អតីតអនុសេនីយ៍ត្រី នៃទីបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានចោទប្រកាន់មេបញ្ជាការរបស់ខ្លួនថា បានយកឈ្មោះរបស់គាត់ដែលមានក្របខណ្ឌត្រឹមត្រូវលក់ទៅឱ្យអ្នកផ្សេង ហើយបណ្តេញរូបគាត់ចេញពីអង្គភាពដោយយកលេសថា អតីតអនុសេនីយ៍ត្រីរូបនេះ មានជាប់ពាក់ព័ន្ធនឹងនិន្នាការនយោបាយបក្សប្រឆាំង។
លោក រស់ ថុន អតីតមន្រ្តីយោធាពាក់ស័ក្តិ១ ដែលមានឋានន្តរសក្តិជាអនុសេនីយ៍ត្រី នៅក្នុងអង្គភាពកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានប្រាប់ វីអូឌី នៅថ្ងៃទី២៩ ខែមិថុនា ថាលោកបានដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ជុំវិញករណីមេបញ្ជាការស៊ីដាច់ប្រាក់ខែរបស់គាត់ ប៉ុន្តែខាងខុទ្ទកាល័យនាយករដ្ឋមន្ត្រីថា លិខិតនោះនៅមានចំណុចខ្វះខាតនិងទាមទារឱ្យកែតម្រូវឡើងវិញ។
អតីតមន្រ្តីយោធារូបនេះបន្តថា មូលហេតុដែលខ្លួនឡើងមកតវ៉ានៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីនេះ ដោយសារមេបញ្ជាការនៃកងពលតូចទ័ពពិសេសឆត្រយោង៩១១ ឈ្មោះ ចាប ភក្តី បានយកឈ្មោះរបស់លោកឱ្យទៅអ្នកផ្សេងបើកប្រាក់ខែជំនួសរូបលោក ចាប់តាំងពីក្រោយបោះការឆ្នោតឆ្នាំ២០១៣។
លោកបន្តថា៖ «រកមូលហេតុខុសមិនឃើញ ខ្ញុំ! ពីដំបូងបើកបានឱ្យខ្ញុំតែ១ម៉ឺនដុល្លារ ដើម្បីបានដើមទុនរកស៊ីនិងធ្វើផ្ទះសម្បែងអីអ៊ីចឹងទៅ។ អ្នកខ្លះក៏គេថា បើមិនបានអីក៏គួរឱ្យគ្នា១ម៉ឺនដុល្លារអីទៅ ដកគ្នា ដកអត់មានឱ្យលុយគ្នាសោះ យកឈ្មោះគ្នាទៅលក់ យកទៅស៊ីស្រេចក្បាលចិត្ត អាងសិទ្ធិអំណាចគាត់ជាអ្នកធំ មិនគិតពីអ្នកតូច»។
បើតាមលោក រស់ ថុន ការស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះ គឺស្នើសុំការផ្តល់ប្រាក់ដំណាច់ត្រឹមតែ១ម៉ឺនដុល្លារប៉ុណ្ណោះ ជាថ្នូរនឹងការចាកចេញពីក្របខណ្ឌរបស់លោកក្នុងមុខតំណែងជាអនុសេនីយ៍ត្រី។
វីអូឌី ពុំអាចសុំការបំភ្លឺពីលោក ចាប ភក្តី មេបញ្ជាការនៃកងពលតូចទ័ពពិសេសឆត្រយោង៩១១ ដែលរងការចោទប្រកាន់ និងលោក ហូ សុទ្ធី នាយកខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទេ នៅថ្ងៃអង្គារនេះ។
យ៉ាងនេះក្តី លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធថា លោកពុំដែលទទួលបានព័ត៌មានស្តីពីការកិបកេងលុយកងទ័ពដូច្នេះទេ ហើយលោកក៏មិនបញ្ជាក់ពីលទ្ធភាពក្នុងការដោះស្រាយករណីនេះបានដែរ។
លោកបន្តថា៖ «ខ្ញុំអត់ដឹងផង។ ខ្ញុំមិនសូវជាចេះដែរបង»។
បើតាមលោក រស់ ថុន លោកគឺជាតតីតយោធាដែលទទួលបានការហ្វឹកហ្វឺនជំនាញឆត្រយោង នៅក្នុងកងកម្មង់ដូរពិសេសត្រឹមត្រូវ តាំងពីឆ្នាំ២០០៨មកម៉្លេះ។ តាមរយៈជំនាញនិងបទពិសោធន៍ទាំងនេះ ក្នុងតួនាទីរបស់លោក ត្រូវទទួលបានប្រាក់បៀវត្សជិត២លានរៀលក្នុងមួយខែៗ។
លោកបន្តថា មូលហេតុដែលលោកត្រូវបានមេបញ្ជាការដកសិទ្ធិចេញពីក្របខណ្ឌជាមន្រ្តីយោធានេះ ដោយសារតែលោករងការចោទប្រកាន់ថា មាននិន្នាការនយោបាយទៅរកបក្សប្រឆាំង និងថារូបលោកមិនបានជួយធ្វើការនៅក្នុងអង្គភាព ដូចជា បោចស្មៅ ជាដើម។
លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា តួនាទីជាកងទ័ពជាអ្នកដែលឈរលើគោលការណ៍ឯករាជ្យនិងអព្យាក្រឹត្យដែលមិនមានភាពលម្អៀងទៅរកបក្សនយោបាយណាមួយនោះ មិនគួរចោទប្រកាន់ឬលាបពណ៌គ្នាបែបនេះទេ។
ម្យ៉ាងវិញទៀត លោកថា បើព្រោះតែហេតុផលនយោបាយ ហើយសម្រេចដកហូតប្រាក់ខែមន្រ្តីក្រោមបង្គាប់ដូច្នេះ ជាការរំលោភទៅនឹងវិន័យកងទ័ពហើយ។
លោកបន្តថា៖ «រឿងយកប្រាក់ខែមន្រ្តីរាជការពីមួយហើយឱ្យទៅអ្នកផ្សេង គឺវាខុសពីនីតិវិធីនៃច្បាប់មន្ត្រីរាជការ។ មន្រ្តីរាជការលុះត្រាតែមានស្នើសុំបញ្ឈប់តំណែងណាមួយ បានយើងអាចដកប្រាក់ខែគេយកពីអ្នកមួយទៅឱ្យអ្នកមួយទៀតបាន ព្រោះវាមិនមែនជាការងារក្រុមហ៊ុន វាជាការងារដ្ឋ»។
នៅក្នុងមាត្រា១០ នៃច្បាប់ស្តីពីកាតព្វកិច្ចយោធា ក្នុងរយៈពេលនៃការបំពេញកាតព្វកិច្ចជាយោធា យោធិនគ្រប់រូបត្រូវទទួលបានប្រាក់ដំណាច់និងការឧបត្ថម្ភផ្សេងៗសម្រាប់ជីវភាពប្រចាំថ្ងៃតាមការកំណត់របស់ក្រសួងការពារជាតិ៕