រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុននឹងបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាជំនួយលើកទី៣របស់ខ្លួន ទៅឱ្យកោះតៃវ៉ាន់នៅសប្តាហ៍នេះ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់ប្រសាសន៍លោក Toshimitsu Motegi មកចុះផ្សាយថា វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca PLC នឹងត្រូវបញ្ជូនទៅកាន់កោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យការបរិច្ចាគសរុបរបស់ប្រទេសនេះមានចំនួនសរុបជិត៣,៤លានដូសហើយគិតមកដល់បច្ចុប្បន្ន។
គួរបញ្ជាក់ថា ជំនួយវ៉ាក់សាំងរបស់ជប៉ុនដល់កោះតៃវ៉ាន់លើកទី១ ត្រូវបានធ្វើឡើងកាលពីខែមិថុនា ខណៈលើកទី២ ធ្វើឡើងនៅដើមខែនេះ។
ទាក់ទិននឹងការផ្ដល់ជំនួយជាវ៉ាក់សាំងនេះ ក្រសួងការបរទេសតៃវ៉ាន់បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនដែលបានជួយជាវ៉ាក់សាំងនេះដល់ដែនដីកោះរបស់ខ្លួន ខណៈប្រទេសជប៉ុនក៏កំពុងតែប្រឈមមុខនឹងស្ថានភាពជំងឺរាតត្បាតធ្ងន់ធ្ងរនេះផងដែរ។
ក្រសួងការបរទេសតៃវ៉ាន់ បន្តថា៖ «ចំណងមិត្តភាពរវាងតៃវ៉ាន់និងជប៉ុន គឺនៅតែមានភាពរាំងមាំ។ ក្រសួងការបរទេស សូមថ្លែងអំណរគុណសារជាថ្មីម្ដងទៀតចំពោះដៃគូរបស់យើងសម្រាប់ជំនួយនិងការគាំទ្រដ៏កក់ក្តៅរបស់ពួកគេ»។
ជាមួយគ្នានេះផងដែរ សហរដ្ឋអាមេរិក កាលពីខែមុន ក៏បានបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ចំនួន២,៥លានដូសទៅឱ្យកោះតៃវ៉ាន់ ខណៈប្រទេសលីទុយអានី (Lithuania) ក៏កំពុងផ្តល់វ៉ាក់សាំងចំនួន២ម៉ឺនដូសដល់ប្រទេសនេះដែរ។
កោះតៃវ៉ាន់ បច្ចុប្បន្នកំពុងពង្រីកកម្មវិធីចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័ស ក្នុងនោះប្រជាជនប្រមាណ១/១០នៃចំនួនប្រជាជនសរុបចំនួន២៣,៥លាននាក់ ទទួលបានការចាក់ថ្នាំបង្ការយ៉ាងហោចណាស់ដូសទីមួយ គិតមកដល់ពេលនេះ។
ស្ថានភាពជំងឺកូវីដ-១៩របស់កោះតៃវ៉ាន់នាពេលបច្ចុប្បន្ននេះ ស្ថិតនៅក្រោមការគ្រប់គ្រង បើទោះបីជាមានការឆ្លងរាលដាលក្នុងសហគមន៍ក៏ដោយ៕









