មិន​មាន​អ្នក​នយោ​បាយ​ឬ​បក្ស​នយោ​បាយ​រម្លឹក​ខួប​ព្រឹត្តិ​ការណ៍​ថ្ងៃ​៥-៦​កក្កដា​ទេ​នៅ​ឆ្នាំ​នេះ

ក្បួនដង្ហែរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅព្រឺកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០១៨​ នៅរាជធានីភ្នំពេញ​។

គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃ៥-៦កក្កដា​ មិនបានចេញមុខរម្លឹកបុណ្យខួបចំពោះអ្នកពលីជីវិតនិង​​ដើរតាមមាគ៌ានយោបាយរបស់បក្សរាជានិយមមួយ​នេះដូចបណ្តាឆ្នាំកន្លងៗទៅនោះទេ ខណៈអតីតមន្រ្តី​​មួយចំនួនរបស់គណបក្សនេះ​បង្ហាញការ​​​សោក​​​ស្តាយចំពោះការព្យាយាមជីកកប់ចោល​ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយនេះចេញ​ពី​ឆាកនយោបាយ។

មន្រ្តីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច លោក ផាន់ សិទ្ធី ឱ្យដឹងនៅថ្ងៃអង្គារនេះ​​ថា នៅថ្ងៃប្រវត្តិ​សាស្រ្ត​នេះ គណបក្ស​រាជានិយម​មិនបាន​​​ប្រារព្ធ​​​​ពិ​​ធី​​អ្វីទេ ទោះ​​ពិធី​​​តូច​​ក្តីឬធំក្តី ទាំងនៅទីស្នាក់ការគណបក្ស ឬទីសាធារណៈ។ លោកបន្តថា ជាទម្លាប់ គណបក្សហ្វ៊ុនស៊ិនប៉ិច មិនដែលបាន​​រៀបចំ​​ពិធី​​​ទាំង​​នេះពីមុនមក ដោយសារ​​មិនចង់រម្លឹករឿងដែល​កន្លង​​ហួសទៅ នាំឱ្យមានការ​​​ឈឺ​​ចាប់ និង​​ចងកំហឹងដាក់គ្នាតែប៉ុណ្ណោះ។

លោកបន្តថា៖ «អត់មានមូលហេតុអីផង មែនទែន យើងធម្មតា ហ្វ៊ុនស៊ិនប៉ិច អត់សូវដែលបានធ្វើ​​ដែរទេ ​​ថ្ងៃទី៧កក្កដា ក្នុងពេលកន្លងមក។ ចង់បំភ្លេចរឿងជូរចត់ហ្នឹង កុំចេះតែនឹកឃើញពេក។ ជាប្រវត្តិសាស្រ្ត ​យើងមិនដែលបំភ្លេច​ចោលទេ គ្រាន់​​តែយើង​​ចង​​ចាំ​នៅក្នុងទំព័រប្រវត្តិសាស្រ្តរបស់យើង»។    

បើទោះជាបែបនេះក្តី លោក ប៉ែន សង្ហា អតីតមន្រ្តីគណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានលើកឡើង​ថា ក្នុងនាម​ជា​​​សមាជិក​​​មន្រ្តីបក្សរាជានិយម និង​​ធ្លាប់​​ដង្ហែតាមសម្តេចក្រុមព្រះ លោកមិនចង់ឃើញការ​​​ស្លាប់របស់ឥស្សរជននយោបាយរបស់គណបក្ស​មួយនេះត្រូវ​​​បានផាត់​ចេញពីការ​​គោរព​​បូជាបែបនេះទេ។ លោកបន្តថា អតីតអ្នកតស៊ូទាំងនោះ គួរត្រូវបានរម្លឹកនិងធ្វើពិធីចងចាំ ព្រោះវីរភាពនិង​​ការ​​ពុះ​ពារ​​​របស់ពួកគាត់ធ្វើឡើងដើម្បីបុព្វហេតុជាតិ និង​នាំឱ្យកម្ពុជាមានសុខសន្តិភាព​និងប្រជាធិបតេយ្យពិតប្រាកដ។

លោកបន្តថា៖ «ជាអ្នកតស៊ូដើម្បីបូរណភាព​​ទឹក​ដី ជាអ្នកតស៊ូ​​ដែលគេហៅថាអធិបតេយ្យជាតិ ​​ហេតុ​ដូច្នេះហើយយើងខ្ញុំចង់ឱ្យមានការប្រារព្ធ​​ព្រឹត្តិ​ការណ៍​​ថ្ងៃទី​៥-៦កក្កដា ជាព្រឹត្តិការណ៍​​បង្ហូ​​រ​​ឈាម​​ដែលមានការសម្លាប់ឧត្តមសេនីយ៍និងមន្រ្តីយោធាជាន់ខ្ពស់កងយោធពលខេមរភូមិន្ទ ដែល​​អស់​​លោកទាំងអស់​​នោះគឺកង​​យោធពល​​ខេ​មរភូមិន្ទ»។

ដោយឡែក លោក គឹម សុខ អ្នកវិភាគនយោបាយ និងជាអតីតមន្រ្តីគណបក្ស​ហ្វ៊ុនស៊ិនប៉ិច លើកឡើងថា រដ្ឋប្រហារបង្ហូរឈាមថ្ងៃទី​៥-៦​កក្កដា ជាការ​​អនុវត្តរបស់គណបក្សប្រជាជនកម្ពុជា។ លោក​បន្ត​ថា ព្រឹត្តិការណ៍បង្ហូរ​​ឈាម​​ខ្មែរ​​កាល​​ណោះ គឺមានបរទេសជាអ្នកនៅពីក្រោយ ដែលនៅតែ​បន្ត​ឈ្លានពានកម្ពុជាតាមរយៈការអនុវត្តគោលនយោបាយដោយ​​បក្ស​​កាន់​​អំណាច​​។

លោកបន្តថា៖ «ករណីដែលយើងអាចកត់សម្គាល់ថាជាការឈ្លានពានរបស់បរទេស ក្រោយព្រឹត្តិការណ៍​៥-៦​កក្កដា ១៩៩៧ ប្រទេសកម្ពុជាបាន​​បាត់​​បង់ដែនសមុទ្ររបស់ខ្លួន ៣ម៉ឺនគីឡូ​ម៉ែត្រ​ការ៉េ​ទៅ​វៀតណាម ហើយសៀមក៏កាត់យកអស់៣ម៉ឺនគីឡូម៉ែត្រ​ការ៉េ។ ហើយ​លោក ហ៊ុន សែន ជាមេរដ្ឋប្រហារហ្នឹង​ គាត់អត់ហ៊ានតវ៉ាអ្វីទាំង​​អស់។ ហេតុដូច្នេះហើយយើងបានបាត់ដែនសមុទ្រ​រហូតដល់៦ម៉ឺនគីឡូម៉ែត្រការ៉េ»។ 

លោក សុខ ឥសាន មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា បើដូចការរិះគន់របស់អ្នកវិភាគមួយចំនួនមែន ម៉្លេះមកដល់ថ្ងៃនេះ កម្ពុជាត្រូវ​​បាត់បង់ដែនទឹកនិងដែនគោកគ្មានសេសសល់ទេ។ លោកបន្តថា គណបក្សកាន់អំណាច មានគោលនយោបាយច្បាស់លាស់និងត្រឹមត្រូវក្នុង​​ការ​​គ្រប់​​គ្រងរដ្ឋ ហេតុនេះការចោទប្រកាន់ណាមួយ វាមិនបានឆ្លុះបញ្ចាំងពីការពិតដែលកម្ពុជាកំពុងមាន​ដូចសព្វថ្ងៃនេះទេ។

លោកបន្តថា៖ «​២៤ឆ្នាំ​ហើយ​​​ សួរថា ​ដែន​កោះនិង​ដែនគោក​ហ្នឹង​ វាមានបាត់ទៅណា? ខ្មែរពី​មុនមាន​ត្រឹមតែ១០លាននាក់ទេ តែឥលូវឡើងដល់១៦លាន​នាក់​ ហើយខ្មែរនៅ​​ត្រង់​​ណា​​បើបាត់អស់អ៊ីចឹង? អ៊ីចឹងខ្ញុំយល់ថា មានតែមនុស្សឆ្កួតទេទើបនិយាយបែបហ្នឹងបាន និយាយអត់ដឹងខ្យល់​​អីទាំងអស់ហ្នឹង។ ប្រជាជន​​១៦លាន​​នាក់ ​​គេ​​កំពុងរស់នៅលើទឹកដីគេពេញទំហឹង ដូច្នេះវាបាត់ទៅណា»។   

នៅថ្ងៃនេះ កាលពី២៤ឆ្នាំមុន ពោលកាលពីថ្ងៃទី​៥ និងទី​៦ ខែ​កក្កដា ឆ្នាំ១៩៩៧ ទីក្រុងភ្នំពេញទាំង​មូលមានសភាពស្ងាត់ជ្រងំ ហើយ​ពេលនោះ​គេឮ​​សូរតែ​​ស្នូរ​គ្រាប់​​ផ្លោងនិងការចល័តរថពាសដែក​ប៉ុណ្ណោះនៅ​តាមហាវិថីនានា​។ នៅព្រឹត្តិការណ៍រដ្ឋប្រហារ​​​នេះ ម្ខាងជាយោធាដែល​​គាំ​​​ទ្រ​​គណ​​បក្ស​​រាជា​​និយម ហ្វ៊ុន​​ស៊ិន​​ប៉ិច របស់សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ កាលណោះ និងម្ខាងទៀតជាយោធាស្មោះ​​ស្ម័គ្រ​​នឹង​​លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីទី២។

កាលណោះ នៅមុនព្រឹត្តិការណ៍ផ្ទុះអាវុធ១ថ្ងៃ សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ បានយាងចេញពីកម្ពុជាតាមជើងយន្ត​​ហោះ​​ទៅប្រទេសបារាំង។ បន្ទាប់មក នៅក្នុងជំនួបជាមួយអតីតអគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ លោក កូហ្វី អាណាន់ សម្តេចក្រុមព្រះ​បានប្រាប់​​ទៅ​លោក កូហ្វី អាណាន់ ថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញ​​ពី​​នាយក​​រដ្ឋមន្រ្តីទី១ ហើយស្នើឱ្យអង្គការ​​សហប្រជាជាតិ កុំ​​ទទួលស្គាល់លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ហើយជារដ្ឋាភិបាលស្របច្បាប់របស់លោកថែមទៀត។ 

បើទោះជាបែបណា បញ្ហានេះត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាលណោះជានាយករដ្ឋមន្រ្តីទី២ បានផ្តល់បទសម្ភាសដល់​​អ្នក​​កា​សែត​​​​បរទេស ដោយចោទប្រកាន់ថា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ទៅវិញទេ ជាអ្នកដែលធ្វើរដ្ឋប្រហារតាមរយៈការចល័តកងទ័ពខុសច្បាប់ និង​នាំកម្លាំងខ្មែរក្រហមចូល​ក្រុងភ្នំពេញ។ លោកថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដោយបញ្ជាក់ថា ក្នុងឋានៈជានាយករដ្ឋមន្រ្តី លោកបានត្រឹមប្រឹងទប់សភាពការ និងប្រើប្រាស់សិទ្ធិការពារខ្លួនតែប៉ុណ្ណោះ​​។

លោកបន្តថា៖ ​​«ម៉េច​​បាន​​លោកឯងនៅតែនិយាយអាបញ្ហាហ្នឹង? បញ្ហាគឺ រណឫទ្ធិ គេប្រើកម្លាំង ខ្ញុំប្រើកម្លាំងឯណា! ​​ខ្ញុំប្រើកម្លាំងត្រឹមតែទប់ ឬលោកឯង​​ឱ្យខ្ញុំដកថយ​​​ឬខ្ញុំ​​ទប់! ឥលូវនេះ ​លោក​ឯងទៅអន្លង់វែង ​ទៅដោយខ្លួនឯង យកក្បាលរងគ្រាប់ដោយ​ខ្លួនឯងទៅ»។

ប៉ុន្តែបញ្ហានេះត្រូវបានសម្តេចក្រុមព្រះ​ច្រានចោល និង​ហៅការថ្លែងរបស់លោក ហ៊ុន សែន កាលណោះ​ថា ជាលេស​ដើម្បីទម្លាក់ទ្រង់ចេញពីអំណាច​ប៉ុណ្ណោះ ស្របពេលទាហាន​​ខ្មែរ​​ក្រហមដឹកនាំដោយលោក កែវ ពង្ស និង ភុន ភាព បានចល័តកងកម្លាំងចូលទីក្រុងភ្នំពេញ និងដឹកនាំការវាយ​ប្រហារនេះ។

នៅក្នុងរបាយការណ៍ដែលចេញក្រោយព្រឹត្តិការណ៍បានបញ្ចប់ទៅ ដោយអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានបង្ហាញថា ព្រឹត្តិការណ៍បង្ហូរ​ឈាម​​​​​​​នេះបណ្តាលឱ្យមនុស្សរាប់រយនាក់រងរបួស និងស្លាប់។ ជនរងគ្រោះភាគច្រើនជាមន្រ្តីយោធាជាន់ខ្ពស់និងកងកម្លាំងប្រដាប់អាវុធ​​ដែល​​ស្មោះ​​​​​ស្ម័គ្រ​​នឹងគណបក្ស ហ្វ៊ុនស៊ិនប៉ិច ប្រមាណ៦០នាក់ ត្រូវបានគេសម្លាប់ក្រៅប្រព័ន្ធច្បាប់។

ដោយឡែក អតីតមន្រ្តីគណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក ប៉ែន សង្ហា បានសរសេរនៅលើទំព័រហ្វេសប៊ុក​រប​ស់លោក ដោយបញ្ជាក់ឈ្មោះឧត្តមសេនីយ៍មួយចំនួនដែលត្រូវបានគេសម្លាប់នៅ​​ក្នុង​​ព្រឹត្តិ​​ការណ៍​​​​បង្ហូរឈាមថ្ងៃ៥-៦កក្កដា រួមមាន ហូ សុខ, ចៅ សម្បត្តិ, ក្រួច យឿម, ជា ឬទ្ធីឈុត, ម៉ែន ប៊ុនថន និងលោក លី សេងហុង ជាដើម។

នៅក្រោយព្រឹត្តិការណ៍បានបញ្ចប់ ក្នុងខែកក្កដា ឆ្នាំ១៩៩៧ លោក​ Thomas Hammarberg តំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជា​​ជាតិប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍​ថ្កោល​ទោសការ​សម្លាប់ឧត្តមសេនីយ៍ និងមន្រ្តីយោធាមួយចំនួនទៀតដែលស្មោះស្ម័គ្រ​​នឹង​​គណ​​បក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ដោយចាត់ទុកការសម្លាប់នេះថា ជាការសម្លាប់ក្រៅសំណាញ់ច្បាប់និងជាអំពើរំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ឃើញថា ការព្យាយាមលុបបំបាត់ប្រវត្តិសាស្រ្តនេះ ប្រហែលជាទ្រង់នរោត្តម រណឫទ្ធិ មិនចង់ឱ្យមានការ​ឈឺចាប់និងចងកំហឹង​ផ្នែកនយោបាយទៅថ្ងៃក្រោយ។

ប៉ុន្តែការសម្រេចចិត្តបែបនេះ លោកថា មិនត្រឹមតែ​​ធ្វើ​​​​​​ឱ្យអ្នកខំតស៊ូត្រូវធ្លាក់ចុះតម្លៃនិងបាត់បង់ជំនឿចិត្តប៉ុណ្ណោះទេ បញ្ហានេះថែមទាំងធ្វើឱ្យជីវិតនយោបាយរបស់គណបក្សរាជានិយមមួយនេះ លែងមានការគាំទ្រទៀតផង។

ម្យ៉ាងទៀត លោកថា ​បើសិនបើចង់រកយុត្តិធម៌ពិតប្រាកដ ការធ្វើពិធីរា​ល់ឆ្នាំ​ វាមិនទាន់គ្រប់គ្រាន់​ទេ ហើយ​យុត្តិធម៌ក៏មិនងាយ​​នឹង​​ទទួលបានដែរ លុះត្រាតែមានការ​ដាក់បណ្តឹងទៅអន្តរជាតិ ទើបមានតម្លៃ​ជាប្រវត្តិសាស្រ្តនិង​ទទួលបានយុត្តិធម៌។

លោកបន្តថា៖ «បើអត់មានការសើរើរកខុសរកត្រូវនិងរកយុត្តិធម៌ទេ វានឹងធ្វើឱ្យបាត់​​ជំនឿ​ទៅលើការគាំទ្រ​​ផ្នែក​​នយោ​​បាយ​​។ បញ្ហានេះមិនត្រឹមតែអ្នកនៅក្រោមនិងដើរតាមទេ ប្រជាពលរដ្ឋក៏មិនផ្តល់តម្លៃដែរ។ ដូច្នេះ តម្លៃនយោបាយ​​របស់អ្នកនយោបាយ ​​គឺត្រូវ​​បាត់​បង់​​។ ​​វាមិនអាចងាកមករកភាពពេញលេញឡើងវិញបានទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ