មន្ត្រីសង្គមស៊ីវិលសោកស្ដាយចំពោះការលាឈប់របស់លោក ធន សារាយ ពីប្រធានសមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក

លោក ធន សារាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក

មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បានសម្ដែងការ​សោកស្ដាយ ចំពោះ​ការ​លាឈប់​ពី​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅកម្ពុជា ហៅកាត់ថា (អាដហុក) របស់​លោក ធន សារាយ ប៉ុន្តែពួកគេ​មួយ​ចំនួន​យល់​ដែរ​ថា វា​ជា​គំរូមួយ​សម្រាប់​ថ្នាក់ដឹក​នាំ​អង្គការ និងស្ថាប័ន​ពាក់ព័ន្ធផ្សេងៗ​ទៀត។

នាយក​រងអង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូលោក អំ សំអាត បាន​សម្ដែង​​ការ​​សោកស្ដាយ​​ចំពោះ​ការ​លា​ឈប់​​របស់​​លោក ធន សារាយ​ នេះ។ សម្រាប់​​លោក អំ សំអាត លោក​បានកត់សម្គាល់​ឃើញ​ថា លោក ធន សារាយ បាន​កសាង​ស្នាដៃច្រើន បើទោះបី​ជាជួប​បញ្ហាប្រឈម​យ៉ា​ង​​ណាក្តី។ ប៉ុន្តែលោក ធន សារាយ នៅតែ​ពុះពារ​ដឹកនាំក្នុងការ​ធ្វើកិច្ចការងារ​ផ្នែក​សិទ្ធិមនុស្ស ដើម្បី​កែ​លម្អស្ថានភាព​​សិទ្ធិមនុស្សនៅកម្ពុជា​នាពេល​កន្លងមក។

លោក អំ សំអាត ថ្លែង​យ៉ាង​ដូច្នេះថា៖ «នៅក្នុងហ្នឹង លោកបាន​ទទួលពានរង្វាន់​ជាច្រើនដែរ​ ពាក់ព័ន្ធនឹង​វិស័យសិទ្ធិមនុស្ស។ អ៊ីចឹង ការលាឈប់របស់លោកពេលនេះ យើងមានការសោកស្តាយខ្លាំង ទៅលើការសម្រេចចិត្ត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងនៅសង្ឃឹមថា សមាគមអាដហុក នៅតែមានភាពរឹងមាំ​ដដែល ដោយអ្នកបន្តវេនពីលោកប្រធាន ធន សារាយ​។ តែទោះជាយ៉ាងណាយើងនៅតែសោកស្ដាយ  ហើយយើងគោរព​នូវវីរភាព​ នូវសកម្មភាពលោក ធន សារាយ នេះ»

ស្ថាបនិកសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) លោក ធន សារាយ បានលាឈប់ពីតួនាទីជាប្រធានសមាគម បន្ទាប់លោកបានបម្រើការងារអស់រយៈពេល ៣០ ឆ្នាំកន្លងមក។ លោកគឺជាស្ថាបនិកសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ចក់ សុភាព មានប្រសាសន៍ថា​ លោក ធន សារាយ ​មានស្នាដៃ និងគុណសម្បត្តិជាច្រើន ក្នុងអំឡុងពេលលោកប្រឡូកធ្វើកិច្ចការពារសិទ្ធិមនុស្សនេះ។ ប៉ុន្តែលោកស្រីចាត់ទុកការលាឈប់នេះថា ជាការបង្ហាញនូវគំរូមួយសម្រាប់ប្រធានអង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។

លោកស្រីថា៖ «ខ្ញុំយល់ថា ជាឱកាសមួយខាងអង្គការសង្គមស៊ីវិលយើង គួរតែសិក្សាក្នុងការ​ពិនិត្យអាណត្តិអ្នកដឹកនាំដែរ ព្រោះយើងដឹងហើយ ជាធម្មតា​ភាពជាអ្នកដឹកនាំ យើងគួរព្យាយាមបណ្ដុះ​នូវអ្នកជំនាន់ថ្មីដែរ។ ​អ៊ីចឹងការផ្លាស់ប្ដូរអ្នកដឹកនាំនេះ គឺជាឱកាសមួយ​ ស​​ម្រាប់​តួអង្គថ្មីដែលគាត់អាចចូលមក​បង្ហាញស្នាដៃ ហើយអាចទទួលបានថាមពលថ្មី តាមរយៈការរៀនសូត្រពីថាមពលចាស់​ ដើម្បីយើងអាចបន្ត​នូវកិច្ចការងារទាំងអស់នេះទៅមុខទៀត»

រីឯប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់​ ពៅ ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​ប្រហាក់ប្រហែល​លោក​ស្រី​ ចក់ សុភាព នេះដែរ។

ដោយ​ឡែកសម្រាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ផៃ ស៊ីផាន ឯណេះវិញ លោកបានចាត់ទុកការលាឈប់របស់លោក ធន សារាយ ថាជាកាយវិការគួរឱ្យគោរព។ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះ ក៍បាន​កើត​សរសើរ​ចំពោះ​ស្នាដៃ​របស់​លោក ធន សារាយ លើ​ការ​ងារ​ខាង​ផ្នែកសិទ្ធិមនុស្សនេះដែរ។

លោក ផៃ ស៊ីផាន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំយល់ឃើញថា លោកធន សារាយ គាត់នៅក្រៅ តើមានប្រយោជន៍អ្វីដែលយើងយកតំណែងហ្នឹងតាមខ្លួន អនុញ្ញាតឱ្យអ្នកនៅខាងក្នុងបន្តទៅស្រួលធ្វើកិច្ចការ។ នេះជាកាយវិការមួយត្រូវគោរព​។ ខ្ញុំមើលឃើញថា គាត់ជាអ្នកសម្របសម្រួលល្អ ដែលខុសពីអ្នកដទៃទៀត ដែលគ្រាន់តែតួនាទីជា​អង្គការមិនមែនរដ្ឋាភិបាល មិននិយាយរករដ្ឋាភិបាល​ទេ គាត់ជាដៃគូរ ខ្ញុំសូមគោរពគាត់»

លោក ធន សារាយ ស្ថាបនិកសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានលាឈប់ពីតួនាទីជាប្រធានសមាគមនេះក្រោយបញ្ចប់អាណត្តិរបស់លោកនៅខែមិថុនាឆ្នាំ២០២១ និងបានជំនួសមកវិញដោយលោក នី សុខា ដែលជាសហការីរបស់លោក។

យោងតាមលិខិតថ្លែងអំណរគុណពីប្រធានថ្មី គឺលោក នី សុខា ជូនចំពោះលោក ធន សារាយ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានចាត់ទុកលោក ធន សារាយ ថាជាអ្នកដែលបានលះបង់ស្ទើតែពេញមួយជីវិតនូវ​កម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី និងអ្វីៗជាច្រើន​ទៀត ក្នុងបុព្វហេតុ​លើក​ស្ទួយការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ អាដហុក បានចាត់ទុក លោក ធន សារាយ គឺជាវីរជនការពារសិទ្ធិមនុស្សដែល​មាន​កេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលស្គាល់ទាំងនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

បើតាមលិខិតនេះ លោក ធន សារាយ ធ្លាប់ទទួលបាននូវពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់ «មូលនិធិសិទ្ធិមនុស្សរបស់ប្រទេសបារាំង ឆ្នាំ១១៣» ពានរង្វាន់ «មូលនិធិសិទ្ធិមនុស្សប្រចាំអាស៊ីលើកទី៣» នៅទីក្រុងតូក្យូប្រទេសជប៉ុនឆ្នាំ១៩៩៨ ពានរង្វាន់ ដែលផ្តល់ដោយក្រុមអ្នកច្បាប់ទីក្រុងញូយ៉កសហរដ្ឋអាមេរិក ឆ្នាំ១៩៩៩ ពានរង្វាន់ «មូលនិធិសិទ្ធិមនុស្សសាធារណរដ្ឋបារាំង ដែលផ្តល់ដោយលោកនាយករដ្ឋមន្ត្រីបារាំង លីយ៉ូណែល ហ្សូសប៉័ង (Lionel Jospin) នៅទីក្រុងប៉ារីស ឆ្នាំ១៩៩៩ និងពានរង្វាន់ណូបែល «MARTIN ENNALS AWARD» សម្រាប់អ្នកការពារសិទ្ធិមនុស្ស ដែលផ្តល់ដោយអង្គការអន្តរជាតិធំៗចំនួន ១០ នៅទីក្រុងសឺណែវ (GENAVE) ប្រទេសស្វីស ឆ្នាំ២០១៧ ជាដើម។

បើតាមលិខិតដដែលនេះបានចាត់ទុកថា វីរភាពរបស់លោក ធន សារាយ គឺជាគំរូ និងជាមេរៀនដ៏ល្អសម្រាប់បុគ្គលិកសមាគមអាដហុក មនុស្សទូទៅ និងជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ រៀនសូត្រ និងប្រតិបត្តិ ដើម្បីជាមូលដ្ឋានក្នុងការចូលរួមកសាងសង្គមជាតិ ឆ្ពោះទៅរកការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។

យោងតាមលិខិតដដែលនេះ បានបញ្ជាក់អំពី​មូលហេតុ​នៃការ​លាឈប់​របស់​លោក ធន សារាយ នេះថា គឺ​បន្ទាប់ពី​លោក​អស់​អាណត្តិ។ ប៉ុន្តែទោះ​ជា​យ៉ាង​នេះក្តី កន្លងមកគេបានដឹងថា លោក ធន សារាយ ដែលមានវ័យចាស់ជរាណាស់ទៅហើយនោះ មានបញ្ហាសុខភាព ដែលកំពុង​សម្រាក​ព្យាបាល​នៅ​ឯ​ប្រទេស​កាណាដា។

លោក ធន សារាយ បាន​ចាកចេញពីប្រទេសកម្ពុជា​ចាប់តាំង​ពី​ខែឧសភា ឆ្នាំ២០១៦ ទៅ​កាន់​ប្រទេស​កាណាដា ដោយ​ហេតុផល​បារម្ភពីសុវត្ថិភាព​​ផ្ទាល់​ខ្លួន ក្រោយបុគ្គលិករបស់លោក ៤នាក់ និងអតីតបុគ្គលិក១នាក់ បានរងការចោទប្រកាន់ និងចាប់ខ្លួនពីអាជ្ញាធរកម្ពុជាលើសំណុំ​រឿង​សូក​ប៉ាន់សាក្សីនាង ខុម ច័ន្ទតារាទី ហៅ ស្រីមុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ