អភិបាល​ខេត្តកណ្តាល​​ចាត់មន្ត្រី​​ស្រាវជ្រាវ​ករណី​លក់​ដីវត្ត និង​ប៉ុស្តិ៍​នគរបាល​ឃុំ​អរិយក្សត្រ

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី 《វឌ្ឍនភាព និងទិសដៅការងារបន្តរដ្ឋបាលខេត្តកណ្តាល》រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ (Royal Government Spokesperson Unit)

អភិបាលខេត្តកណ្តាលចាត់មន្ត្រីជំនាញចុះស្រាវជ្រាវករណីលក់ដី​វត្តសុវណ្ណសាគរ និងដីប៉ុស្តិ៍នគរបាល​ឃុំអរិយក្សត្រ ក្រោយពីទទួលព័ត៌មានថា ដីនោះត្រូវបានលក់ទៅឱ្យឈ្មួញស្ងាត់ៗ សរុបក្នុងតម្លៃជិត១លានដុល្លារ។

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ​ ប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះថា កាលពីថ្ងៃទី៩ ខែកក្កដានេះ លោក ទទួលព័ត៌មានមិនទាន់ច្បាស់ថា ដី​វត្តសុវណ្ណសាគរ ហៅវត្តបន្ទាយ​ និងដីប៉ុស្តិ៍​រដ្ឋបាលឃុំអរិយក្សត្រ ស្រុកល្វាឯម ​ ត្រូវបានលក់ឱ្យឈ្មួញស្ងាត់ៗ ក្នុងតម្លៃជិត១លានដុល្លារ ឬមិនទាន់លក់នៅឡើយទេ។

យ៉ាងនេះក្តី អភិបាលខេត្តរូបនោះបញ្ជាក់យ៉ាងខ្លីថា ក្រោយពីទទួលបានព័ត៌មានបែបនេះ លោកបានចាត់មន្ត្រីជំនាញ ដើម្បីចុះទៅស្រាវជ្រាវរកការពិត ពាក់ព័ន្ធនឹងការលួចលក់ដីគរុភណ្ឌរបស់វត្ត និងដីប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រក្នុងតម្លៃជិត១លានដុល្លារអាមេរិកនេះផងដែរ។

លោកមានប្រសាសន៍ថា«កំពុងស្រាវជ្រាវ ខ្ញុំឱ្យមន្ត្រីមូលដ្ឋានស្រុក និងឃុំ រាយការណ៍មក [ដើម្បីចង់ដឹងថា ដីនោះលក់មែនឬមិនលក់]»

វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពី អភិបាលស្រុកល្វាឯមលោក កន សុខកាយ និង លោក ជា ប៉ុន ប្រធានគណៈកម្មការវត្តសុវណ្ណសាគរ​ ព្រមទាំងមេភូមិអរិយក្សត្រ លោក ខ្លូត សំអឿន បានទេនៅថ្ងៃអាទិត្យនេះ។

មន្ត្រីសម្រប​សម្រួលកម្មវិធីកំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា បើសិនជាមានការលក់ដីគរុភណ្ឌរបស់វត្ត និងដីប៉ុស្តិ៍​រដ្ឋបាល​ឃុំអរិយក្សត្រពិតមែន គឺជាទង្វើខុសច្បាប់ ពីព្រោះដីរបស់រដ្ឋមិនមែនជាកម្មវត្ថុនៃការលក់ដូរនោះទេ។

លោក សូផាត បន្តថា ការលក់ដីវត្ត និងដីប៉ុស្តិ៍​រដ្ឋបាលនោះបាន លុះត្រាតែមានការគប់គិតគ្នាជាមួយអាជ្ញាធរជាប្រព័ន្ធ។ ករណីនេះ លោកជំរុញទៅរដ្ឋាភិបាលត្រូវ​ស្រាវជ្រាវ ​និងចាត់វិធានការផ្លូវច្បាប់លើអ្នកដែលគប់គិតគ្នាលក់ដីទាំងនោះ ដើម្បីកុំឱ្យរឿងបែបនេះកើតឡើងបន្តទៀត។

លោកមានប្រសាសន៍ថា«ស្ថាប័នសមត្ថកិច្ច ក៏ដូចជារដ្ឋាភិបាលត្រូវពិនិត្យមើលដែលលក់ខុសច្បាប់ ហើយអ្នកដែលពាក់ព័ន្ធតាមច្បាប់ភូមិបាល បើលក់ខុសច្បាប់ចូលក្នុងបទល្មើសព្រហ្មទណ្ឌ អ្នកដែលឃុបខិតគ្នាក្នុងការលក់ត្រូវមានទោសព្រហ្មទណ្ឌ»

គួរបញ្ជាក់ថា ដីគរុភណ្ឌរបស់វត្តសុវណ្ណសាគរ មានទំហំទទឹងប្រវែង៤០ម៉ែត្រ ស្ថិតនៅទល់មុខសាលាបឋមសិក្សាសុវណ្ណសាគរ ខាងជើង ទល់នឹងសាលាឃុំអរិយក្សត្រ ខាងត្បូង ទល់នឹងប៉ុស្តិ៍នគរបាលឃុំអរិយក្សត្រ ខាងកើតទល់នឹងផ្លូវកៅស៊ូ ហើយខាងលិច ទល់នឹងដីអូរ ស្ថិតនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ខណៈដីប៉ុស្តិ៍​រដ្ឋបាលអរិយក្សត្រដែលនៅជាប់គ្នានឹងដីវត្តនោះ ក៏ត្រូវបានលក់ទៅឱ្យឈ្មួញតែមួយផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ