កម្ពុជា​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ពី​ចិន​១​លាន​ដូស​បន្ថែម​ទៀត​

វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់​ – Sinovac) ដែលបានបញ្ជាទិញពីចិន ចំនួន១,៥លានដូស មកដល់ព្រលានយន្តហោះភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ «ស៊ីណូហ្វាម» របស់ចិន ចំនួន១លានដូសបន្ថែមទៀតដែលរដ្ឋាភិបាល​បញ្ជាទិញ​ពីភាគី​ចិន ត្រូវបាន​ដឹក​តាម​យន្តហោះមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអង្គារ​នេះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ ដែលទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានឱ្យក្រុម​អ្នក​សារព័ត៌មាន​ដឹង​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន១លាន​ដូស​ថែម​ទៀតដែល​​រដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីចិន​នេះ គឺ​ដើម្បីយកចាក់ជូនប្រជាពលរដ្ឋ ជាពិសេសនៅតាមបណ្តា​ខេត្ត​ដែលកំពុង​ប្រឈម​ខ្លាំង ដោយមិនគិតថ្លៃនោះទេ។

ទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ ឱ្យដឹង​ថា កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ពី​ប្រទេស​ចិន​ជា​បន្ត​បន្ទាប់ រួមមាន លើកទី១ មានចំនួន១លាន៥សែនដូស ត្រូវបានដឹកមក​ដល់​កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ លើកទី២ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់​កម្ពុជា នៅថ្ងៃទី១៧ ខែមេសា។ លើកទី៣ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជា ថ្ងៃទី១១ ខែឧសភា។ លើកទី៤ នៅថ្ងៃទី១៦ ខែឧសភា ដោយកម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ពីក្រុមហ៊ុនស៊ីណូវ៉ាក់ ប្រទេសចិន ចំនួន៥០ម៉ឺនដូស។ លើកទី៥ វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ដែលកម្ពុជាបញ្ជាទិញ​ពីប្រទេសចិន ហើយមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។ លើកទី៦ វ៉ាក់សាំងចិន១លានដូសទៀត មកដល់កម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ និងលើកទី៧ កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូហ្វាម ១លានដូស នៅថ្ងៃទី៦ ខែកក្កដានេះផងដែរ។

ប្រភពដដែលបញ្ជាក់ថា កម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ជាង៤លាន៥សែនដូសរួចមកហើយ រួមមាន វ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន ចំនួន១លាន៧សែនដូស។ វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ចំនួន២លាន៥សែនដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនិកា ជាង៣២ម៉ឺនដូស (៣២៤ ០០០) ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

កាលពីថ្ងៃទី១ ខែកក្កដា លោក ហ៊ុន សែន អះអាងថា ក្នុងខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងពីចិន ចំនួន៥លានដូស ក្នុងនោះ ថ្ងៃទី៦ ខែកក្កដា ទទួលបានវ៉ាក់សាំងស៊ីណូហ្វាម ១លានដូស ហើយនៅថ្ងៃទី១០ ខែកក្កដា នឹងទទួលបានវ៉ាក់សាំងស៊ីណូហ្វាម ១លានដូស និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៣លានដូសផងដែរ។

តាមរបាយ​ការណ៍​អនុគណៈកម្មការ​តាម​ដាន ​និង​វាយ​តម្លៃ​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​​ចាក់​​វ៉ាក់សាំង​កូវីដ-១៩ ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ចេញ​​នៅ​ថ្ងៃទី០៥ ​ខែ​កក្កដា ឆ្នាំ​២០២១នេះ​ ​បញ្ជាក់​​ថា ចំនួន​អ្នកបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​នៅ​ទូទាំង​ប្រទេស ​ចាប់​តាំងពី​ថ្ងៃទី​១០ ​ខែ​កុម្ភៈ ឆ្នាំ​២០២១​ ដល់​ត្រឹម​ថ្ងៃទី​០៥ ​ខែ​កក្កដា ឆ្នាំ​២០២១នេះ​ មាន​ចំនួន​​៤ ៦៥៨ ៤៤២​​​នាក់ ឬ​ស្មើ​នឹង​​៤៦​ភាគរយ​​នៃចំនួនមនុស្ស១០លាននាក់ ដែលត្រូវចាក់ឱ្យបានចប់ត្រឹមខែ​វិច្ឆិកា ឆ្នាំ២០២១​ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ