មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ លើកឡើងថា សពអ្នកជំងឺកូវីដ-១៩ ប្រមាណ៥០នាក់ កំពុងដាក់ក្លាសេរង់ចាំការបូជា ខណៈទីប៉ាឆាបូជាសពអ្នកជំងឺនៅមានកម្រិតនិងមិនអាចឆ្លើយតបអត្រាអ្នកស្លាប់ដោយសារជំងឺកំពុងមានការកើនឡើងនេះបានទាន់ពេលវេលា។
អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោក កើត ឆែ ប្រាប់ វីអូឌី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ថា ដោយសារអ្នកដែលបាត់បង់ជីវិតដោយជំងឺកូវីដ-១៩កើនឡើងក្នុងមួយរយៈចុងក្រោយនេះ ធ្វើឱ្យដំណើរការបូជាសពអ្នកជំងឺមានភាពយឺតយ៉ាវ ខណៈទីតាំងនៅខេត្តកំពង់ស្ពឺដែលស្ថិតក្នុងស្រុកឱរ៉ាល់ មានចម្ងាយឆ្ងាយ និងមិនទាន់មានហេដ្ឋរចនាសម្ពន្ធផ្លូវថ្នល់ងាយស្រួលនៅឡើយ។
លោកថា ដោយសារបញ្ហានេះ អាជ្ញាធរបានប្រើប្រាស់ទីវត្តអារាម ៣កន្លែង សម្រាប់បូជាសពដោយឡអគ្គិសនី និងប្រើវិធីប្រពៃណីដោយការដុតអុសបន្ថែម និងកំពុងជួសជុលឡអគ្គិសនីចាស់ចំនួន២ទៀត ដើម្បីប្រើប្រាស់ឱ្យទាន់តម្រូវការ។ យ៉ាងណា លោកថា សពចំនួន៥០នាក់មិនទាន់បានបូជានៅឡើយ ហើយកំពុងតម្កល់ទុកក្នុងទូក្លាសេ ខណៈកាលពីសប្តាហ៍មុន សាកសពអ្នកជំងឺមានដល់ជាង១០០នាក់។
លោក កើត ឆែ មានប្រសាសន៍ថា៖ «ទី១ ប៉ាឆារបស់យើងមានកម្រិត អ៊ីចឹងយើងបូជាមានកម្រិតរបស់យើង ដោយសារតែយើងបង្កើតជាបន្តបន្ទាប់ ហើយអត្រាមរណៈមានច្រើនជាងមុន អ៊ីចឹងបានយើងសល់សព តែយើងដាក់ក្នុងទូក្លាសេត្រឹមត្រូវ»។
ប្រភពដដែលបន្ថែមថា រដ្ឋបាលសាលារាជធានីក៏កំពុងប្រជុំស្នើសុំគោលការណ៍ពីរដ្ឋាភិបាល ដើម្បីប្តូរទីបូជាសពអ្នកជំងឺកូវីដ-១៩ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ពីខេត្តកំពង់ស្ពឺ មកធ្វើនៅរាជធានីភ្នំពេញផ្ទាល់វិញ ដោយជ្រើសរើសយកវត្តអារាមដែលនៅឆ្ងាយពីទីប្រជុំជន ហើយក៏កំពុងរៀបចំយន្តការអនុញ្ញាតឱ្យពលរដ្ឋអាចស្នើសុំបញ្ចុះសពសាច់ញាតិរបស់ខ្លួនដែលស្លាប់ដោយជំងឺផ្លូវដង្ហើមដ៏កាចសាហាវមួយនេះផងដែរ។
កាលពីដើមខែកក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងបរិស្ថាន និងគណៈកម្មាធិការបង្ការនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ឱ្យយកឈើល្មើសច្បាប់ដើម្បីធ្វើក្តារមឈូសទុកសម្រាប់ដាក់សាកសពអ្នកជំងឺកូវីដ-១៩ សម្រាប់យកទៅបូជា ហើយបញ្ជាឱ្យអភិបាលខេត្ត-ក្រុង និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បញ្ចេញកញ្ចប់ថវិកា ដើម្បីទិញក្តារមឈូសបន្ថែមទៀតផងដែរ។
តាមរបាយការណ៍ពីក្រសួងសុខាភិបាល គិតមកដល់ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ដែលស្លាប់បាត់បង់ជីវិតនៅទូទាំងប្រទេស មានចំនួន៩៣២នាក់ ខណៈករណីឆ្លងសរុបកើនដល់ជាង៦ម៉ឺននាក់ ក្នុងនោះ កំពុងព្យាបាលប្រមាណ៨ពាន់នាក់៕









