក្នុងនោះទំហំកម្ចីគិតជាមធ្យមម្នាក់៤ ២៨០ដុល្លារ តែថា ប្រជាពលរដ្ឋ៩៥ភាគរយមានប្រាក់ចំណូលប្រចាំឆ្នាំតិចជាងចំនួនកម្ចីគិតជាមធ្យមនេះ។
អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា បានគូសបញ្ជាក់ថា សហគមន៍ទាំងនោះក្រៅពីប្រឈមនឹងបញ្ហាវិវាទដីធ្លី កាលពីអតីតកាល ដែលថា ភាគច្រើនកើតចេញពីទំហំដីជាង២លានហិកតាដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យក្រុមហ៊ុនឯកជន ក្នុងទម្រង់ជាដីសម្បទានសេដ្ឋកិច្ច បច្ចុប្បន្ន ពួកគេក៏កំពុងប្រឈមនឹងវិបត្តិបំណុលដោយសារចំណូលធ្លាក់ចុះ បើទោះបីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញ ឬពន្យារពេលបង់សងកម្ចីឥណទានខ្នាតតូច ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩ក៏ដោយ។
បញ្ហាប្រឈមទាំងនេះ អង្គការទាំងពីរបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរពីវិបត្តិជំពាក់បំណុលនេះ។
អង្គការទាំងពីរនេះនិយាយថា៖ «សិទ្ធិទទួលបានការអនុគ្រោះ គឺជាការស្នើសុំឱ្យចាត់វិធានការជាបន្ទាន់ពីសំណាក់អ្នកផ្ដល់កម្ចីឥណទានខ្នាតតូច ទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ក៏ដូចជាអ្នកវិនិយោគទុនអន្តរជាតិ ដែលរួមមាន ធនាគារអភិវឌ្ឍន៍របស់រដ្ឋនៅសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ដើម្បីស៊ើបអង្កេតទៅលើទំហំនៃការរំលោភសិទ្ធិមនុស្ស »។
ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ហៅការទាមទារនេះថា ហាក់ខ្វះចំណេះដឹងផ្នែកសេដ្ឋកិច្ច ខណៈកម្ពុជាកំពុងអនុវត្តរបបទីផ្សារសេរី។ លោកថា យន្តការអនុគ្រោះចំពោះអ្នកជាប់បំណុល រដ្ឋាភិបាលបានធ្វើរួចហើយដែរ។
លោកថា៖ «រដ្ឋាភិបាលបានគាំទ្រចំណាត់ការនិងការដោះស្រាយរបស់សមាគមមីក្រូហិរញ្ញវត្ថុ ក៏ដូចធនាគារ រួចស្រេចទៅហើយ! បើមានចម្ងល់ ត្រូវសួរទៅប្រធានផ្នែកខាងហ្នឹង [អ្នកផ្តល់កម្ចី] មិនមែនលោករអ៊ូប្រាប់អ្នកកាសែតឬចេញសេចក្តីថ្លែងការណ៍ថាឯងអស្ចារ្យនោះទេ អាហ្នឹងខ្ញុំមិនទទួលយកបាននោះទេ! គួរនាំគ្នាចូលរួមរបបសេរីដែលឈរនៅលើទីផ្សារសេរីហ្នឹង ជាជាងនាំគ្នាបង្គាប់រដ្ឋាភិបាលឱ្យធ្វើកុម្មុយនីស្តវិញនោះ»។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានលើកឡើងថា បញ្ហាថ្មីរបស់អ្នកប្រើប្រាស់កម្ចីឥណទាន ដែលចេញដោយអង្គការទាំងនេះ ដូចគ្នាទៅនឹងរបាយការណ៍ធ្លាប់លើកឡើងកន្លងទៅ ដែលលោកសុំមិនបកស្រាយច្រើនទេ។
ប៉ុន្តែលោកបានគូសបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែមិថុនានេះ សមាជិករបស់ខ្លួនចំនួន១១៤ស្ថាប័នបានរៀបចំឥណទានឡើងវិញបាន៣៥ម៉ឺននាក់រួចហើយ ដោយផ្តោតលើអ្នករងផលប៉ះពាល់មធ្យមនិងធ្ងន់ធ្ងរ។
លោកថា៖ «យើងគិតថា ចំណុចខ្លះយើងធ្វើអត់បាន ហើយចំណុចខ្លះយើងកំពុងតែធ្វើហើយ ឧទាហរណ៍ សម្រាប់សមាគមយើងមើលពីរផ្នែក អ្នកផ្តល់សេវា និងអ្នកទទួលសេវា អ្នកទទួលសេវាគឺអតិថិជនហ្នឹងហើយ។ ហើយនៅក្នុងផ្នែកអតិថិជននេះ យើងបានដាក់ចេញនូវយន្តការច្រើន ដើម្បីគាំពារអតិថិជន»។
នាយករងអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើបញ្ហាដែលបានរកឃើញមិនត្រូវបានភាគីពាក់ព័ន្ធយកទៅពិចារណា ដើម្បីស្វែងរកដំណោះស្រាយទេ នោះប្រជាសហគមន៍ដែលងាយរងគ្រោះនៅបន្តបាត់បង់ដីតាមរយៈនៃការប្រើប្រាស់កម្ចីនេះ។
លោកថា៖ «បញ្ហាទី២ ដែលយើងចង់ឱ្យមានការស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សនៅកម្ពុជាពីការកម្ចីឥណទានខ្នាតតូចហ្នឹង ដើម្បីរកយន្តការឬគោលនយោបាយដើម្បីបញ្ចៀសកុំឱ្យមានការរំលោភសិទ្ធិមនុស្សតទៅទៀត។ ហើយបើមិនបានធ្វើទេ អាហ្នឹងផលប៉ះពាល់នៃការរំលោភសិទ្ធិមនុស្សវានៅតែបន្ត»។
យ៉ាងណា អង្គការសង្គមស៊ីវិលដែលបានរួមគ្នាចេញសេចក្តីថ្លែងការណ៍នេះ បញ្ជាក់ថា មូលហេតុដែលពួកគេបន្តចុះសិក្សាស្រាវជ្រាវបញ្ហានេះ ដោយសារពួកគេសង្កេតឃើញប្រជាពលរដ្ឋកម្ពុជាជាច្រើនកំពុងលង់ក្នុងបំណុលឥណទានខ្នាតតូច ដែលកំពុងនាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងផលប៉ះពាល់ខ្លាំងនៅទូទាំងប្រទេស ហើយមនុស្សជាច្រើនកំពុងរងគ្រោះយ៉ាងស្ងប់ស្ងាត់៕









