ឯកអគ្គរាជទូតប្រទេសអង់គ្លេសប្រចាំកម្ពុជា បានសម្ដែងការខកចិត្តជាខ្លាំងចំពោះការផ្ដល់សត្វតោមួយក្បាលឱ្យម្ចាស់ជាជនជាតិចិនយកទៅចិញ្ចិមនៅគេហដ្ឋានវិញ ក្រោយសត្វតោនោះត្រូវបានមន្ត្រីជំនាញយកទៅមើលថែទាំនៅមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ មួយរយៈពេលខ្លី។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានការណែនាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នជំនាញ ដោយបានអនុញ្ញាតឱ្យជនជាតិចិនយកសត្វតោមួយក្បាលទៅចិញ្ចឹមនៅគេហដ្ឋានរបស់ខ្លួនវិញ និងប្រគល់ប្រាក់ផាកពិន័យទាំងប៉ុន្មានត្រលប់ទៅម្ចាស់តោវិញផងដែរ។
នៅលើបណ្តាញសង្គមធ្វីតទ័រ (Twitter) របស់លោកស្រី Tina Redshaw ឯកអគ្គរាជទូតរបស់អង់គ្លេសប្រចាំនៅកម្ពុជា បានសម្តែងការខកចិត្តចំពោះសត្វតោដែលរឹបអូសបានពីលំនៅដ្ឋាននាកណ្តាលទីក្រុងភ្នំពេញ ហើយត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ។
Disappointed that lion confiscated from city centre residence is being returned, undermining 🇰🇭 legislation preventing ownership/trade in endangered wildlife, harming global efforts to tackle Illegal Wildlife Trade, to say nothing of stress & suffering of inappropriate captivity
— Tina Redshaw 🇬🇧 (@tsredshaw) July 5, 2021
លោកស្រីថា៖ «ការធ្វើបែបនេះធ្វើឱ្យប៉ះពាល់ដល់ច្បាប់រារាំងមិនឱ្យមានការចិញ្ចឹមសត្វព្រៃ [ជាលក្ខណៈគ្រួសារ ឬជាកម្មសិទ្ធិផ្ដាច់មុខ] ការជួញដូរសត្វព្រៃដែលជិតផុតពូជ និងបង្កអន្តរាយដល់កិច្ចប្រឹងប្រែងជាសកលក្នុងការបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ទៀតផង»។
សត្វតោឈ្មោលមួយក្បាលនេះមានឈ្មោះថា ហ៊ីម៉ា ត្រូវបានមន្ត្រីជំនាញ សហការជាមួយអង្គការ Wildlife Alliance ទៅដកហូតពីផ្ទះបុរសជនជាតិចិនកាលពីចុងខែមិថុនា ហើយយកទៅចិញ្ចឹមនៅសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ ការរឹបអូសសត្វកម្រមួយក្បាលនេះ ក្រោយរកឃើញថា មានការលបលួចចិញ្ចឹមសត្វតោនៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពីសំណាក់បុរសជាជនជាតិចិន ធ្វើឡើងដោយខុសច្បាប់។ ក្រៅពីរឹបអូសសត្វតោនោះ ស្ថាប័នជំនាញក៏បានបង្គាប់ឱ្យម្ចាស់តោបង់ប្រាក់ពិន័យចំនួន៣ម៉ឺនដុល្លារ ចំពោះអំពើល្មើសច្បាប់នេះទៀតផង។
នាយិកាប្រតិបត្តិអង្គការសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ធ្លាប់មានប្រសាសន៍ថា ការសម្រេចរបស់រដ្ឋាភិបាលប្រគល់សត្វតោឱ្យទៅជនជាតិចិនយកទៅចិញ្ចឹមវិញនេះ ជាការបំពានច្បាប់និងលើកទឹកចិត្តឱ្យជនដទៃទៀតអាចនឹងប្រព្រឹត្តបទល្មើសជួញដូរសត្វព្រៃផងដែរ៕