យ៉ាងហោចណាស់មានមនុស្សចំនួន៥០នាក់បានស្លាប់ និង៥៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធាមួយនៅក្នុងប្រទេសហ្វីលីពីន។
មេបញ្ជាការកងទ័ពហ្វីលីពីន លោក Cirilito Sobejana បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទនេះថា ហេតុការណ៍ធ្លាក់យន្តហោះយោធានេះបានកើតឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ បណ្តាលឱ្យមន្ត្រីយោធាចំនួន៩៦នាក់ ដែលជិះនៅលើយន្តហោះនោះបានស្លាប់និងរបួស។ ប្រភពដដែលបន្តថា ក្នុងចំណោមមន្ត្រីយោធាទាំង៩៦នាក់នោះ មានមន្ត្រីយោធា ៤៧នាក់បានស្លាប់ និង ៤៩នាក់ផ្សេងទៀតបានរងរបួស។
ចំណែក ក្រសួងការពារជាតិហ្វីលីពីន ក៏បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រជាជននៅលើដីចំនួន០៣នាក់ក៏បានស្លាប់ និង ០៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះផងដែរ។
យោងតាមអ្នកនាំពាក្យកងទ័ពហ្វីលីពីន លោក Edgard Arevalo ឱ្យដឹងថា យន្តហោះប្រភេទ C-130 Hercules ផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin នេះ បានហោះជ្រុលហួសព្រលានយន្តហោះ ទីក្រុងចូឡូ (Jolo) ស្ថិតក្នុងខេត្តដីកោះស៊ូលូ (Sulu) ដោយសារតែមានបញ្ហាបច្ចេកទេស បន្ទាប់មកក៏បានធ្លាក់នៅតំបន់ក្បែរនោះតែម្តង។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានថ្លែងថា លោកបានបញ្ជាឱ្យមានការស៊ើបអង្កេតលើហេតុការណ៍ធ្លាក់យន្តហោះនេះ ដែលនឹងចាប់ផ្តើមបន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះត្រូវបានបញ្ចប់ទៅ។
ទាក់ទងទៅនឹងហេតុការណ៍ធ្លាក់យន្តហោះនេះដែរ យោធាមិនបានសង្កេតឃើញពីសញ្ញាណណាមួយនៃការវាយប្រហារលើយន្តហោះនោះទេ៕