ពលរដ្ឋ​ខ្មែរ​ឥស្លាម​ខ្លះ​រសាត់​អណ្តែត​គ្មាន​កោះ​ត្រើយ​ ក្រោយ​ពេល​អាជ្ញាធរ​បណ្តេញ​ចេញ​

(ខាងឆ្វេង) អ្នកស្រី យ៉ា រ៉យ៉ាន់ បីកូនប្រុសដែលទើបមានអាយុជាង៤ខែ ក្នុងកូនខ្ទមតូចមួយជាបណ្ដោះអាសន្នក្រោយរងការបណ្ដេញចេញមិនឱ្យរស់នៅលើផ្ទះបណ្ដែតទឹក ស្ថិតនៅភូមិចុងកោះ ក្នុងសង្កាត់ជ្រោយចង្វា ក្បែរច្រាំងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ (ទុយ អេងលី)

ភ្នំពេញ៖ នៅប្របមាត់ច្រាំងទន្លេមេគង្គ ក្បែរសណ្ឋាគារសុខា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ អ្នកស្រី យ៉ា រ៉យ៉ាន់ និង​ពលរដ្ឋខ្មែរ-ឥស្លាម ៤នាក់ទៀត កំពុងអង្គុយជជែកគ្នានៅក្នុងខ្ទមតូចមួយ ដើម្បីស្វែងរកទីជម្រកថ្មីទៅរស់នៅបន្ត បន្ទាប់ពីរដ្ឋបាល​រាជធានីភ្នំពេញចេញបញ្ជា​ឱ្យរុះរើផ្ទះបណ្តែតទឹកនិងទូកនេសាទតាមបណ្តោយទន្លេមេគង្គ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រោមហេតុផលរៀបចំសោភ័ណភាពតាមដងទន្លេនេះ។

ក្រុមប្រជានេសាទខ្មែរឥស្លាមទាំងនោះបានបង្ហាញក្តីបារម្ភដូចគ្នាថា ពួកគេមិនទាន់អាចរកកន្លែងស្នាក់អាស្រ័យបានទេ ដោយសារតែកត្តាជីវភាព ហើយអាជ្ញាធរទុករយៈពេលខ្លីក្នុងការចាកចេញពីលើទឹកទន្លេដែលបង្ក​ការលំបាកដល់ពួកគេ បើទោះបីជាអាជ្ញាធរបានជំរុញឱ្យក្រុមពលរដ្ឋដែលរងការបណ្តេញចេញទាំងនោះទៅតាំងទីលំនៅ​នៅតំបន់ក្អមសំណ ក្បែរព្រំដែនវៀតណាមក៏ដោយ ប៉ុន្តែប្រជានេសាទទាំងនោះអះអាងថា ទីនោះពិបាករស់នៅ ដោយ​សារ​តែទន្លេធំពេកហើយមានទឹកជ្រៅ។

អ្នកស្រី យ៉ា រ៉យ៉ាន់ វ័យ៣០ឆ្នាំ ដែលកំពុងបីកូនប្រុសអាយុទើបតែជាង៤ខែបីថ្ងៃនៅនឹងដៃផង​​នោះ បានឱ្យដឹងថា អ្នកស្រីបានមករស់នៅនៅភូមិចុងកោះ សង្កាត់ជ្រោយចង្វារ ក្បែរច្រាំងទន្លេ​នេះ​ ជាមួយឪពុកម្តាយដែលជាអ្នកនេសាទតាំងពីដូនតាមក ហើយអ្នកស្រីក៏បានឆ្លៀត​ធ្វើជាកម្មករឱ្យរោងចក្រទឹកត្រីមួយកន្លែង ដើម្បីចិញ្ចឹម​ជី​វិត។

ចំណែកប្តីអ្នកស្រី​វិញ ក្រៅពីការ​នេសាទក៏ធ្វើជាកម្មករសំណង់ផងដែរ ដែលបច្ចុប្បន្នត្រូវទទួលបន្ទុកចិញ្ចឹម​កូន​ប្រុស៣នាក់ ដោយកូន២នាក់ស្ថិតក្នុងវ័យសិក្សានៅឡើយ ចំណែកកូនប្រុសពៅវិញអាយុទើបតែជាង​៤ខែប៉ុណ្ណោះ។ អ្នកស្រីបន្តថា ដោយសារតែជីវភាពក្រីក្រលំបាក អ្នកស្រីមិនទាន់មានលទ្ធភាពអាចទៅរកកន្លែងថ្មី ដើម្បីរស់នៅបាននៅឡើយទេ។

យ៉ាងណាក្តី ពលរដ្ឋខ្មែរឥស្លាមរូបនេះឱ្យដឹងទៀតថា មានតំណាងពលរដ្ឋខ្មែរឥស្លាមមួយរូបបាន​ឱ្យពលរដ្ឋខ្មែរឥស្លាម​ដែលត្រូវបណ្តេញចេញ​ប្រមាណ២០០​គ្រួសារផ្សេងទៀត ផ្តិតមេដៃ ដើម្បីស្នើសុំទៅកាន់អាជ្ញាធររកទីតាំងថ្មីឱ្យពួកគេ ប៉ុន្តែអ្នកស្រីថា មានតែពលរដ្ឋខ្មែរឥស្លាមតែជាង៦០គ្រួសារប៉ុណ្ណោះដែលត្រូវជ្រើសយកទៅកាន់ទីតាំងថ្មីនោះ។

អ្នកស្រី យ៉ា រ៉យ៉ាន់ បីកូនប្រុសដែលទើបមានអាយុជាង៤ខែ ក្នុងកូនខ្ទមតូចមួយជាបណ្ដោះអាសន្ន ស្ថិតនៅភូមិចុងកោះ ក្នុងសង្កាត់ជ្រោយចង្វា ក្បែរច្រាំងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ (ទុយ អេងលី)
អ្នកស្រី យ៉ា រ៉យ៉ាន់ បីកូនប្រុសដែលទើបមានអាយុជាង៤ខែ ក្នុងកូនខ្ទមតូចមួយជាបណ្ដោះអាសន្ន ស្ថិតនៅភូមិចុងកោះ ក្នុងសង្កាត់ជ្រោយចង្វា ក្បែរច្រាំងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ (ទុយ អេងលី)

អ្នកស្រី យ៉ា រ៉យ៉ាន់ រៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនអស់ចិត្តទេ ពេលផ្តិតមេដៃ ផ្តិតទាំងអស់គ្នា ថា២០០គ្រួសារ! ចុះពេលបានស៊ីបានចុក ផ្តិតមេដៃ ហៅពួកខ្ញុំទៅទាំងយប់ទាំងថ្ងៃ រៃលុយគ្នា តែ​ពេលបានលទ្ធផល គាត់បានដីបានផ្ទះ បានតែ [ប្រហែល] ៦៥គ្រួសារគាត់ទេ។ ខ្ញុំឈឺចិត្តណាស់ ខ្ញុំយំតាំងពីព្រឹកដល់ឥលូវ ខ្ញុំសុំគាត់ទៅទៀត គាត់ថា​ ហ្អែងអត់បានទៅទេ កូន!»

បើទោះបីជាមិនទាន់មានទីតាំងថ្មី ដើម្បីទៅរស់នៅបន្តក៏ដោយ ក៏អ្នកស្រីនិងអ្នកនេសាទផ្សេងទៀតមិនអាចតាំងទីលំនៅលើទីតាំងចាស់នេះបន្តទៀតឡើយ ។

អ្នកស្រីនិយាយថា៖ «បើយើងមិនចេញ ក៏ត្រូវតែចេញដែរ វគ្គនេះនោះ! ខ្ញុំត្រូវតែចេញ ខ្ទមនេះខ្ញុំត្រូវតែរុះចេញ ព្រោះខ្ញុំមិនដឹងទៅទីតាំងណាទេ ផ្ទះជួលក៏គេមិនឱ្យយើងជួលដែរ ព្រោះឥលូវជំងឺសាហាវ ខ្ញុំមិនដឹងទៅណាទេបង! មានតែគាត់ដេញ ខ្ញុំដើរទៅរើសអេតចាយតាមផ្លូវ អីវ៉ាន់​ចានឆ្នាំងអី ក៏ខ្ញុំលក់ឱ្យគេអស់ដែរ ខ្ញុំអត់ទុកទេ! ព្រោះខ្ញុំអត់មានទីតាំងនៅ»។

ប្រជានេសាទខ្មែរឥស្លាមម្នាក់ទៀត លោក ម៉ាត់ អៃយ៉ោប ដែលប្រកបមុខរបរនេសាទជាង៣០ឆ្នាំ​ហើយ ក៏ត្រូវត្រៀមចាកចេញពីលើទឹកដែរនោះ បានប្រាប់ថា លោកមិនទាន់អាចរកទីតាំងថ្មី ដើម្បីទៅសំចតទូកនេសាទជាអចិន្រ្តៃយ៍បាននៅឡើយទេ ហើយថា ទីតាំងដែលអាជ្ញាធរឱ្យលោកទៅរស់នៅតំបន់ក្អមសំណ ក៏លោកមិនអាចទៅនៅបានដែរ ព្រោះតែទឹកទន្លេជ្រៅនិងច្រាំងទន្លេខ្ពស់ពេក ពិបាកក្នុងការសំចតទូក ដើម្បី​ប្រកបរបរនេសាទ។

អ្នកនេសាទវ័យ៥៣ឆ្នាំរូបនេះបានបញ្ជាក់ថា​ ក្រុមអ្នកភូមិក៏បានស្នើសុំអាជ្ញាធររកទីតាំងថ្មី ដើម្បីរស់នៅសមស្របដែរ ប៉ុន្តែលោកថា ហាក់មិនទាន់មានដំណោះស្រាយនៅឡើយ។

លោក ម៉ាត់ អៃយ៉ោប ជាប្រជានេសាទខ្មែរឥស្លាមម្នាក់ទៀតដែលកំពុងតាំងទីលំនៅជាបណ្ដោះអាសន្នក្រោយរងការបណ្ដេញចេញមិនឱ្យរស់នៅលើផ្ទះបណ្ដែតទឹក ស្ថិតនៅភូមិចុងកោះ ក្នុងសង្កាត់ជ្រោយចង្វា ក្បែរច្រាំងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ (ទួក ពិសិដ្ឋ)
លោក ម៉ាត់ អៃយ៉ោប ជាប្រជានេសាទខ្មែរឥស្លាមម្នាក់ទៀតដែលកំពុងតាំងទីលំនៅជាបណ្ដោះអាសន្នក្រោយរងការបណ្ដេញចេញមិនឱ្យរស់នៅលើផ្ទះបណ្ដែតទឹក ស្ថិតនៅភូមិចុងកោះ ក្នុងសង្កាត់ជ្រោយចង្វា ក្បែរច្រាំងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ (ទួក ពិសិដ្ឋ)

លោក ម៉ាត់ អៃយ៉ោប៖ «គេដេញហើយ យើងត្រូវតែចេញហ្នឹងហើយ បើចេញហើយ ចេះតែចេញដំណើរទៅ។ កន្លែងណាមានដីទំនេរ យើងជ្រកម៉ាកន្លែងសិនទៅ ព្រោះកន្លែងដីគេ គេមិនឱ្យជ្រកទៀត វាមានតែដីរដ្ឋហ្នឹងហើយ។ បើដីមាត់កំពង់គេ ឬមួយដីកន្លែងផ្ទះគេ គេមិនឱ្យយើងជ្រកទេ»។

ពាក់ព័ន្ធករណីនេះ តំណាងពលរដ្ឋខ្មែរឥស្លាម លោក អ៊ី យូ មានប្រសាសន៍ថា មានពលរដ្ឋខ្មែរឥស្លាមតែ ៥៩គ្រួសារប៉ុណ្ណោះ ដែលស្នាក់នៅអចិន្រៃ្តយ៏ក្រោមការគ្រប់គ្រងរបស់លោកនៅក្នុងភូមិចុងកោះ សង្កាត់ជ្រោយចង្វារនេះ ហើយថា តំបន់នេះក៏មានក្រុមពលរដ្ឋខ្មែរឥស្លាមមកពីបណ្តាខេត្តផ្សេងៗបានមកតាំងទីលំនៅទីនេះប្រមាណជិត២០០គ្រួសារដែរ។

លោកបន្តថា៖ «ការធ្វើលិខិតស្នាមផ្តិមមេដៃនោះ គឺដើម្បីពន្យារពេលស្នើសុំការរុះរើរោងនិងទូកចេញពីទីតាំងចាស់តែប៉ុណ្ណោះ ហើយទីតាំងដែលអាជ្ញាធរអនុញ្ញាតឱ្យប្រជានេសាទទៅរស់នៅ​​បន្ត គឺស្ថិតក្នុងតំបន់ក្អមសំណ ជាប់ព្រំប្រទល់ប្រទេសវៀតណាមតែប៉ុណ្ណោះ»។

យ៉ាងណាក្តី លោកថា មានពលរដ្ឋចំនួន៤១គ្រួសារបានទៅតាំងទីលំនៅបណ្តោះអាសន្ននៅលើដីមួយ​កន្លែងដែលស្ថិតក្នុងភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដែលជាទីតាំងដែល​សហគមន៍ឥស្លាមមួយក្នុងប្រទេសម៉ាឡេស៊ី ​ធ្លាប់ផ្តល់ជូនឱ្យពលរដ្ឋខ្មែរ​ឥស្លាមរស់នៅជា​សហគមន៍ជាង៨០គ្រួសាររួចមកហើយ ចំណែកឯពលរដ្ឋខ្មែរឥស្លាមដែលមិនស្ថិតក្នុងការគ្រប់គ្រងរបស់លោក គឺលោកមិនបានដឹងនោះទេ។

លោក អ៊ី យូ ថ្លែងបន្ថែមថា៖ «ដូចខ្ញុំបានមកទីតាំងហ្នឹងអ៊ីចឹងដែរ ប៉ុន្តែខ្ញុំអត់បានយក[ស្នាម]មេដៃគេទេ កុំតាមប្រជាជនអស់ហ្នឹង! គេមកដល់គោលដៅ បានគេកត់ឈ្មោះ អ្នកណាមកប៉ុន្មាននាក់ ១០នាក់ គេយក១០នាក់ មក២០នាក់ គេយក២០នាក់! អ៊ីចឹងលក្ខណៈនេះ គ្រាន់តែពន្យារចោលសិនទេ យើងមានដីមានធ្លី អាហ្នឹងបានយើងយកពិតប្រាកដ។ អ្នកណាមកដល់ទីតាំងកន្លែងគេហ្នឹង គេកត់ឈ្មោះហើយ ដើម្បីយើងការពារខាងអាជ្ញាធរដែនដីគេរៀបចំឱ្យយើង […] ពិតមិនពិត ដីធ្លីអីគេអត់ទាន់មានទេ ប៉ុន្តែគាត់សុំស្នាក់អាស្រ័យសិនតែប៉ុណ្ណឹង»។

ជុំវិញករណីនេះ VOD មិនអាចសុំការបំភ្លឺពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាននោះទេ ដោយសារលោកបានចុចបិទទូរសព្ទនៅពេលដែលមានការហៅចូលជាច្រើនលើក។

ចំណែកអភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន មានប្រសាសន៍ថា លោកមិនមានភារកិច្ចដើម្បីឆ្លើយតបបញ្ហានេះទេ ។

លោក​ថា៖ «អាចជួយសួរទៅអ្នកនាំពាក្យទៅ ព្រោះខ្ញុំអត់មានភារកិច្ចនេះផង ដើម្បីឆ្លើយតបផង ហើយខ្ញុំអត់កាន់ការងារហ្នឹងផ្ទាល់ផង»។

ប៉ុន្តែអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ក៏ពុំអាចសុំការឆ្លើយតបបានដែរ ដោយសារទូរសព្ទរបស់លោកមិនមានអ្នកទទួលនៅពេលដែលមានការហៅចូល។

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយដោយតម្រូវ​ឱ្យប្រជាពលរដ្ឋដែលរស់នៅលើផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី​ និង​សំណង់​មិន​រៀបរយតាមដងទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវរុះរើចេញយ៉ាងយូរ១សប្តាហ៍តែប៉ុណ្ណោះ។

លុះដល់ថ្ងៃកំណត់ឱ​សាន​វាទ ពោលគឺថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរបានពន្យារពេលឱ្យពលរដ្ឋ៣ថ្ងៃទៀត រហូតដល់ថ្ងៃទី១២ ខែ​មថុនា ដោយបញ្ជាក់ថា បើប្រជាពលរដ្ឋណាដែលមិនរុះរើនោះទេ អាជ្ញាធរនឹងទៅរុះរើដោយផ្ទាល់ ហើយ​រាល់ការខូចខាតទ្រព្យសម្បត្តិ មិនទទួល​ខុសត្រូវនោះទេ។

បើតាមសេចក្តីជូនដំណឹងដដែល ការ​រស់នៅ​និង​ប្រកប​មុខរបរ​លើ​ផ្ទៃ​ទឹកទន្លេ​​នេះបាន​ធ្វើឱ្យ​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី មាន​ចរន្តទឹក​ហូរ​ គោក​រាក់​ ពិសេស​​ការ​ប្រើប្រាស់​ចំណី​សម្រាប់​​ចិញ្ចឹម​ត្រី​ និង​ការ​បញ្ចេញ​កាក​សំណល់​ ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ​ ធ្វើ​ឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក​ ខូចគុណភាព​ទឹក​ បំពុលបរិស្ថាន​ ប៉ះពាល់​សោភ័ណ​ភាព​​រាជធានី​ភ្នំពេញ​ និង​ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​មិន​ស្អាត​​ផង​ដែរ​។

ត្រឡប់ទៅកាន់អ្នកស្រី យ៉ា រ៉យ៉ាន់ ដែលជាពលរដ្ឋ​ខ្មែរឥស្លាមរស់នៅលើផ្ទះបណ្តែតទឹក​វិញ ​​និយាយថា បើគ្មានទីជម្រកដើម្បីរស់នៅបន្តនោះទេ អ្នកស្រីនឹងសម្រេចចិត្តត្រលប់ទៅកាន់​ខេត្តព្រៃវែងដែលជាស្រុកកំណើតរបស់យាយអ្នកស្រីវិញ ដោយសុំដីគេស្នាក់នៅបណ្តោះអាសន្ន ហើយចាប់ផ្តើមរបររើសអេតចាយដើម្បីចិញ្ចឹមជីវិត។

អ្នកស្រីនិយាយថា៖ «រើសអេតចាយទៅ គេជួលធ្វើអីក៏ធ្វើទៅ ឱ្យតែបានអង្ករឱ្យកូនហូប​។ លាងចានអីក៏បាន គេហៅបោកខោអាវ គេហៅធ្វើអីក៏ធ្វើទៅ ធ្វើទាំងអស់ឱ្យតែគេជួល ឱ្យតែមានលុយឱ្យកូនខ្ញុំចាយ កុំឱ្យកូនខ្ញុំអត់ សុំតែប៉ុណ្ណឹង»៕


អត្ថបទទាក់ទង

ស្ត្រីម្នាក់កំពុងបាចចំណីត្រីដែលគ្រួសារគាត់ចិញ្ចឹមទុកប្រកបអាជីវកម្ម ស្ថិតនៅបែចិញ្ចឹមត្រីរបស់គាត់ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជន ចាន់រ់ែន)

ពលរដ្ឋ​ខ្មែរ​ឥស្លាម​​រស់​នៅ​ផ្ទះ​បណ្តែត​ទឹក​ ស្នើ​អាជ្ញាធរ​ពន្យារ​ពេល​រុះរើ​ដូច​ប្រជាជន​វៀតណាម​

ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅភូមិចុងកោះ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ ស្នើអាជ្ញាធររាជធានីភ្នំពេញ ពន្យារពេលឱ្យគាត់រុះរើផ្ទះបណ្តែតទឹកដូចពលរដ្ឋជនជាតិវៀតណាម​​ដែរ ខណៈអាជ្ញាធរទុកពេល​ឱ្យពួកគាត់រុះរើចេញត្រឹមរយៈពេល​៣ថ្ងៃ។


អត្ថបទ៖ ទួក ពិសិដ្ឋ និង សាគូរ៉ា (ទុយ អេងលី)

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ