សហរដ្ឋអាមេរិក បានបន្តដាក់កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីឃ្លាំមើល (Tier 2 Watch List) នៃការជួញដូរមនុស្ស ដែលមានន័យថា កម្ពុជាបានខិតខំតិចតួចបំផុតក្នុងការទប់ស្កាត់អំពើជួញដូរមនុស្សនៅឆ្នាំ២០២១នេះ។
នៅក្នុងរបាយការណ៍វាយតម្លៃពីស្ថានភាពនៃការជួញដូរមនុស្សជាសកលប្រចាំឆ្នាំ២០២១ របស់ក្រសួងការបរទេសអាមេរិក ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដានេះ បានលើកឡើងថា កម្ពុជាស្ថិតនៅក្នុងលំដាប់ថ្នាក់ទី២ នៃបញ្ជីឃ្លាំមើល (Tier 2 Watch List) ជាមួយនឹងប្រទេសជាច្រើនទៀត ដូចជា ប្រុយណេ ប៊ូគីណាហ្វាសូ ប៊ូរុនឌី កាម៉េរូន ប្រទេសឆាដ កុងហ្គោ ហុងកុង ហៃទី និងប្រទេសមួយចំនួនទៀត។
របាយការណ៍នេះបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ថាមិនបានគោរពឱ្យបានពេញលេញតាមបទដ្ឋានអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្សនោះទេ ហើយថា អំពើពុករលួយនៅតែបន្តរារាំងដល់ការអនុវត្តច្បាប់ នីតិវិធីព្រហ្មទណ្ឌ និងការផ្តល់សេវាដល់ជនរងគ្រោះ។
របាយការណ៍ដដែលបន្តទៀតថា កម្ពុជាបានខកខានក្នុងការបង្កើតនិងអនុវត្តប្រព័ន្ធឃ្លាំមើលនិងប្រព័ន្ធយុត្តិធម៌ ដែលបានបន្តធ្វើឱ្យអ្នកជួញដូរមនុស្សស្ថិតនៅក្រៅសំណាញ់ច្បាប់។ របាយការណ៍នេះក៏បានរិះគន់ដែរថា កម្ពុជាមិនបានផ្តល់សេវាគាំពារគ្រប់គ្រាន់ឡើយសម្រាប់ជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេស ដោយសាររដ្ឋាភិបាលបានពឹងផ្អែកយ៉ាងខ្លាំងទៅលើម្ចាស់ជំនួយបរទេសឬអង្គការក្រៅរដ្ឋាភិបាលទៅវិញ។
ឆ្លើយតបទៅនឹងរបាយការណ៍នេះ លោកស្រី ជូរ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស អស់សំណើចចំពោះរបាយការណ៍នេះ។ លោកស្រីថា រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងជាខ្លាំងក្នុងការទប់ស្កាត់អំពើជួញដូរមនុស្សនេះ។
លោកស្រីបានថ្លែងថា៖ «នៅក្នុងដំណាក់កាលមួយដែលមានកូវីដ-១៩ផង ដៃម្ខាងធ្វើការងារគ្រប់បែបយ៉ាង ជាពិសេសពីខាងការជួញដូរមនុស្សហ្នឹង បើសូម្បីតែការបង្ក្រាបក៏បានច្រើនជាងមុន ហើយយើងក៏នៅតែបន្តធ្វើការអប់រំផ្សព្វផ្សាយ បន្តស្រាវជ្រាវ ដាក់ទោសទណ្ឌ អ៊ីចឹងខ្ញុំគិតថា វាមិនដឹងថាធ្វើយ៉ាងម៉េចទៀតដែលហៅថាប្រឹងប្រែង? ចំពោះយើងវាមិនល្អណាស់ណាទេ ព្រោះលេខ២ឃ្លាំមើលហ្នឹង ជាចំណាត់ថ្នាក់ដែលថាយើងអត់ប្រឹងប្រែង។ អ៊ីចឹងពាក្យអត់ប្រឹងប្រែងហ្នឹង យើងពិបាកនឹងយល់ មិនដឹងថាហេតុអីថាមិនប្រឹងប្រែង ដោយសារយើងខំប្រឹងហើយ ប៉ុន្តែបើនៅតែយល់ថាមិនប្រឹងទៀត អាម៉េចទៅដែលហៅថាប្រឹង?»
បើតាមលោកស្រី ជូរ ប៊ុនអេង ក្នុងរយៈពេល៦ខែឆ្នាំ២០២១នេះ រដ្ឋាភិបាលកម្ពុជាបង្ក្រាបបានករណីជួញដូរមនុស្សបានចំនួន៥៨ករណី។ ចំនួននេះបានកើនឡើងមួយទ្វេជាពីរ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលការបង្ក្រាបបានចំនួនជាង២០ករណី។ លោកស្រីថា នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រសួងយុត្តិធម៌នឹងបង្ហាញរបាយការណ៍កាត់ទោសអ្នកជួញដូរមនុស្ស ដើម្បីផ្សព្វផ្សាយឱ្យសាធារណជនបានដឹង។
បើផ្អែកតាមរបាយការណ៍នេះ មានន័យថា អំពើជួញដូរមនុស្សនៅកម្ពុជាបានស្ថិតនៅក្នុងលំដាប់ថ្នាក់ទី២ក្នុងបញ្ជីឃ្លាំមើលនេះ ចំនួន៣ឆ្នាំជាប់ៗគ្នាចាប់ពីឆ្នាំ២០១៩មក។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្ស (លីកាដូ) លោក អំ សំអាត បានចាត់ទុកថា ចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជានៅតែមានអំពើជួញដូរមនុស្សជាបន្តទៅទៀត។ លោកបានលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជាខិតខំបន្ថែមទៀត ដើម្បីបង្ការនិងទប់ស្កាត់អំពើជួញដូរមនុស្សជាបន្តទៅទៀត បើមិនដូច្នោះទេ ចំណាត់ថ្នាក់នេះនៅតែស្ថិតនៅក្នុងចំណាត់ថ្នាក់ដដែលឬអាចធ្លាក់ចុះថែមទៀត។
លោកថា៖ «ពីព្រោះចំណាត់ថ្នាក់នេះ គេធ្វើតាមបណ្តាប្រទេសនៅលើពិភពលោក អ៊ីចឹងបើចំណាត់ថ្នាក់យើងនៅតែមិនទាន់ល្អ វាជះឥទ្ធិពលមិនល្អទេ ទី១ ចំពោះសិទ្ធិមនុស្ស ទាក់ទងនឹងស្ថានភាពនៃការជួញដូរមនុស្ស អ៊ីចឹងស្ថានភាពហ្នឹងក៏វាប៉ះពាល់ដែរទាក់ទងនឹងមុខមាត់ ហើយនិងការរិះគន់សម្រាប់កម្ពុជា ទាក់ទងនឹងយន្តការ ឬក៏ការទប់ស្កាត់ការជួញដូរ ឬក៏ការបង្ក្រាបការជួញដូរមនុស្សហ្នឹង។ អ៊ីចឹងយើងក្នុងនាមជាអង្គការសង្គមស៊ីវិលដែលធ្វើការងារខាងសិទ្ធិមនុស្សហ្នឹង សូមលើកទឹកចិត្តឱ្យរដ្ឋាភិបាលបន្តខិតខំប្រឹងប្រែងបន្ថែមទៀត និងបង្កើនយន្តការបន្ថែមធ្វើការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនេះ»។
របាយការណ៍ក្រសួងការបរទេសអាមេរិកស្តីពីការជួញដូរមនុស្សនេះ ក៏បានដាក់ប្រទេសកូរ៉េខាងជើង រុស្ស៊ី និងចិន រួមទាំងប្រទេសចំនួន៨ផ្សេងទៀត រួមមាន ប្រទេសអាហ្វហ្កានីស្ថាន មីយ៉ាន់ម៉ា គុយបា អេរីត្រេ អ៊ីរ៉ង់ ស៊ូដង់ខាងត្បូង ស៊ីរី និងប្រទេសតួកម៉េនីស្ថាន ក្នុងបញ្ជីជួញដូរមនុស្សនិងបង្ខំកម្លាំងពលកម្មដ៏អាក្រក់បំផុត៕
អត្ថបទទាក់ទង
ស៊ើបអង្កេត៖ ជំនួញកូនក្រមុំទៅចិននៅតែមាន ខណៈសមត្ថកិច្ចថាក្រុមឧក្រិដ្ឋជនមានបណ្តាញច្រើន
តើថ្ងៃណាទើបចេញផុតនិងមានសេរីភាពដូចគេ?
នេះជាសំណេររបស់ស្ត្រីខ្មែរម្នាក់ដែលរស់នៅក្នុងខេត្តក្រចេះ ត្រូវបានចាញ់បោកមេខ្យល់យកទៅលក់នៅប្រទេសចិនដែលបានសរសេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ នាងត្រូវបានមេខ្យល់បោកយកទៅលក់នៅប្រទេសចិន ទៅឱ្យគ្រួសារចិនមួយនៅក្នុងខេត្តហឺណាន។