តំណាងសមាគមរោងចក្រកាត់ដេរនិងស្បែកជើងនៅកម្ពុជា បានស្នើសុំឱ្យរដ្ឋាភិបាលសម្រាលបន្ទុកថ្លៃចំណាយលើឧបករណ៍តេស្តរកជំងឺកូវីដ-១៩ (Rapid test) នៅពេលមានករណីផ្ទុះជំងឺកូវីដ-១៩នៅក្នុងរោងចក្រ។
ការស្នើសុំនេះបានធ្វើឡើងនៅក្នុងជំនួបតាមវីដេអូ (Online) រវាងសមាគមស្បែកជើងកម្ពុជា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងការងារ និងក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមិថុនានេះ ដើម្បីលើកសំណើសុំជួយបន្ធូរបន្ថយនីតិវិធី បែបបទ និងការចំណាយនានា របស់រោងចក្រសហគ្រាស នៅពេលមានការផ្ទុះជំងឺកូវីដ-១៩ក្នុងរោងចក្រ។
អគ្គលេខាធិការរងសមាគមស្បែកជើងកម្ពុជា លោក ងួន ចាន់ណារ៉ា បានប្រាប់ វីអូឌី ថានៅក្នុងកិច្ចប្រជុំនោះ ភាគីថៅរោងចក្រ រួមជាមួយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) និងសមាគមអាជីវកម្មជប៉ុននៅកម្ពុជា (JBAC) ផង បានស្នើ២ចំណុច ក្នុងនោះ ស្នើឱ្យរដ្ឋាភិបាលទទួលខុសត្រូវលើថ្លៃឧបករណ៍ធ្វើតេស្តរហ័ស (Rapid test) ដើម្បីរកជំងឺកូវីដ-១៩ នៅពេលមានករណីផ្ទុះជំងឺកូវីដ-១៩នៅក្នុងរោងចក្រកើតឡើង និងស្នើឱ្យអាជ្ញាធរដែនដីជាអ្នកទទួលខុសត្រូវក្នុងការរកទីតាំងសម្រាប់ឱ្យកម្មករធ្វើចត្តាឡីស័ក។
ចំណុចនេះ លោកថា កន្លងមក អាជ្ញាធរតែងតែយកទីតាំងរោងចក្រ ដើម្បីឱ្យកម្មករធ្វើចត្តាឡីស័កតែម្តង នៅពេលមានករណីផ្ទុះជំងឺកូវីដ-១៩។
លោក ងួន ចាន់ណារ៉ា បានថ្លែងបន្ថែមថា៖ «ជាទូទៅ នៅភ្នំពេញ ការអនុវត្ត បើសិនជាមានការផ្ទុះច្រើន គឺខាងក្រុមពេទ្យស្ម័គ្រចិត្តធីតាហ្នឹង ភាគច្រើនគឺគាត់ចេញអា Rapid test ហ្នឹង តែមានសំណូមពរខ្លះថា កន្លែងខ្លះគឺឱ្យគាត់ចេញ [រោងចក្រ] អ៊ីចឹងគាត់អត់មានលទ្ធភាពទេ។ អ៊ីចឹងចៀសវាងមន្ទិលហ្នឹង យើងសំណូមពរសូមកុំឱ្យខាងរោងចក្រចេញ តែបើខាងរោងចក្រគាត់ចង់ធ្វើឯកជនខ្លួនឯង គាត់ការពារប្រយ័ត្នខ្លួនឯងមួយអាទិត្យម្តងឬពីរដង អាហ្នឹងគាត់ចេញខ្លួនឯងទៅ»។
ភ្លាមៗ ក្រោយពីកិច្ចប្រជុំនេះ មិនទាន់មានការឆ្លើយតបពីតំណាងរដ្ឋាភិបាលដែលរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការងារ ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ នៅឡើយទេ។
ចំណែកលោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បានប្រាប់ វីអូឌី តាមសារតេឡេក្រាមថា លោកមិនទាន់បានដឹងលទ្ធផលលម្អិតនៃរឿងនេះនៅឡើយទេ ដោយសារទើបចាប់ផ្តើមអាន ស្តាប់ និងពិភាក្សាគ្នា។
លោកបន្តយ៉ាងដូច្នេះថា៖ «យើងនៅត្រូវការពេលវេលានិងការពិភាក្សាគ្នាច្រើនដងទៀតជាមួយអន្តរក្រសួង»។
ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»មក មានរោងចក្រជាច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ បានឆ្លងជំងឺកូវីដ-១៩។ លោក ហេង សួរ នៅមិនទាន់អាចបង្ហាញពីរបាយការណ៍ចុងក្រោយនៃរោងចក្រដែលឆ្លងជំងឺនេះនៅឡើយទេ។
ប៉ុន្តែបើតាមរបាយការណ៍ពីលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ឱ្យដឹងថា មានរោងចក្រប្រមាណជាង៦០០ហើយដែលបានឆ្លងជំងឺកូវីដ-១៩។ លោកនៅតែសំណូមពរឱ្យរដ្ឋាភិបាលផ្អាករោងចក្ររយៈពេល២សប្តាហ៍ ដើម្បីកាត់ផ្តាច់ការចម្លងជំងឺនេះ។
លោកថា៖ «ជារឿងមួយល្អហើយ ដើម្បីឱ្យភាគីពាក់ព័ន្ធមានការធានាទៅដល់ការតាមដាន ការត្រួតពិនិត្យ ក្នុងការធានាសុខភាព សុវត្ថិភាពនៅកន្លែងការងារ ប៉ុន្តែប្រសិនបើបន្តកើតឡើងអ៊ីចឹង ខ្ញុំគិតថា មិនអាចកាត់ផ្តាច់ខ្សែចង្វាក់ចម្លងហ្នឹងបានទេ ពីព្រោះធម្មជាតិនៃការងាររបស់កម្មករនិយោជិតហ្នឹង នៅតែមានបញ្ហាប្រឈមហ្នឹង។ អ៊ីចឹងដើម្បីកាត់ផ្តាច់បាន លុះត្រាតែរដ្ឋាភិបាលលះបង់បន្តិចទៅនឹងកត្តាសេដ្ឋកិច្ច មានន័យថា រកវិធីសាស្ត្រជាមួយវិស័យឯកជន សមាគមកាត់ដេរ និយោជក ដើម្បីឱ្យកម្មករគាត់ផ្អាកការងារជាបណ្តោះអាសន្ន អាចថាពីរសប្តាហ៍អ៊ីចឹងទៅ ដើម្បីផ្តាច់ខ្សែចង្វាក់នៃការចម្លងហ្នឹង»។
វិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង គឺជាក្បាលម៉ាស៊ីននៃការនាំចេញធំបំផុតលំដាប់ទីមួយរបស់កម្ពុជា។ វិស័យនេះបានស្រូបយកកម្លាំងពលកម្មប្រមាណជា៨០០ ០០០នាក់ ដែលភាគច្រើនគឺជាប្រជាពលរដ្ឋមកពីបណ្តាខេត្តនិងជនបទ៕