តំណាងកម្មករក្រុមហ៊ុន ស៊ីនទ្រី លើកឡើងថា កម្មករមួយចំនួនកំពុងជួបបញ្ហាបាត់បង់ការងារ បន្ទាប់ពីក្រុមហ៊ុនថ្មី២ចាប់ផ្តើមប្រតិបត្តិការគ្រប់គ្រងនិងប្រមូលសំរាមបន្តក្រុមហ៊ុនបច្ចុប្បន្ននៅតំបន់បែងចែក២ក្នុងចំណោម៣នៃរាជធានីភ្នំពេញ។
តាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនថ្មីទាំងនោះ មួយមានឈ្មោះ Mizuda Sanitation ទទួលបានសិទ្ធិសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមនៅខណ្ឌ៥ រួមមាន ខណ្ឌដូនពេញ ៧មករា ដង្កោ ពោធិ៍សែនជ័យ និងខណ្ឌកំបូល ចំណែកមួយទៀតមានឈ្មោះ 800 Super ទទួលបានសិទ្ធិនៅខណ្ឌ៥ទៀត រួមមាន ខណ្ឌទួលគោក ឫស្សីកែវ សែនសុខ ជ្រោយចង្វារ និងព្រែកព្នៅ ខណៈក្រុមហ៊ុន ស៊ីនទ្រី បន្តកាន់កាប់សិទ្ធិនៅខណ្ឌចំការមន បឹងកេងកង មានជ័យ និងច្បារអំពៅ។
ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុន ស៊ីនទ្រី លោក កៅ សុខវ៉ាត លើកឡើងថា កម្មករក្រុមហ៊ុន ស៊ីនទ្រី មួយចំនួនដែលបម្រើការនៅតាមបណ្តាខណ្ឌដែលត្រូវបានក្រុមហ៊ុនថ្មីចូលគ្រប់គ្រង កំពុងប្រឈមការគ្មានការងារធ្វើ ដោយសារក្រុមហ៊ុនថ្មីទាំងនោះមិនបានជ្រើសយកកម្មករក្រុមហ៊ុន ស៊ីនទ្រី ដែលបានដាក់ពាក្យស្នើសុំការងារធ្វើតាមការប្រកាសទាំងអស់ទេ។
លោកនិយាយថា៖ «ពីរក្រុមហ៊ុនហ្នឹងគាត់ធ្វើខុសពីអនុសាសន៍របស់សម្តេច ក៏ដូចជាបទបញ្ជារបស់សាលារាជធានីភ្នំពេញ ថាមិនឱ្យបាត់បង់កម្មករ ឥលូវពីរក្រុមហ៊ុនហ្នឹងគាត់បានរើសដោយខ្លួនឯង រើសកម្មករថ្មី រើសតៃកុងឡានថ្មីចូលធ្វើការ អ៊ីចឹងពួកខ្ញុំជាកម្មករចាស់នេះ គឺបានចាល់ សល់ច្រើន ឥលូវមិនទាន់មានដំណោះស្រាយទេ»។
តំណាងកម្មករនិយោជិតប្រចាំក្រុមហ៊ុនរូបនេះ បន្តថា លោកបានដាក់លិខិតសុំការអន្តរាគមន៍រកដំណោះស្រាយពីរដ្ឋបាលរាជធានីភ្នំពេញរួចហើយនៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ តែលោកថា លោកមិនទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយ។ លោក កៅ សុខវ៉ាត បន្ថែមថា ប្រសិនបើមិនទទួលបានដំណោះស្រាយសមរម្យណាមួយ ពួកគេនឹងធ្វើការតវ៉ា។
វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី និងអគ្គនាយកក្រុមហ៊ុនស៊ីនទ្រី លោក សេង សាវី បានទេ នៅថ្ងៃទី១ ខែកក្កដានេះ។
ជំនួយការតំណាងការិយាល័យក្រុមហ៊ុន Mizuda ប្រចាំនៅកម្ពុជា លោក សៀង សមុទ្ទមាស លើកឡើងថា កិច្ចព្រមព្រៀងក្នុងការធានាមិនឱ្យកម្មករបាត់បង់ការងារធ្វើ គឺធ្វើឡើងរវាងរដ្ឋបាលសាលាក្រុង និងកម្មករនិយោជិតរបស់ក្រុមហ៊ុនស៊ីនទ្រី។ លោកបន្តថា ការជ្រើសរើសបុគ្គលិកកម្មករ ត្រូវធ្វើឡើងដោយផ្អែកលើឯកសារត្រឹមត្រូវនិងសមរម្យរបស់អ្នកដាក់ពាក្យម្នាក់ៗ។
យ៉ាងណា ប្រភពដដែលនិយាយថា ក្នុងចំណោមកម្មករចំនួនជាង៥០០នាក់ដែលក្រុមហ៊ុនលោកជ្រើសយកសម្រាប់ប្រតិបត្តិការការងារក្នុងដំណាក់កាលចាប់ផ្តើមនេះ មាន៨០ភាគរយជាអតីតកម្មករនិយោជិតក្រុមហ៊ុន ស៊ីនទ្រី ហើយក្រុមហ៊ុននឹងជ្រើសរើសបន្ថែមនៅពេលអនាគតទៅតាមតម្រូវការនិងស្ថានភាពជាក់ស្តែង។
លោក សមុទ្ទមាស និយាយថា៖ «ធម្មតា យើងមិនអាចទៅអូសទាញបុគ្គលិកកម្មកររបស់គាត់បានទេ ព្រោះនៅក្នុងអំឡុងពេលពួកគាត់កំពុងប្រតិបត្តិការ អ៊ីចឹងខ្ញុំមានតែធ្វើការជ្រើសរើសតាមធម្មតា។ អ្នកណាដែលស្ម័គ្រចិត្តចូលមក ក្រុមហ៊ុនយើងខ្ញុំនឹងទទួលយក ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនយើងខ្ញុំក៏បានរើសគ្រប់ហើយ ប៉ុន្តែនិយាយរួមទៅ បានមកពីខាងនោះខ្លះ បានមកពីខាងក្រៅខ្លះ ផ្សំគ្នា»។
ដោយឡែក នាយកគម្រោងនៃក្រុមហ៊ុន 800 Super ដែលមានឈ្មោះថា ប្រ្វាង់ បដិសេធមិនផ្តល់សម្ភាសតាមទូរសព្ទ និងមិនទាន់ឆ្លើយតបនឹងសំណួរតាមសារអេឡិចត្រូនិចទេ នៅថ្ងៃទី១ ខែកក្កដានេះ។
រដ្ឋបាលរាជធានីភ្នំពេញ បានដកហូតសិទ្ធិកាន់កាប់ប្រតិបត្តិការប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រី មកគ្រប់គ្រងក្នុងឆ្នាំ២០១៩ បន្ទាប់ពីលក្ខខណ្ឌការងារនិងសេវាកម្មរបស់ក្រុមហ៊ុនត្រូវបានចោទថាមានភាពខ្វះចន្លោះ ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សន្យាថា នឹងបង្កើនប្រសិទ្ធភាពសេវាកម្មសម្អាតនិងប្រមូលសំរាមក្នុងទីក្រុងឱ្យបានល្អប្រសើរ ដែលធ្វើឡើងតាមរយៈការបែងចែកសិទ្ធិប្រមូលសំរាមទៅឱ្យក្រុមហ៊ុនផ្សេងគ្នា។
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានសន្យាជាលាយលក្ខណ៍អក្សរជាមួយកម្មករនិយោជិតក្រុមហ៊ុន ស៊ីនទ្រី ដែលមានប្រមាណ២ ១៥០នាក់ ដោយធានាការផ្តល់សំណងបញ្ចប់កិច្ចសន្យាការងារស្របទៅតាមច្បាប់ និងមិនឱ្យពួកគេបាត់បង់ការងារពេលក្រុមហ៊ុនថ្មីដែលឈ្នះការដេញថ្លៃចូលមកគ្រប់គ្រងនិងប្រមូលសំរាមជំនួសក្រុមហ៊ុនរបស់ពួកគេ។ ការសន្យានេះធ្វើឡើងបន្ទាប់ពីកម្មករក្រុមហ៊ុនប្រមូលសំរាមមួយនេះ បានផ្ទុះកូដកម្មតវ៉ាមិនទៅធ្វើការអស់រយៈពេលជិត១សប្តាហ៍៕









