សង្គម​ស៊ីវិល​ថា​យុទ្ធនា​ការ​ដោះ​ស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​តាម​សាលា​ដំបូង​នៅ​​ពុំ​ទាន់​មាន​ប្រសិទ្ធ​​ភាព

អ្នកកាសែត មន្ត្រីសង្គមស៊ីវិល និងអាជ្ញាធរមានសមត្ថកិច្ច មកជុំវិញឡានដឹកលោក កឹម សុខា ក្រោយពេលលោកចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។ (ទុយ អេងលី)

មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ហាក់មិនទាន់មានប្រសិទ្ធភាពនៅឡើយ ពិសេស​សំណុំរឿងនយោបាយ និងសកម្មជនសិទ្ធិមនុស្ស ជាដើម។

ការលើកឡើងនេះ ក្រោយពេលក្រសួងយុត្តិធម៌បានចេញរបាយការណ៍មួយស្តីពី​លទ្ធផលការងាររយៈពេល៣៩៥​ថ្ងៃ ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង​រាជធានី-ខេត្ត ចេញផ្សាយនៅថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានបញ្ចប់។

​ក្រសួងបន្តថា ការបិទបញ្ចប់យុទ្ធនាការនេះ ក្រសួងបាន​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌតា​ម​ដំណាក់​​កាល​អយ្យការ ដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ មានចំនួនសរុប ​​៣៧ ៩០០ ស្មើនឹង ៩៦% នៃ​សំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះសរុបជិត ៤ម៉ឺនសំណុំរឿង (​៣៩ ៥០០​) ​ក្នុងនោះ សំណុំរឿងដែលត្រូវជំនុំជម្រះរួចមាន​ជាង ១២ ៦០០​ ស្មើនឹង ៩៧% នៃចំនួនសំណុំរឿងសរុបជាង ១៣​ ០០០ ​ក្នុងដំណាក់កាលជំនុំជម្រះ។

ក្រសួងបន្ថែមទៀតថា យុទ្ធនាការនេះក៏បានដោះស្រាយរឿងព្រហ្មទណ្ឌដែលចូលថ្មីបានចំនួនជាង ៦២​ ៨០០​សំណុំ​រឿង ស្មើនឹងជាង ៧៨% នៃ​សំណុំរឿងចូលថ្មីសរុបចំនួន ៨០​ ៦០០។

យ៉ាងនេះក្តី នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ​ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា ​យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងទាំងនេះហាក់មិនទាន់មានប្រសិទ្ធភាពទេ ព្រោះ​រឿងធំៗមួយចំនួន ជា​ពិសេស​រឿង​​​នយោបាយ​ មិនទាន់បានបន្តនីតិវិធីឡើងវិញ​នៅ​ឡើយ ក្រោមហេតុផលនៃការរីករាលដាលជំងឺកូវីដ-១៩ ដូចជា ករណីអតីតប្រធានគណបក្សសង្រ្គោះ​ជាតិ លោក កឹម សុខា តែម្តង​។

ប៉ុន្តែលោកទទួលស្គាល់ចំពោះ​យុទ្ធនាការ​នេះអាចជួយពន្លឿននីតិវិធីតាមសាលាដំបូងរាជធានី-ខេត្តបាន​ខ្លះដែរ ដូចជា អាចជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ជាដើម។ 

តែយ៉ាងណា លោក អំ សំអាត នៅតែបង្ហាញក្តីបារម្ភចំពោះស្ថានភាពចង្អៀតណែន​ក្នុងពន្ធនា​គារ ខណៈការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏បានចូលទៅដល់ពន្ធនាគារមួយចំនួន​នៅកម្ពុជា​ផង​ដែរ។

លោកបន្តថា៖ «ដើម្បីកុំឱ្យ​​យុទ្ធនាការនេះចេះតែបន្តកើតបន្ត ក្រសួងធ្វើម៉េច​ឱ្យ​​សាលាដំបូងរាជធានី-ខេត្តត្រូវអនុវត្តជាប្រចាំឬជានិរន្តរ៍ ហើយសំណុំរឿងនិងនីតិវិធីធ្វើយ៉ាងម៉េច​ឱ្យ​​មានភាពប្រក្រតី កុំទាល់តែមានយុទ្ធនាការពីក្រសួងទើបមកពន្លឿននីតិវិធី។ ប៉ុន្តែយុទ្ធនាការនេះ ក៏ជាគំរូមួយជំរុញឱ្យ​​ខាងសាលាដំបូងរាជធានី-ខេត្តបន្តអនុវត្តយុទ្ធនាការនេះ កុំឱ្យ​កកស្ទះសំណុំរឿងផង​​ដែរ»។

មន្ត្រីសិទ្ធិមនុស្សដដែល ជំរុញឱ្យ​មានការអនុវត្តច្បាប់និងចាត់ចែង​នីតិវិធីឱ្យមាន​តម្លាភាព សមភាព យុត្តិធម៌ និងស្នើពិចារណាឱ្យ​​មានការដោះលែងទៅលើជនជាប់ឃុំមួយចំនួន ដូចជា អ្នក​ជាប់ឃុំបណ្តោះអាសន្នចំពោះបទល្មើសដែលបានពិនិត្យផ្លូវច្បាប់អាចឱ្យ​​នៅក្រៅឃុំបាន ជាពិសេសសំណុំរឿងការចាប់ខ្លួនសកម្មជនបរិស្ថាន និង​សកម្មជនសិទ្ធិមនុស្ស ដែលកំពុងរងការរិះគន់ជាខ្លាំង​ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ​លោក ជិន ម៉ាលីន ប្រាប់ វីអូឌី ​​កាលពីថ្ងៃ​ម្សិលមិញ​ថា វាជាយុទ្ធនាការ​ផ្តោតលើសំណុំរឿងព្រហ្មទណ្ឌនៅកម្ពុជា អត់មានសំណុំរឿងនយោបាយឬ​អ្នកទោសនយោ​បាយ​ទេ។ លោកបន្តថា យុទ្ធនាការនេះក៏បានបង្ហាញពីលទ្ធផលជោគជ័យផងដែរ។

លោក​បន្តទៀតថា៖ «ការលើកឡើងខុសនឹងទិដ្ឋភាពច្បាប់។ ចំណែកលទ្ធផល​បង្ហាញពីជោគ​ជ័យ​នៃ​ការដោះស្រាយសំណុំរឿងកកស្ទះ ដោយសម្រេចបានរហូតដល់ ៩៦%»។

​យ៉ាងណា កាលពីថ្ងៃទី៤ ខែមិថុនា មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ​អះអាង​ថា ​ឆាប់ៗនេះ ​ក្រសួង​នឹ​ង​អនុ​វត្តយន្តការដោះលែងទណ្ឌិតដែល​អនុវត្ត​​ទោស​ជិតចប់​​តាមលក្ខ​ខណ្ឌ​ច្បាប់ ដើ​ម្បីកា​ត់បន្ថ​យភាពចង្អៀតណែនក្នុងពន្ធនាគារ និងយន្តការមួយចំនួន​ទៀត។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ធ្លាប់ឱ្យដឹង​ថា អ្នកជាប់ឃុំ​សរុប​នៅ​ទូទាំងប្រទេសមានចំនួនជិត៤០ ០០០​នាក់។ ដោយឡែក អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) កាលពីដើមឆ្នាំមុន បានបង្ហាញរបាយការណ៍មួយថា ​គិត​ត្រឹម​ខែ​មីនា ​ឆ្នាំ​​២០២០ ​អ្នក​ជាប់​ឃុំ​នៅ​ទូទាំង​ប្រទេស​​ជិត៤០ ០០០​​នាក់​ ខណៈ​ពន្ធនាគារ​​របស់​កម្ពុជា​អាច​ដាក់​អ្នកជាប់ឃុំ​បានប្រមាណ​២៦ ០០០​នាក់តែ​ប៉ុណ្ណោះ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ