មន្ត្រីក្រសួងមហាផ្ទៃ ឱ្យដឹងថា អ្នកជាប់ឃុំជាង៣០ភាគរយបានចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩រួចហើយ គិតចាប់តាំងពីជំងឺនេះបានឆ្លងចូលក្នុងពន្ធនាគារមក។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់ VOD ថាលោកមិនទាន់អាចបញ្ជាក់បានពីចំនួនអ្នកជាប់ឃុំសរុបនៅទូទាំងប្រទេសដែលបានឆ្លងជំងឺកូវីដ-១៩នៅឡើយទេ គិតត្រឹមថ្ងៃចន្ទនេះ។
មួយវិញទៀត លោកក៏មិនទាន់អាចបញ្ជាក់បានដែរថាតើមានពន្ធនាគារថ្មីចំនួនប៉ុន្មានទីតាំងដែលត្រូវបានរកឃើញនិងមានអ្នកឆ្លងជំងឺនេះទៀតដែរយ៉ាងណា ដោយគ្រាន់តែប្រាប់ថា ជាង៣០ភាគរយនៃអ្នកជាប់ឃុំសរុបបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចហើយ គិតត្រឹមថ្ងៃទី៥ ខែកក្កដានេះ។
លោកថា៖ «ឥលូវខ្ញុំមិនទាន់អាចបញ្ជាក់បានទេចំពោះអ្នកឆ្លងប៉ុន្មានអីប៉ុន្មាន ឬក៏នៅតាមគោលដៅណាខ្លះហ្នឹង ដោយសារយើងកំពុងមានភារកិច្ចរវល់រៀងខ្លួន។ ហើយការចាក់វ៉ាក់សាំង បើគិតសរុបទៅ ល្បាក់ប្រហែលជាជាង៣០ភាគរយនៃជនជាប់ឃុំដែលបានចាក់វ៉ាក់សាំងហើយហ្នឹង»។
ជំងឺកូវីដ-១៩បានឆ្លងទៅដល់អ្នកជាប់ឃុំមុនគេ ស្ថិតនៅពន្ធនាគារខេត្តព្រះសីហនុ អំឡុងដើមខែឧសភា ឆ្នាំ២០២១។ បន្ទាប់មក រកឃើញឆ្លងចូលពន្ធនាគារខេត្តកណ្តាល ពន្ធនាគារព្រៃស (ម១ និង ម២) នៅរាជធានីភ្នំពេញ កំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ ក្នុងនោះ ស្លាប់ស្ត្រីម្នាក់អាយុ៦៦ឆ្នាំដែលជាអ្នកជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ៕