RS​F ដាក់​ឈ្មោះ​លោក​ ហ៊ុន​ សែន​ ក្នុង​បញ្ជី​មេ​ដឹក​នាំ​៣៧​រូប​ដែល​បំផ្លាញ​ដល់​សេរីភាព​សារ​ព័ត៌មាន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងថ្ងៃជូនព្រះរាជដំណើរព្រះមហាក្សត្រយាងទៅក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) បានដាក់ឈ្មោះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងចំណោមមេដឹកនាំចំនួន ៣៧​រូប ដែល​យាយីឬ​បំផ្លាញដល់​សេរីភាព​សារព័ត៌​មាន ខណៈ​អ្នក​ធ្វើការ​ងារ​ក្នុង​វិស័យ​សារព័ត៌មាន​នៅកម្ពុជា​បានជំរុញ​ឱ្យរដ្ឋាភិបាល​កែ​លម្អ​ឡើងវិញ។

នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៥ ខែកក្កដា អង្គការអ្នកកាសែតគ្មានព្រំដែន (RSF)​ ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានដាក់ឈ្មោះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងចំណោមមេដឹកនាំ ៣៧រូប ដែលយាយីដល់សេរីភាពសារព័ត៌មាន។

របាយការណ៍ដដែលបន្តទៀត​ថា មេដឹកនាំផ្សេងទៀតដែលបានដាក់ឈ្មោះដែរនោះ​ រួមមាន ប្រធានាធិបតីចិន លោក ស៊ី ជិនពីង, ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន, មេដឹកនាំយោធាភូមា លោក មីន អ៊ុងឡាំង, នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង, ប្រធា​នាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូទែតេ, មេដឹកនាំស្ត្រីហុងកុង លោកស្រី ការី ឡាំ រួមជាមួយមេដឹកនាំនៃបណ្តាប្រទេសនៅអាស៊ី អាហ្វ្រិក និងអឺរ៉ុបមួយចំនួនទៀត សរុបចំនួន៣៧ប្រទេស។

អង្គការអ្នក​កាសែតគ្មានព្រំដែន (RSF) បាន​សរសេរយ៉ាងលម្អិត​អំពី​សកម្មភាព​ជាក់ស្តែង​ទាំង​​ឡាយ​របស់​មេដឹកនាំ​ទាំង​នោះ ថាបានធ្វើអ្វីខ្លះក្នុង​អំណាចដឹកនាំរបស់​ខ្លួន ដែលបានឈាន​ទៅដល់ការ​យាយីឬ​បំផ្លាញ​សេរីភាព​សារ​ព័ត៌មាន​នៅក្នុង​បណ្តាប្រទេស​របស់​ពួកគេ។ សកម្មភាពទាំងនោះ រួមមាន ការដាក់វិធានការគំរាមកំហែងជាលក្ខណៈប្រព័ន្ធ តាម​រយៈ​មធ្យោបាយរារាំងនានា ការចាប់ខ្លួន​​អ្នកសារព័ត៌មាន​ ការពន្យុះ​ឱ្យ​​មានការប្រើអំពើហិង្សា​​ទៅលើ​អ្នកសារព័ត៌មាន។ រីឯករណីខ្លះទៀត របាយការណ៍នោះថា នៅក្នុងរូបភាពជាការ​ផ្តន្ទាទោសអ្នកសារ​ព័ត៌មាន ដោយ​ប្រើប្រាស់ច្បាប់រឹត​បន្តឹងសិទ្ធិសេរីភាពនិងប្រព័ន្ធតុលាការ និងខ្លះទៀតអាចជាករណីធ្វើឃាតឬសម្លាប់​អ្នកសារព័ត៌មានថែមទៀតផង។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី បានថ្លែង​ថា ចង់​ឬមិនចង់ ការចេញផ្សាយរបាយការណ៍នេះនឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់​ប្រទេសនិងបណ្តាមេដឹកនាំនៃប្រទេសនីមួយៗ។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាល​នីមួយៗ ជាពិសេសកម្ពុជា កែលម្អ​និងលើកកម្ពស់​សេរីភាព​សារព័ត៌មាន​​ឡើង​វិញ។

លោក ណុប វី មានប្រសាសន៍​ថា៖ «ជារួម ការបញ្ចេញឈ្មោះ ការលើកឡើងពីឈ្មោះមេដឹកនាំហ្នឹង តិចឬច្រើន វាអាចធ្វើឱ្យមានផលប៉ះពាល់ទៅដល់កិត្តិយស ទៅដល់មុខមាត់ប្រទេសរបស់យើងដែរ ដោយសារហេតុអី? គឺដោយសារតែបណ្តាប្រទេសទាំងអស់​ដែលមានស្ថានភាពដែលមានការធ្លាក់ចុះសេរីភាពសារព័ត៌មានហ្នឹង ដែលត្រូវបង្ហាញក្នុងរយៈពេលបី បួនប្រាំឆ្នាំមកនេះមែន។ ក៏ប៉ុន្តែជាថ្មីម្តងទៀត ការបង្ហាញឈ្មោះនៃបណ្តាប្រទេសទាំងអស់ហ្នឹង គឺវាក៏ធ្វើឱ្យមានការចាប់អារម្មណ៍ជាទូទៅនៅក្នុងពិភពលោកដែរ ជាពិសេសវាអាចធ្វើឱ្យប៉ះពាល់ដល់មុខមាត់ ដល់កិត្តិយសនៃមេដឹកនាំបណ្តាប្រទេសជាង៣០ហ្នឹង»។

ប៉ុន្តែអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានច្រាន​ចោល​របាយ​ការណ៍​នេះ ថាជារបាយការណ៍ដែលមិនឆ្លុះបញ្ចាំងការពិតទេ។

លោក​ថា៖ «ខ្ញុំយល់ឃើញថា របាយការណ៍នេះជារបាយការណ៍ដែលមានចរិតនយោបាយ មានចរិតក្នុងការចោទប្រកាន់មកលើកម្ពុជា ក៏ដូចជាប្រមុខដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ដោយពុំមានមូលដ្ឋានគ្រប់ជ្រុងជ្រោយ និងមិនបានសិក្សាស្រាវជ្រាវឱ្យបានត្រឹមត្រូវទៅតាមស្ថានភាពជាក់ស្តែង អំពីការអនុវត្តវិជ្ជាជីវៈសារព័ត៌មានដែលអនុលោមតាមច្បាប់ដែលមានជាធរមានដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។ ដូច្នេះ របាយការណ៍នេះ មិនអាចទទួលយកបានទេ»។

នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៥ ខែកក្កដា អង្គការអ្នកកាសែតគ្មានព្រំដែន (RSF) បានចោទប្រកាន់គណបក្សកាន់អំណាចថា បានលុបបំបាត់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ដោយសារមានការភ័យខ្លាចចាញ់នៅក្នុងការបោះឆ្នោតជាតិ កាលពីខែកក្កដា ឆ្នាំ២០១៨។

របាយការណ៍នេះបានលើកឡើងថា បន្ទាប់ពីកាន់អំណាចជាង៣០ឆ្នាំ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញនូវវិធានការទប់ស្កាត់ជាមុនដ៏ធំមួយប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលនេះបានបំផ្លិចបំផ្លាញដល់ទិដ្ឋភាពសារព័ត៌មាននៅ​កម្ពុជា។ ស្ថានីយវិទ្យុ​និង​អង្គភាពសារព័ត៌មានជាច្រើនត្រូវបានហាមឃាត់ទាំងស្រុង ខណៈពេលដែលបុគ្គលិក​នៅអង្គភាពព័ត៌មានផ្សេងទៀតត្រូវបាន «ដកចេញ»។ តួយ៉ាងដូចជាកាសែត The Cambodia Daily ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារការចោទប្រកាន់ ដែលអង្គការអ្នករាយការណ៍គ្មានព្រំដែនចាត់ទុកថា ជាការប្រតិដ្ឋទាំងស្រុង ដើម្បីកម្ចាត់បណ្តាញសារព័ត៌មានឯករាជ្យមួយនេះ។

របាយការណ៍នោះបន្តទៀតថា​ នៅឆ្នាំ២០២០ រដ្ឋាភិបាលបានប្រើវិបត្តិនៃវីរុស​កូវីដ-១៩ ដើម្បី​ដាក់​ចេញការរឹតត្បិតសិទ្ធិសេរីភាព​ក្នុងការសរសេរឬរាយការណ៍ព័ត៌មាន (censorship) បន្ថែមទៀត លើការបិទគេហទំព័រព័ត៌មាន ការចាប់ខ្លួនអ្នកកាសែត និងការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដែលបានផ្តល់ឱ្យ​ខ្លួននូវអំណាច​ក្នុងការ​ត្រួតពិនិត្យនិងតាមដានលើប្រព័ន្ធផ្សព្វផ្សាយជាដើម។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលចំពោះការចោទប្រកាន់ថា គណបក្សកាន់អំណាចបានបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយព្រោះខ្លាចចាញ់ការបោះឆ្នោត។

លោក​ថា៖ «វាជាការភ្លីភ្លើណាស់! យល់ច្រឡំ បង្ក្រាបអ្នកសារព័ត៌មានដើម្បីឈ្នះឆ្នោត? ឈ្នះ​ឆ្នោត​ហ្នឹង ដោយសារប្រជាជនបោះឆ្នោតឱ្យតើ! អ៊ីចឹងគាត់និយាយនេះ អាងតែគាត់និយាយ​បាន ហើយអាការនិយាយបានទាំងបំពានលើការពិតហ្នឹងហើយ ដែលវាឆ្លុះបញ្ចាំងនៅកម្ពុជាថា វាមានសេរីភាពទូលំទូលាយ»។

ទោះជាយ៉ាងណាក្ដី អង្គការអ្នកកាសែតគ្មានព្រំដែន បានលើកឡើងថា ក្នុងស្ថានភាពដ៏លំបាក​នេះ ការបង្កើតសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ​កាលពីចុងឆ្នាំ​២០១៩ បានផ្តល់ឱ្យអ្នកសារ​ព័ត៌មានរបស់ប្រទេសនេះនូវថាមពលនិងតំណាងឱ្យសម្បទានដែលមានកំណត់ដោយ​រដ្ឋាភិបាល។

យ៉ាងណាក្តី នាយកប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក អ៊ិត សូធឿត បានថ្លែងថា របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែននេះ គឺជាសាររម្លឹកដល់រដ្ឋាភិបាលកម្ពុជា​ឱ្យងាកមកស្តារសេរីភាពសារព័ត៌មាននៅកម្ពុជាឡើងវិញ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំ ខ្ញុំ​ឃើញថា Report ឬរបាយការណ៍ហ្នឹងអាចថាជាសារក្រើនរម្លឹកមួយឡើងវិញទៅដល់មេដឹកនាំ ថ្នាក់ដឹកនាំរបស់កម្ពុជាយើង ដើម្បី​យកចិត្តទុកដាក់ក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន ជាជាង ដូចរបាយការណ៍បានលើកឡើងថា ទៅជាមានការធ្វើទុក្ខបុកម្នេញ បន្ទច់បង្អាក់ការងាររបស់អ្នកសារព័ត៌មាន»។

កាលពីខែមេសា ឆ្នាំ២០២១នេះ អង្គការអ្នកកាសែតគ្មានព្រំដែន បានបន្តផ្តល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ស្ថិតនៅលេខរៀងទី១៤៤ ក្នុង​ចំណោម​១៨០ប្រទេសនៅ​លើពិភពលោក។ ចំណាត់ថ្នាក់នេះបានធ្លាក់​ចុះ​៣ឆ្នាំជាប់ៗគ្នា គិតចាប់តាំងពីឆ្នាំ២០១៧មក៕


ក្រុមអ្នកឃ្លាំមើល​ អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ រង់ចាំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកព័ត៌មានទាក់ទងនឹងរឿងក្ដីលោក កឹម សុខា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ (ទុយ អេងលី)

ក្រសួង​ព័ត៌មាន​ព្រម​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​សារ​ព័ត៌មាន​គ្មាន​វិជ្ជាជីវៈ​ដោយ​មិន​ឆ្លង​កាត់​ក្រសួង​សាម៉ី

ក្រសួងព័ត៌មាន អនុញ្ញាតឱ្យ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស​អាជ្ញាធរខេត្តកណ្តាល ចាត់វិធានការច្បាប់​លើ​អ្នកសារ​ព័ត៌មាន​ដែលមិនមានវិជ្ជាជីវៈ ល្មើសច្បាប់ និង​ផ្សព្វផ្សាយព័ត៌មាន​ញ៉ុះញង់​បង្កឱ្យមា​នការ​ភ័ន្ត​ច្រឡំនិង​ប៉ះពាល់​សណ្តាប់​​ធ្នាប់​សាធារណៈ ដោយមិនចាំបាច់សុំគោលការណ៍​ពីក្រសួងសាម៉ីនោះឡើយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ