រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានដោះលែងអ្នកជាប់ឃុំដែលជាក្រុមបាតុករប្រឆាំងរដ្ឋប្រហារជាង២ ០០០នាក់ចេញពីពន្ធនាគារនៅទូទាំងប្រទេស និងទម្លាក់ការចោទប្រកាន់ទៅលើបុគ្គលល្បីៗផ្សេងទៀតដែលបានចូលរួមក្នុងបាតុកម្មប្រឆាំងរដ្ឋប្រហារ។
យោងតាមរបាយការណ៍ដែលផ្សព្វផ្សាយដោយទូរទស្សន៍រដ្ឋរបស់មីយ៉ាន់ម៉ា នៅថ្ងៃពុធ បានឱ្យដឹងថា យ៉ាងហោចណាស់ មានអ្នកទោសចំនួន៧០០នាក់ត្រូវបានដោះលែងចេញពីពន្ធនាគារ Insein ក្នុងទីក្រុងរ៉ង់ហ្គូន។
ទោះជាយ៉ាងណា ប្រធានពន្ធនាគារ Insein បានបដិសេធបញ្ជាក់ពីអត្តសញ្ញាណអ្នកដែលនឹងត្រូវបានដោះលែងពីទីតាំងរបស់ខ្លួននោះ។
ក្រោយការប្រកាសពីការដោះលែងក្រុមបាតុករទាំងនោះ មនុស្សប្រមាណជា២០០នាក់បានប្រមូលផ្ដុំគ្នានៅឯពន្ធនាគារ Insein ក្នុងទីក្រុងរ៉ង់ហ្គូន ដើម្បីរង់ចាំទទួលសាច់ញាតិ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ។
ប្រភពដដែលបន្តថា ការប្រកាសដោះលែងអ្នកទោសបន្ថែមទៀតនេះ ត្រូវបានឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលយោធារបស់ប្រទេសនេះបានទម្លាក់ការចោទប្រកាន់ទៅលើបុគ្គលល្បីៗចំនួន២៤នាក់ដែលរងការចោទពីបទ «ញុះញង់នៅក្នុងការប្រមូលផ្តុំ» កាលពីពេលកន្លងទៅ។
តារាសម្តែង បុគ្គលល្បីៗលើបណ្តាញសង្គម វេជ្ជបណ្ឌិត និងលោកគ្រូ-អ្នកគ្រូ ស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ដែលត្រូវបានប្រកាសចាប់ខ្លួនទាក់ទងទៅនឹងការប្រឆាំងក្រុមយោធាដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់ លោកស្រី អ៊ុងសាន ស៊ូជី។
បុគ្គលល្បីៗចំនួន១២០នាក់ទៀតដែលត្រូវបានប្រកាសចាប់ខ្លួននោះ រួមមាន តារាចម្រៀង Lin Lin និង Chit Thu Wai តារាសម្ដែង Phway Phway, Eaindra Kyaw Zin និង Pyay Ti Oo និងតារាម៉ូដែល May Myat Noe។ តារាសម្តែង និងជាតារាម៉ូដែល លោក Paing Takhon ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ ត្រូវបានចាប់ខ្លួនកាលពីខែមេសា ខណៈដែលតារាសម្តែង លោក Pyay Ti Oo និងភរិយា Eaindra Kyaw Zin ក៏ត្រូវបានចាប់ខ្លួនផងដែរ។
យោងតាមទូរទស្សន៍ Myawaddy បានឱ្យដឹងថា ការចោទប្រកាន់ប្រឆាំងនឹងអ្នកទាំង២៤នាក់ ត្រូវបានទម្លាក់ចោល ដោយសារតែការជាប់ពាក់ព័ន្ធរបស់ពួកគេគឺកើតឡើងដោយសារតែកត្តាខាងក្រៅ។
គិតចាប់តាំងពីឡើងកាន់អំណាច យោធាបានជួបប្រទះការលំបាកក្នុងការគ្រប់គ្រង ខណៈដែលការតវ៉ាបានកើតឡើងជារៀងរាល់ថ្ងៃ ហើយកូដកម្មបានបង្កជាផលប៉ះពាល់ដល់អាជីវកម្មនានា។
យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (Assistance Association for Political Prisoners) ដែលកំពុងឃ្លាំមើលស្ថានការនេះ បានឱ្យដឹងថា ដីកាចាប់ខ្លួនត្រូវបានចេញសរុបប្រមាណ២ ០០០ដីកា ចាប់តាំងពីមានរដ្ឋប្រហារក្នុងប្រទេសនេះ។ សមាគមដដែលបន្តថា មនុស្សជាង៥ ២០០នាក់ត្រូវបានឃុំខ្លួនគិតមកដល់បច្ចុប្បន្ន។
គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ការប្រឆាំងតវ៉ានៅតែបន្តកើតមានឡើងនៅទូទាំងប្រទេស ដោយក្រុមអ្នកតវ៉ាបានទាមទារឱ្យមានការបញ្ចប់ការគ្រប់គ្រងដោយយោធា ដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួននិងមេដឹកនាំនៃគណបក្សប្រឆាំងទាំងឡាយ៕









