កម្ពុជាទទួលវ៉ាក់សាំង​បង្កា​រ​កូវីដ-១៩ ពី​ចិន ៤លាន​ដូស​បន្ថែម​ទៀត

គ្រូពេទ្យម្នាក់លើកស៊ីរាំងបូមវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ត្រៀមចាក់ជូនដល់បុគ្គលដែលមកទទួលការចាក់ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន៤លានដូសបន្ថែមទៀត ដែលរដ្ឋាភិបាល​បញ្ជាទិញ​ពីភាគី​ចិន ត្រូវបាន​ដឹក​តាម​យន្តហោះមក​ដល់​​ប្រទេសកម្ពុជាហើយ​​ នៅព្រឹកថ្ងៃសៅរិ៍​នេះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ ដែលទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានឱ្យក្រុម​អ្នក​សារព័ត៌មាន​ដឹង​ថា រដ្ឋាភិបាល បាន​បញ្ជាទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩  ចំនួន៤លានដូស ពីចិន ​ក្នុងនោះ មានប្រភេទស៊ីណូវ៉ាក់​ចំនួន ៣លាន​ដូស និង​វ៉ាក់សាំង ស៊ីណូហ្វាម ១លានដូស ​ដើម្បីយកចាក់ជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ​រស់​នៅតាមបណ្តា​ខេត្ត​ដែលកំពុង​ប្រឈម​ខ្លាំង ដោយមិនគិតថ្លៃនោះទេ។

ទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ ឱ្យដឹង​ថា កម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ជាង៤លាន៥សែនដូសរួចមកហើយ រួមមាន វ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន ចំនួន១លាន៧សែនដូស។ វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ចំនួន២លាន៥សែនដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនិកា ជាង ៣២ម៉ឺនដូស (៣២៤ ០០០) ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។

តាមរបាយ​ការណ៍​អនុគណៈកម្មការ​តាម​ដាន ​និង​វាយ​តម្លៃ​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​​ចាក់​​វ៉ាក់សាំង​កូវីដ-១៩ ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ចេញ​​នៅ​ថ្ងៃទី០៩ ​ខែ​កក្កដា ឆ្នាំ​២០២១នេះ​ ​បញ្ជាក់​​ថា ចំនួន​អ្នកបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​នៅ​ទូទាំង​ប្រទេស ​ចាប់​តាំងពី​ថ្ងៃទី​១០ ​ខែ​កុម្ភៈ ឆ្នាំ​២០២១​ ដល់​ត្រឹម​ថ្ងៃទី​០៩ ​ខែ​កក្កដា ឆ្នាំ​២០២១នេះ​ មាន​ចំនួន​ ៤៧,៩៣%​  បើធៀបជាមួយចំនួនមនុស្ស១០លាននាក់ ដែលត្រូវចាក់ឱ្យបានចប់ត្រឹមខែ​វិច្ឆិកា ឆ្នាំ២០២១​ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ