អាជ្ញាធរខេត្តបន្ទាយមានជ័យ បានស្នើទៅអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ដើម្បីសុំទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលលក់ដូរនៅផ្សាររុងក្លឿ។
ក្នុងលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា អាជ្ញាធរខេត្តនឹងរៀបចំចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋខ្មែរលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ចាប់ពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ តទៅ។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សារី ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា អាជ្ញាធរបានដាក់លិខិតទៅអាជ្ញាធរថៃ តាំងពីថ្ងៃទី២ ខែកក្កដា ប៉ុន្តែភាគីថៃនៅមិនទាន់ធ្វើការឆ្លើយតបមកវិញនៅឡើយ។ លោកបន្តថា មូលហេតុដែលអាជ្ញាធរសម្រេចស្នើទៅភាគីថៃបែបនេះ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងជួយសម្រួលប្រជាពលរដ្ឋខ្មែរលក់ដូរនៅផ្សាររុងក្លឿ ជាដើម។
លោកថា៖ «យើងទប់ស្កាត់កុំឱ្យរីករាលដាលជំងឺកូវីដ-១៩ទាំងខ្មែរទាំងថៃ ព្រោះគេក៏ខ្លាច យើងក៏ខ្លាចដែរ! អ៊ីចឹងបើសិនជាយើងជួយចាក់ [វ៉ាក់សាំង] វាប្រសើរជាង ព្រោះគេចាក់យកលុយកន្លែងខ្លះ។ ហើយពេលយើងជួយចាក់អ៊ីចឹង គេសាទរណា! អ្វីដែលទាក់ទងនឹងការគិតគូររបស់រាជរដ្ឋាភិបាលដែលបានចាក់ជូនពលរដ្ឋនិងពលករកម្ពុជា។ ខ្ញុំទទួលដំណឹងថា អាជ្ញាធរថៃកំពុងសុំគោលការណ៍ថ្នាក់ជាតិ»។
លោកបន្តថា អាជ្ញាធរខេត្តទទួលបានវ៉ាក់សាំងចំនួន៦ម៉ឺនដូសសម្រាប់ចាក់ជូនដល់អាជីវករនៅក្រុងប៉ោយប៉ែត និងអាជីវករខ្មែរនៅផ្សាររុងក្លឿ។ លោកបញ្ជាក់ថា សម្រាប់អាជីវករនៅក្រុងប៉ោយប៉ែត អាជ្ញាធរនិងមន្ត្រីសុខាភិបាលបានចាក់វ៉ាក់សាំងជូនដល់ពួកគាត់ចាប់តាំងពីដើមខែកក្កដានេះមកម៉្លេះ។
លោក លី សារី បន្តថា ចំពោះចំនួនអាជីវករនិងពលករដែលកំពុងធ្វើការនៅផ្សាររុងក្លឿប៉ុន្មាននាក់នោះ លោកថា មិនទាន់មានទិន្នន័យនៅឡើយ។
មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា សាទរចំពោះវិធានការរបស់រដ្ឋាភិបាលដែលចុះចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋខែ្មរនៅថៃ ស្របពេលប្រទេសថៃកំពុងឆ្លងជំងឺកូវីដ-១៩ កាន់តែខ្លាំង។
លោកថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជាត្រូវតែគិតថា ក្រុមគោលដៅណាដែលជាក្រុមគោលដៅប្រឈម។ ទី១ អាជីវករតាមផ្សារលក់ដូរ ទីប្រជុំជនដែលមានជួបជុំមនុស្សច្រើន។ ទី២ ពលករដែលធ្វើការនៅតាមរោងចក្រផ្សេងៗ។ អ៊ីចឹងក្រុមទាំងអស់នេះសុទ្ធតែជាក្រុមដែលប្រឈមពីការឆ្លង។ អ៊ីចឹងគិតថា រដ្ឋាភិបាលត្រូវតែផ្ដោតទៅលើគោលដៅទាំងអស់ហ្នឹង»។
លោក ឌី ថេហូយ៉ា បន្តថា បច្ចុប្បន្ន ពលករខ្មែរកំពុងប្រឈមនឹងបញ្ហាកាន់តែច្រើន បន្ទាប់ពីកន្លែងការងារពួកគាត់ត្រូវបានបិទ ហើយអ្នកខ្លះទៀតកំពុងឆ្លងជំងឺកូវីដ-១៩ និងខ្លះទៀតកំពុងប្រឈមបញ្ហាដាច់ស្បៀងទៀតផង។
លោកថា៖ «អ្វីដែលយើងទទួលបានព័ត៌មានជារឿយៗហ្នឹង ពលករយើង បន្ទាប់ពីថៃបិទការដ្ឋានសំណង់ ពួកគាត់ខ្លះប្រឈមនឹងការមិនទទួលបានការព្យាបាលនៅពេលឆ្លងកូវីដ ខ្លះមិនទាន់ទទួលបានស្បៀងអាហារហូបចុក និងដាច់ស្បៀងអាហារ ជាដើម។ ហ្នឹងជាការបារម្ភមួយ យើងទទួលបានបញ្ហានេះជារៀងរាល់ថ្ងៃពីពលករចំណាកស្រុក»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានប្រាប់ វីអូឌី តាមប្រព័ន្ធ Telegram កាលពីថ្ងៃទី២៨ ខែមិថុនា ឱ្យដឹងថា ពលករខ្មែរប្រមាណ១លាននាក់កំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ ខណៈរបាយការណ៍ពីអង្គការសង់ត្រាល់ ថាពលករខ្មែរដែលចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសជិតខាងកម្ពុជាមួយនេះ ទាំងស្របច្បាប់និងមិនស្របច្បាប់ គឺមានប្រមាណ១លាន៦សែននាក់៕