អគ្គិភ័យ​នៅ​រោងចក្រ​ផលិត​ទឹក​ផ្លែ​ឈើ​នៅ​បង់ក្លាដែស​ឆក់​យក​ជីវិត​មនុស្ស​៣​​នាក់​

អ្នកជួយសង្គ្រោះនិងពន្លត់អគ្គិភ័យចុះពិនិត្យនៅគំនរសម្ភារដែលរងការខូចខាតដោយអគ្គិភ័យ ក្រោយពេលមានអគ្គិភ័យឆេះរោងចក្រផលិតទឹកផ្លែឈើមួយក្នុងតំបន់ Narayanganj ប្រទេសបង់ក្លាដែស កាលពីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។ (ផ្សព្វផ្សាយនៅលើរ៉យទ័រ / Screenshot)

យ៉ាងហោចណាស់ មានមនុស្ស៣នាក់បានស្លាប់​បាត់បង់ជីវិត និង២០​នាក់​ផ្សេង​ទៀត​បាន​រងរបួស ខណៈមួយចំនួនទៀត ជាប់នៅក្នុងអគ្គិភ័យ​​ដែល​បាន​ឆាប​ឆេះ​នៅ​រោងចក្រមួយ​កន្លែង​ក្នុងប្រទេស​បង់ក្លាដែស។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃសុក្រនេះថា អគ្គិភ័យ​នេះផ្តើម​ចេញពីជាន់​ផ្ទាល់​ដី​ក្នុង​អគារ​ច្រើន​ជាន់​នៃ​រោង​ចក្រ​ផលិត​ទឹកផ្លែឈើ កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅ​ក្នុងទីក្រុង Narayanganj ដែលមានចម្ងាយប្រមាណ២០​គីឡូម៉ែត្រ​​ពីរដ្ឋធានី Dhaka ប្រទេស​បង់​ក្លា​ដែ​ស ប៉ុន្តែគេនៅ​​មិនទាន់ដឹងពីមូលហេតុនៃការ​ឆាបឆេះនេះ​នៅឡើយទេ។

មន្រ្តីនៃទីក្រុង Narayanganj មួយរូប លោក Mustain Billah បានប្រាប់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters ពីកន្លែងកើតហេតុថា៖ «យើងនៅមិនទាន់ដឹងថាតើមានកម្មករប៉ុន្មាននាក់ដែលកំពុងជាប់នៅក្នុងអាគារដែល​ឆេះនោះទេ ខណៈដែលបច្ចុប្បន្នយើងកំពុងតែប្រមូលព័ត៌មានបន្ថែមទៀត»។

លោកបន្ថែមថា មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ខណៈមនុស្ស២០នាក់ផ្សេងទៀតបានរងរបួស។

មន្ត្រីពន្លត់អគ្គិភ័យមួយរូប លោក Shah Alam ថ្លែងថា កម្មករជាច្រើននាក់​បានរងរបួស ដោយសារតែពួកគេបាន​លោត​ចុះពី​ជាន់​ទី២និង​ជាន់​ទី​៣នៃអគារដែល​ឆេះនោះ។

បើតាមប្រភពដដែល​ ករណីអគ្គិភ័យបែបនេះច្រើនកើតឡើង​នៅក្នុងរោងចក្រដែល​បើក​ដំណើរ​ការដោយ​ខុស​ច្បាប់និងគ្មានវិធានការសុវត្ថិភាព​អគ្គិភ័យ​ ហើយ​ករណីនេះបានកើតឡើងជា​ញឹក​ញាប់នៅក្នុង​ប្រទេស​បង់​ក្លាដែស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ