មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានសំដែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់អាមេរិកក្នុងការបញ្ចប់ការសិក្សារបស់និស្សិតយោធាកម្ពុជា៦រូបនៅមុនកាលកំណត់ ដោយសារទំនាក់ទំនងធ្លាក់ចុះរវាងប្រទេសទាំងពីរ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការសម្រេចចិត្តនេះថា នេះជារឿងអយុត្តិធម៌ចំពោះយុវជនកម្ពុជាទាំង៦រូបដែលស្រឡាញ់ពេញចិត្តចំពោះសហរដ្ឋអាមេរិក។ លោកបានចាត់ទុកថា សេចក្តីសម្រេចនេះជាការដាក់ទណ្ឌកម្មចំពោះយុវជនដែលស្រឡាញ់សហរដ្ឋអាមេរិក។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ជាការដាក់ទណ្ឌកម្មដល់យុវជនដែលស្រឡាញ់សហរដ្ឋអាមេរិក ហើយការដាក់ទណ្ឌកម្មនេះ វាមិនយុត្តិធម៌ទេចំពោះយុវជនដែលជ្រើសរើសការសិក្សាពីសហរដ្ឋអាមេរិក។ ហើយយុវជនមួយចំនួនហ្នឹង លោកបានទទួលបានការជ្រើសរើសតាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានេះដែរ»។
យោងតាមការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេ បានឱ្យដឹងថា និស្សិតកម្ពុជាចំនួន៦នាក់ដែលកំពុងសិក្សានៅបណ្ឌិតសភាយោធាចំនួនបួនក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រាប់ឱ្យផ្អាកការសិក្សាមុនពេលកំណត់នៅពេលបញ្ចប់ឆ្នាំសិក្សាឆ្នាំនេះ ដោយសារតែកម្ពុជាបានបាត់បង់នូវភាពស្របច្បាប់ក្នុងការទទួលជំនួយពីសហរដ្ឋអាមេរិក។ និស្សិតទាំង៦រូបនេះ កំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន២រូប បណ្ឌិតសភាទ័ពអាកាសចំនួន២រូប កងទ័ពជើងទឹកចំនួន១រូប និងឆ្មាំសមុទ្រចំនួន១រូប។
លោក អារ៉ែន វ៉ាតជេស (Arend C. Zwartjes) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានប្រាប់ វីអូឌី តាមរយៈសារអ៊ីម៉ែលនៅថ្ងៃទី១ ខែកក្កដា ថាការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាបានបាត់បង់ភាពស្របច្បាប់ក្នុងការទទួលបានកម្មវិធីសិក្សាផ្នែកយោធានៅសហរដ្ឋអាមេរិក។
លោក អារ៉ែន វ៉ាតជេស (Arend C. Zwartjes) បានសរសេរយ៉ាងដូច្នេះថា៖ «បន្ទាប់ពីប្រទេសកម្ពុជាបានកាត់បន្ថយកិច្ចសហប្រតិបត្តិការលើផ្នែកជាច្រើននៃទំនាក់ទំនងទ្វេភាគីជាប្រពៃណីរវាងយោធានិងយោធាមក គឺប្រទេសនេះបានបាត់បង់ភាពស្របច្បាប់ក្នុងការទទួលបានកម្មវិធីសិក្សាផ្នែកយោធានៅសហរដ្ឋអាមេរិក»។
លោកបន្តថា៖ «ជាការឆ្លុះបញ្ចាំងពីលទ្ធផលសិក្សាដ៏ល្អរបស់ពួកគេ បច្ចុប្បន្ន និស្សិតយោធាកម្ពុជាទាំង៦រូបអាចចុះឈ្មោះចូលរៀនបង់ថ្លៃសិក្សានៅសាលាសេវាយោធាអាមេរិក ដើម្បីបញ្ចប់កម្មវិធីថ្នាក់បរិញ្ញាបត្ររបស់ខ្លួន។ សហរដ្ឋអាមេរិកបានលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជាក្នុងការជួយបង់ថ្លៃសិក្សាដល់និស្សិតរបស់ខ្លួនជាមួយនឹងថ្លៃសិក្សាដែលនៅសល់»។
ចំណាត់ការនេះត្រូវបានគេមើលឃើញថា ជាការដើរថយក្រោយថ្មីមួយទៀតក្នុងទំនាក់ទំនងផ្នែកយោធារវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក បន្ទាប់ពីស្ថានភាពបានធ្លាក់ចុះក្នុងរយៈពេលជាង៤ឆ្នាំមកនេះ។ ប៉ុន្តែលោក ផៃ ស៊ីផាន នៅតែគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាមេរិកនៅតែបន្តទៅមុខទៀត។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កម្ពុជាមិនក្បត់នឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសណាមួយទេ ក៏ប៉ុន្តែកម្ពុជានឹងរក្សានូវអ្វីទៅជាអធិបតេយ្យភាព ហើយនិងអព្យាក្រឹត្យ ដែលមិនស្ថិតនៅក្រោមឥទ្ធិពលយោធានៃប្រទេសណាមួយនោះឡើយ»។
វីអូឌី មិនអាចទាក់ទងសុំប្រតិកម្មតបពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ មិនបានឡើយ ទោះជាហៅទូរសព្ទចូលជាច្រើនដង តែមិនមានអ្នកទទួល។
លោក ឯម សុវណ្ណរ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ មើលឃើញថា អ្វីដែលបានកើតឡើងរវាងប្រទេសកម្ពុជានិងអាមេរិកពេលនេះ កើតចេញពីការមិនទុកចិត្តគ្នាជុំវិញវត្តមានកងទ័ពចិននៅកម្ពុជា។ បើតាមសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងល្អប្រសើរឡើងវិញ បើភាគីទាំងពីរបញ្ចប់ភាពមន្ទិលសង្ស័យលើបញ្ហានេះ។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ប៉ុន្តែលទ្ធផលនៃការផ្តាច់នេះ គឺបង្ហាញពីសញ្ញាអវិជ្ជមាននៃទំនាក់ទំនងផ្នែកយោធារវាងកម្ពុជានិងសហរដ្ឋអាមេរិក។ ខ្ញុំគិតថា អ្វីដែលភាគីសហរដ្ឋអាមេរិកគាត់សង្ស័យ អ្វីដែលភាគីកម្ពុជាប្រកែកថាមិនមានវត្តមានយោធាចិន គួរតែបង្ហាញនិងកសាងជំនឿជឿជាក់ទុកចិត្តគ្នាឱ្យបានទៅ ខ្ញុំគិតថា វាអាចលាងជម្រះឬលុបបំបាត់ភាពមន្ទិលសង្ស័យឬភាពល្អក់កករជាមួយគ្នាចេញ វាអាចកសាងទំនាក់ទងល្អឡើងវិញហើយ»។
ទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិកនិងកម្ពុជាបានល្អក់កករ ក្រោយពីកម្ពុជាបានលុបចោលសមយុទ្ធប្រចាំឆ្នាំជាមួយនឹងសហរដ្ឋអាមេរិកនៅដើមឆ្នាំ២០១៧ ហើយរដ្ឋាភិបាលកម្ពុជាបានងាកទៅជិតស្និទ្ធជាមួយនឹងប្រទេសចិនកាន់តែខ្លាំង។ សហរដ្ឋអាមេរិកបានផ្តាច់ជំនួយស៊ីវិលនិងយោធាមួយចំនួន បន្ទាប់ពីអាជ្ញាធរកម្ពុជាចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិ ព្រមទាំងធ្វើទុក្ខបុកម្នេញអ្នករិះគន់ បណ្តាញសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ជាដើម៕