មន្ត្រី​សង្គម​ស៊ីវិល​ថា​ រដ្ឋា​ភិបាល​ប្រគល់​សត្វ​តោ​ឱ្យ​ម្ចាស់​ចិញ្ចឹម​វិញ​ធ្វើ​ដោយ​បំពាន​ច្បាប់​

បុរសអ្នកថែទាំសត្វម្នាក់ កំពុងយកចំណីទៅឱ្យសត្វតោដែលត្រូវបានជនជាតិចិនចិញ្ចឹមតាំងពីតូច អំឡុងពេលរស់នៅក្រោមការមើលថែពីមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ (ហ៊ន ថូវ៉ាន)

មន្ត្រីសង្គមស៊ីវិលបង្ហាញទស្សនៈថា រដ្ឋាភិបាលសម្រេចប្រគល់សត្វតោដែលមន្ត្រីជំនាញរឹបអូសពីជនជាតិចិន​ឱ្យទៅម្ចាស់ដើម​យក​ទៅចិញ្ចឹមវិញនោះ​ ​ជា​ការបំពានច្បាប់​និងជាការលើកទឹកចិត្តឱ្យមានការជួញ​ដូរសត្វព្រៃនៅកម្ពុជា។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារលើ​បណ្តាញ​សង្គម​របស់​លោក នៅ​ថ្ងៃទី៤ ខែកក្កដា ម្សិល​មិញ​នេះ​ថា ក្រោយ​ពី​លោក​បា​នពិភាក្សាជាមួយ​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក​ វេង សាខុន គឺ​លោក​សម្រេចអនុញ្ញាត​ឱ្យម្ចាស់​យក​សត្វ​តោ​​​ពី​ភ្នំតាម៉ៅ​ទៅ​ចិញ្ចឹម​វិញ ប៉ុន្តែ​ម្ចាស់សត្វតោ​​ត្រូវ​ធ្វើ​ទ្រុង​ឱ្យ​បានត្រឹម​ត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង។

នាយិកា​​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍នៅថ្ងៃចន្ទ​នេះថា សត្វ​តោជា​សត្វកម្រនៅកម្ពុជា ហើយលោកស្រីគាំទ្រនឹងវិធានការរបស់​អាជ្ញាធរកន្លងមកដែល​រឹបអូស​ពី​ជនជាតិចិន ពីព្រោះច្បាប់​កម្ពុជាបាន​​ហាមមិនឱ្យបុគ្គលណាមួយយក​សត្វព្រៃទៅ​ចិញ្ចឹមជាលក្ខណៈគ្រួសារ និងយកទៅធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួននោះទេ។

លោកស្រីយល់ថា ការសម្រេចរបស់រដ្ឋាភិបាលប្រគល់សត្វតោឱ្យទៅជនជាតិ​ចិនដែលជាម្ចាស់ដើម្បីយកទៅចិញ្ចឹមវិញ ជាការបំពាន​ច្បាប់និង​លើកទឹកចិត្តឱ្យ​ជនដទៃ​​អាចនឹង​ប្រព្រឹត្តបទ​ល្មើសជួញ​ដូរសត្វព្រៃ ជាដើម។

លោកស្រីមានប្រសាសន៍ថា៖ «បើច្បាប់​មាន​ហើយ យើង​មិន​អនុវត្ត ហើយ​មាន​ករណី​លើកលែង​ដោយ​សារ​តែ​មាន​ទំនោរណាមួយ​ ដោយសារអ្នក​ដែល​មាន​ទ្រព្យធន​ជាដើម យើងមិនបាន​អនុវត្ត​នូវ​គោល​ការណ៍​នីតិរ​ដ្ឋ​ទេ [ថែមទាំង]ជាការលើកទឹកចិត្ដដល់ជនទាំងឡាយក្នុងការជួយ​ដូរឬ​យក​​នូវ​សត្វព្រៃមក​ចិញ្ចឹមជាកម្មសិទ្ធិ​ជាដើម ខុសពីធម្មជាតិ ខុសពីច្បាប់ដែលមានចែង»។

បន្ថែមពីនេះ លោកស្រី ចក់ សុភាព មាន​ជាចម្ងល់​ថា តើរដ្ឋាភិបាលអនុញ្ញាតឱ្យជនជាតិចិន​នោះយកសត្វតោ​មកចិញ្ចឹមនៅកម្ពុជាតាមច្រក​ណា បំបែកពីមេរបស់វាដោយ​របៀបណា និង​ដក​ចង្កូម​ ក្រចកដោយវិធីណា ហើយ​ការធ្វើបែបនេះជាការ​ធ្វើទារុណកម្ម​លើសត្វព្រៃដែរឬទេ?

ករណីនេះ លោកស្រីបានជំរុញ​ឱ្យ​រដ្ឋាភិបាលធ្វើការស៊ើបអង្កេ​តឱ្យ​បាន​ច្បាស់​លាស់ ជាជាង​យកសត្វតោទៅឱ្យ​ជនជាតិចិននោះចិញ្ចឹមវិញ។

សត្វ​​តោឈ្មោលមួយក្បាលនេះមានឈ្មោះថា​ ហ៊ីម៉ា​ ត្រូវបានមន្ត្រីជំនាញរឹបអូស​យក​ទៅ​ចិញ្ចឹម​​​នៅ​សួន​សត្វ​ភ្នំតា​ម៉ៅ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រោយ​រកឃើញថា មាន​ជន​ជាតិ​ចិន​​ម្នាក់បាន​ចិញ្ចឹមវា​​នៅក្នុងផ្ទះវីឡាមួយ​​កន្លែង​ ស្ថិតនៅ​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេង​កង រាជធានីភ្នំពេញ តាំងពីនៅតូច ហើយមកដល់ពេលនេះ វា​មានអាយុ១ឆ្នាំកន្លះ និងស៊ីសាច់ឆ្អិនមួយថ្ងៃ ៦គីឡូ។  

មន្ត្រីគម្រោងតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្តាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា សង្កេតឃើញថា ក្រោយពីអាជ្ញាធររឹបអូសយកសត្វតោពីជនជាតិចិនទៅរក្សាទុកនៅសួនសត្វភ្នំតាម៉ៅនោះ ​ធ្វើឱ្យមហាជនមួយចំនួនរិះគន់ពីចំណាត់ការរបស់អាជ្ញាធរ និងមួយចំនួនទៀតចង់ឱ្យអាជ្ញាធរយកសត្វកម្រនេះទៅរក្សាទុកនៅទីនោះដើម្បីអភិរក្ស។ ប៉ុន្តែរដ្ឋាភិបាលសម្រេចប្រគល់សត្វតោឱ្យទៅម្ចាស់ចិញ្ចឹមវិញ។

ទោះជាបែបនេះក្តី លោក សាន់ ម៉ាឡា ជំរុញទៅរដ្ឋាភិបាលគួរតែយកច្បាប់ទៅអនុវត្តឱ្យបាន​តឹងរ៉ឹង ជាជាងប្រគល់សត្វតោទៅឱ្យម្ចាស់​ដើម​ចិញ្ចឹមវិញដោយបំពានច្បាប់។

លោក​ជំរុញ​ថា៖ «ជាទូទៅ បើសិនជារឿងស្រដៀងគ្នាបែបហ្នឹង ប្រព្រឹត្តដោយអ្នកក្រ អ្នកដែលមិនមានអំណាច ប្រហែលជាវិធានការច្បាប់ គេអាចយកមកធ្វើជារឿងអាទិភាព។ ប៉ុន្តែសម្រាប់អ្នក​ដែល​មាន​លុយ​មាន​អំណាច ច្បាប់មិនត្រូវ​បានគេយកមកធ្វើជាអាទិភាព​សម្រាប់​យក​មកអនុ​វត្ត។ ខ្ញុំគិតថា មានតែការអនុវត្តច្បាប់ឱ្យតឹង​រ៉ឹង ដោយគ្មានការយោគយល់»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ​ ភក្ត្រា សុំុមិនអត្ថាធិប្បាយ​​ជុំវិញករណីនេះ ដោយលោក​បង្វែរសំណួរឱ្យទៅសួរមន្ត្រីរដ្ឋបាលព្រៃឈើជំនួសវិញ។

លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ មិនអាចសុំការអត្ថាធិប្បាយ​បានទេ។

មាត្រា​៤៩ នៃច្បាប់ស្តីពី «ព្រៃឈើ» ចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួន​សត្វឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជ ត្រូវបានហាមឃាត់ ហើយច្បាប់ស្តីពី«តំបន់ការពារធម្មជាតិ» មាត្រា៥៨ ការនាំចូល នាំចេញនូវប្រភេទសត្វ រុក្ខជាតិ និងគ្រាប់រុក្ខជាតិ ត្រូវស្នើសុំច្បាប់អនុញ្ញាត។ 

ចំណែកមាត្រា៩៦ នៃច្បាប់ដដែលចែងថា ជនណាដែលប្រព្រឹត្តបទល្មើស ដូចជា ចិញ្ចឹម បង្កាត់ពូជប្រភេទសត្វព្រៃក្នុងក្រុមជិតផុតពូជដោយកម្រ ដើម្បីយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើ ជាប្រាក់ចំនួនពី២ដង ទៅ៣ដង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ។ ករណីមិនរាងចាលក្នុងរយៈពេល១ខែ ត្រូវទទួលពិន័យអន្តរការណ៍ពី២ដង ទៅ៤ដង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ