អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ជំរុញដល់របបយោធាមីយ៉ាន់ម៉ាដោះលែងមេដឹកនាំដែលត្រូវដកចេញពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី និងអតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint។
ការជំរុញនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរបបយោធាមីយ៉ាន់ម៉ាបានដោះលែងក្រុមបាតុករប្រឆាំងរដ្ឋប្រហារជាង២ ០០០នាក់ កាលពីថ្ងៃពុធ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្តីអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោកស្រី Eri Kaneko កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា៖ «យើងសូមអំពាវនាវសារជាថ្មីម្តងទៀតឱ្យមានការដោះលែងជាបន្ទាន់នូវអ្នកដែលត្រូវបានជាប់ឃុំទាំងអស់ ដែលក្នុងនោះរួមមាន អតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint និងលោកស្រី អ៊ុងសាន ស៊ូជី»។
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពច្របូកច្របល់គិតចាប់តាំងពីក្រុមយោធាបានដណ្តើមយកអំណាចមកគ្រប់គ្រងកាលពីថ្ងៃទី១ ខែកុម្ភៈ និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឱ្យដឹងថា របបយោធាមីយ៉ាន់ម៉ាបានដោះលែងបាតុករប្រឆាំងរដ្ឋប្រហារជាង២ ០០០នាក់ ក្នុងនោះមានទាំងអ្នកសារព័ត៌មាននិងបុគ្គលផ្សេងទៀតដែលត្រូវបានចោទប្រកាន់ដោយរបបយោធាពីបទ «ញុះញង់ឱ្យមានការតវ៉ា»។
អ្នកប្រឆាំងរបបយោធាជាច្រើនត្រូវបានជាប់ឃុំឃាំង ខណៈដែលមនុស្សមួយចំនួនទៀតត្រូវបានកាត់ទោសក្រោមច្បាប់ព្រហ្មទណ្ឌ ដោយចោទពីការអត្ថាធិប្បាយដែលបង្កឱ្យមានការភ័យខ្លាចឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
ជាមួយគ្នានេះផងដែរ លោកស្រី អ៊ុងសាន ស៊ូជី ក៏ជាស្ត្រីមួយរូបដែលរបបមួយនេះបានកាត់ទោសចំពោះបទឧក្រិដ្ឋស្រដៀងគ្នានេះដែរ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំខ្លួននៅឡើយ។
លោកស្រី Eri Kaneko ត្រូវបានស្រង់ប្រសាសន៍បន្ថែមថា៖ «យើងនៅតែមានការព្រួយបារម្ភជាខ្លាំង ចំពោះអំពើហិង្សាដែលបន្តកើតមានឡើង ការគំរាមកំហែង រួមទាំងការចាប់ខ្លួនតាមអំពើចិត្តពីសំណាក់កងកម្លាំងសន្តិសុខ»៕