អ្នកជំងឺចំនួន២១នាក់ទៀតបានស្លាប់ដោយជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងជាង៩០០នាក់ ខណៈអ្នកឆ្លងថ្មីមានជិត១ ០០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៦០ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន២១នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៩៨១នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន៨១៥នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៦០ ៩៥៩នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបចំនួន៥២ ៤៧៥នាក់ អ្នកស្លាប់សរុប៩០២នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប៤ ៥៥៤នាក់៕