លោក ធន សារាយ ឈប់​ពី​ប្រធាន​អង្គការ​អាដហុក បន្ទាប់ពី​បម្រើការងារ​អស់រយៈពេល​៣០​ឆ្នាំ

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន សារាយ(ចំពីមុខ) ថ្លែង​ក្នុង​សន្និសីទសារ​ព័ត៌មាន ទាក់ទង​នឹង​លិខិត​កោះអញ្ជើញ​របស់​អង្គភាពប្រឆាំងអំពើ​ពុករលួយ​

លោក ធន សារាយ ស្ថាបនិកសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) បានលា​ឈប់​ពី​តួនាទី​ជា​ប្រធាន​សមាគមនេះ​ហើយ និង​បាន​ជំនួស​មក​វិញ​ដោយ​លោក នី សុខា ដែលជាសហការីរបស់លោក។

យោងតាមលិខិតថ្លែងអំណរគុណពីប្រធានថ្មី គឺលោក នី សុខា ជូនចំពោះលោក ធន សារាយ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានចាត់ទុកលោក ធន សារាយ ថាជាអ្នកដែលបានលះបង់ស្ទើតែពេញមួយជីវិតនូវកម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី និងអ្វីៗជាច្រើនទៀត ក្នុងបុព្វហេតុលើកស្ទួយការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ អាដហុក បានចាត់ទុក លោក ធន សារាយ គឺជាវីរជនការពារសិទ្ធិមនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលស្គាល់ទាំងនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ បើតាមលិខិតនេះ លោក ធន សារាយ ធ្លាប់ទទួលបាននូវពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់ «មូលនិធិសិទ្ធិមនុស្សរបស់ប្រទេសបារាំង ឆ្នាំ១១៣» ពានរង្វាន់ «មូលនិធិសិទ្ធិមនុស្សប្រចាំអាស៊ីលើកទី៣» នៅទីក្រុងតូក្យូប្រទេសជប៉ុនឆ្នាំ១៩៩៨ ពានរង្វាន់ ដែលផ្តល់ដោយក្រុមអ្នកច្បាប់ទីក្រុងញូយ៉កសហរដ្ឋអាមេរិក ឆ្នាំ១៩៩៩ ពានរង្វាន់ «មូលនិធិសិទ្ធិមនុស្សសាធារណរដ្ឋបារាំង ដែលផ្តល់ដោយលោកនាយករដ្ឋមន្ត្រីបារាំង លីយ៉ូណែល ហ្សូសប៉័ង (Lionel Jospin) នៅទីក្រុងប៉ារីស ឆ្នាំ១៩៩៩ និងពានរង្វាន់ណូបែល «MARTIN ENNALS AWARD» សម្រាប់អ្នកការពារសិទ្ធិមនុស្ស ដែលផ្តល់ដោយអង្គការអន្តរជាតិធំៗចំនួន ១០ នៅទីក្រុងសឺណែវ (GENAVE) ប្រទេសស្វីស ឆ្នាំ២០១៧ ជាដើម។

បើតាមលិខិតដដែលនេះបានចាត់ទុកថា វីរភាពរបស់លោក ធន សារាយ គឺជាគំរូ និង​ជាមេរៀ​ន​ដ៏ល្អសម្រាប់​បុគ្គលិក​សមាគមអាដហុក មនុស្សទូទៅ និងជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ រៀនសូត្រ និងប្រតិបត្តិ ដើម្បីជាមូលដ្ឋានក្នុងការចូលរួមកសាងសង្គមជាតិ ឆ្ពោះទៅរកការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។

យោងតាមលិខិតដដែលនេះ បានបញ្ជាក់អំពីមូលហេតុនៃការលាឈប់របស់លោក ធន សារាយ នេះថា គឺបន្ទាប់ពីលោកអស់អាណត្តិ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កន្លងមកគេបានដឹងថា លោក ធន សារាយ ដែលមានវ័យចាស់ជរាណាស់ទៅហើយនោះ មានបញ្ហាសុខភាព ដែលកំពុងសម្រាកព្យាបាលនៅប្រទេសកាណាដា។

លោក ធន សារាយ បានចាកចេញពីប្រទេសកម្ពុជាតាំងពីខែឧសភា ឆ្នាំ២០១៦ ទៅកាន់ប្រទេសកាណាដា ដោយហេតុផលបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីបុគ្គលិករបស់លោក ៤នាក់ និងអតីតបុគ្គលិក១នាក់ បានរងការចោទប្រកាន់ និងចាប់ខ្លួនពីអាជ្ញាធរកម្ពុជាលើសំណុំរឿងសូកប៉ាន់សាក្សីនាង ខុម ច័ន្ទតារាទី ហៅ ស្រីមុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ