មនុស្ស​ប្រមាណ​៨០​​នាក់​បាត់​ខ្លួន​ក្នុង​គ្រោះ​​បាក់​ដី​នៅ​​ជប៉ុន

កងកម្លាំងការពារជាតិជប៉ុន (Japan Maritime Self-Defense Force) ចុះជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីនៅ ទីក្រុង Atami ភាគកណ្ដាលប្រទេសជប៉ុន ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។ (ផ្សព្វផ្សាយនៅលើរ៉យទ័រ / Screenshot)

ក្រុមអ្នកជួយសង្គ្រោះជាងមួយពាន់នាក់នៅថ្ងៃចន្ទនេះ បាន​និងកំពុង​ស្វែង​រក​មនុស្ស​ប្រមាណ៨០​នាក់ដែលបានបាត់ខ្លួនក្នុងហេតុការណ៍បាក់ដីជាច្រើន​កន្លែងនៅភាគកណ្តាល​ប្រទេសជប៉ុន។

យោងតាមការផ្សព្វផ្សាយរបស់​​ទីភ្នាក់ងារសារ​ព័ត៌មាន Reuters ឱ្យដឹងថា​ មនុស្សយ៉ាង​ហោច៣នាក់បាន​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​ពី​មា​នភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបានបង្កជាករណី​បាក់ដី​ជាច្រើន​កន្លែងនៅក្នុង​ទីក្រុង Atami ភាគកណ្ដាលប្រទេសជប៉ុន កាលពីចុងសប្ដាហ៍កន្លងទៅ។

បុរស​ម្នាក់​បាន​ប្រាប់សារព័ត៌មាន​ជប៉ុន NHK ថា៖ «ម្តាយរបស់ខ្ញុំកំពុងតែបាត់ខ្លួន។ ខ្ញុំមិនដែលនឹកស្មានថា វាអាចកើតឡើងនៅទីនេះនោះទេ»។

ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមួយរូប អាយុ៧៥​ឆ្នាំ បានឱ្យ​ដឹងថា ផ្ទះរបស់លោក​ត្រូវ​បានរសាត់​ទៅ​បាត់។

លោកបន្ថែមថា៖ «នេះគឺជាគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ»។

មន្ត្រីឱ្យដឹង​​ផងដែរ​ថា គិតត្រឹមថ្ងៃច​ន្ទនេះ ចំនួនអ្នកជួយសង្គ្រោះដែលត្រូវបានបញ្ជូនទៅកាន់ទីតាំងនោះ បានកើនឡើង​ដល់១ ៥០០​នាក់ហើយ ហើយចំនួននេះអាចនឹងមានការកើនឡើងបន្ថែមទៀត។

នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានប្រាប់ក្រុមអ្នកយកព័ត៌មានជប៉ុនថា៖ «យើងចង់ជួយសង្គ្រោះជនរងគ្រោះឱ្យ​បានឆាប់តាមដែលអាចធ្វើទៅបាន»។

លោកបន្ថែមថា កងកម្លាំងពាក់ព័ន្ធទាំងអស់បានព្យាយាមអស់ពីសមត្ថភាព ដើម្បីជួយដល់ការស្វែងរកជនរងគ្រោះទាំងអស់។

អ្នកនាំពាក្យនៅក្នុងតំបន់មួយរូប លោក Hiroki Onuma បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា មនុស្ស១១៣នាក់ បានបាត់ខ្លួន ខណៈចំនួនអ្នកស្លាប់បាន​កើន​ដល់៣​នាក់នៅក្នុង​ទីក្រុង Atami ស្ថិត​នៅ​ចម្ងាយ៩០គីឡូម៉ែត្រពីទីក្រុង​តូក្យូ។

ទោះជាយ៉ាងណា ចំនួនអ្នក​បាត់ខ្លួនបានធ្លាក់ចុះដល់ប្រមាណជា៨០នាក់ គិតត្រឹមថ្ងៃត្រង់នាថ្ងៃចន្ទ​នេះ។

លោក Hiroki Onuma បន្តថា៖ «យើងកំពុងតែមានកិច្ចសហការជាមួយមន្រ្តីមកពីក្រុមផ្សេងៗគ្នា ហើយជំរុញកិច្ចការស្វែងរកអ្នកបាត់ខ្លួនបន្ថែមទៀត»។

គួរបញ្ជាក់​ថា គ្រោះ​បាក់ដីនៅជប៉ុននេះក៏បានប៉ះពាល់ដល់អគារចំនួន១៣០កន្លែង​បណ្តាល​ឱ្យ​រងការខូចខាតផងដែរ ខណៈ​​ខេត្ត Atami ​ជា​តំបន់​ទេសចរណ៍​រដូវ​ក្តៅ​​ដ៏​ពេញ​និយម​មួយ។

ទាក់ទងទៅនឹងករណីនេះ ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋឱ្យ​​​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈដែល​ភ្លៀង​ក៏​អាច​បង្ក​ជា​គ្រោះថ្នា​ក់បានដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ