លោកស្រី អ៊ុងសាន​ ស៊ូជី​ ប្រាប់​ពលរដ្ឋ​មី​យ៉ាន់ម៉ា​ឱ្យ​​ការពារ​ខ្លួន​ពី​​កូវីដ-១៩​ ខណៈ​អត្រា​អ្នក​ឆ្លង​កើន​ឡើង​

លោកស្រី អ៊ុងសាន ស៊ូជី ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅឯអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក កាលពីពេលកន្លងទៅ។ (UN Photo/Rick Bajornas)

មេដឹកនាំស៊ីវិលមីយ៉ាន់ម៉ាដែលត្រូវបានគេដេញចេញពីតួនាទី លោកស្រី អ៊ុងសាន ស៊ូជី បានអំពាវនាវ​​​ដល់​ប្រជាពលរដ្ឋរបស់ខ្លួនឱ្យ​​មានការប្រុងប្រយ័ត្នចំពោះ​វីរុស​កូវីដ-១៩ ខណៈ​ចំនួនអ្នកឆ្លង​មានការ​​​កើន​ឡើងនៅក្នុងប្រទេសនេះ។

យោងតាម​ទីភ្នាក់ងារព័ត៌មាន Reuters បានស្រង់ប្រសាសន៍របស់​លោកស្រី Min Min Soe មេធាវីការពារក្តីឱ្យ​លោកស្រី អ៊ុង​សាន ស៊ូជី មកចុះផ្សាយថា ការអំពាវនាវរបស់​​លោកស្រី អ៊ុង​សាន ស៊ូជី បានធ្វើឡើង​កាលពីថ្ងៃចន្ទ នៅពេលដែលអ្នកស្រីបង្ហាញខ្លួន​​ទៅតុលាការ។

ប្រភពដដែលបន្តថា លោកស្រី អ៊ុងសាន ស៊ូជី បាន​ជំរុញឱ្យពលរដ្ឋមីយ៉ាន់ម៉ាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ-១៩ ខណៈដែលករណីវិជ្ជមានប្រចាំថ្ងៃកើនឡើងខ្ពស់បំផុតគិតចាប់តាំងពីពាក់​កណ្តាល​ខែធ្នូមក​។

លោកស្រី Min Min Soe ថ្លែងថា៖ «លោកស្រី អ៊ុងសាន ស៊ូជី បានប្រាប់មេធាវីរបស់លោកស្រីឱ្យ​​មានការប្រុងប្រយ័ត្នចំពោះវីរុសកូវីដ-១៩ ដោយរម្លឹកយើងឱ្យ​លាងសម្អាតដៃញឹកញាប់និងពាក់ម៉ាស់។ លោកស្រីក៏បានស្នើឱ្យផ្ញើសារនេះទៅកាន់ប្រជាពលរដ្ឋឱ្យ​​មានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ-១៩ ផងដែរ»។

ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយរបបយោធា បានរាយការណ៍ពីករណីវិជ្ជមានវីរុស​កូវីដ-១៩ថ្មី ចំនួន១ ២២២ករណី កាលពីថ្ងៃច​ន្ទ ដែលជាតួលេខសរុបប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីពាក់​កណ្តាលខែធ្នូមក​។

ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារ​ព័ត៌មាន Reuters មិនអាច​ទាក់ទងក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ដើម្បីសុំការអត្ថាធិប្បាយបន្ថែមទាក់ទងទៅនឹងសាររបស់​លោកស្រី អ៊ុងសាន ស៊ូជី បាននោះ​ទេ។

គួរបញ្ជាក់​ថា ប្រព័ន្ធសុខាភិបាលមីយ៉ាន់ម៉ា និងយុទ្ធនាការប្រឆាំងនឹងវីរុសកូវីដ-១៩របស់ខ្លួន បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចាប់តាំងពីរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្តួលរំលំកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលបុគ្គលិកសុខាភិបាលជាច្រើនបានលា​ឈប់ពី​ការងារដើម្បី​ចូលរួមក្នុងការតវ៉ាប្រឆាំងនឹងរបបយោធា។

សារព័ត៌មានរបស់មីយ៉ាន់ម៉ា Global New Light កាលពីថ្ងៃច​ន្ទ ក៏បានចេញផ្សាយសេចក្តីណែនាំចំនួន១២​ចំណុច ស្តីពី ការការពារការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ផងដែរ សម្រាប់ឱ្យ​ប្រ​ជាពលរដ្ឋ​អនុវត្តតាម។

អ្នកជំនាញផ្នែកសុខាភិបាលមួយចំនួនបានលើកឡើងថា អត្រាពិតប្រាកដនៃការឆ្លងអាចនឹងខ្ពស់ជាងអត្រាដែលត្រូវបានបង្ហាញតាមរយៈតួលេខផ្លូវការ ដោយសារតែការធ្វើតេស្ត​រកវីរុសនេះបានធ្លាក់ចុះបន្ទាប់ពីការធ្វើរដ្ឋប្រហារ។

ការធ្វើតេស្តរកវីរុសកូវីដ-១៩របស់ពលរដ្ឋមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន មានជាមធ្យមប្រមាណជា៥ ៥០០នាក់​​ក្នុងមួយថ្ងៃ បើប្រៀបធៀបទៅនឹងចំនួនជាង១៧ ០០០នាក់​ក្នុងមួយថ្ងៃក្នុងអំឡុងសប្តាហ៍មុនពេលមានរដ្ឋប្រហារ។

ប្រទេសមីយ៉ាន់ម៉ា បានកត់ត្រាករណីវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន១៥៥ ៦៩៧ករណី និង​មាន​អ្នក​ស្លាប់​ចំនួន៣ ៣២០នាក់ គិតចាប់តាំងពីមាន​ការឆ្លងរី​ក​រាលដាល​ដំបូងនៃ​ជំងឺ​រាត​ត្បាត​នេះ។ នេះបើតាមការផ្សព្វផ្សាយ​​​ទិន្នន័យរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ