សង្គម​ស៊ីវិល​​ថា​​ ការ​មិន​កំណត់​​ពេល​ឱ្យ​​​មន្ត្រី​គយ​​​ដល់​វ័យ​​ចូល​និវត្តន៍​ឈប់​ពី​ការងារ​​​ជា​គំរូ​អាក្រក់​​ដល់​​​​កំណែ​​ទម្រង់​​​ច្បាប់

ទិដ្ឋភាពចក្រទ្វាអន្តរជាតិដូង ខេត្តបាត់បំបង ជាប់ព្រំដែនប្រទេសថៃ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ហេង វិចិត្រ

មន្រ្តីអង្គការមិនមែនរដ្ឋាភិបាលដែលប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយ បានហៅការមិនដាក់​​ពេល​​វេលាឱ្យ​មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដែលដល់វ័យចូលនិវត្តន៍​ឈប់​ពី​ការ​ងារ​​​​ ថាជាគំរូអាក្រក់និង​​ធ្វើ​​ឱ្យបាត់បង់ឱកាសសម្រាប់​អ្នកមានសមត្ថភាពជំនាន់ក្រោយៗទៀតក្នុងការបង្ហាញស្នាដៃ ចូលរួម​អភិវឌ្ឍ និងជួយបង្កើនប្រាក់ចំណូលសម្រាប់ជាតិ​​។

ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យ​ប្រឆាំងអំពើពុករលួយ អ្នកស្រី ម៉ម ស៊ីថា មានប្រសាសន៍​នៅថ្ងៃទី​១៤ ខែកក្កដានេះ​ថា ច្បាប់ដែលបានបង្កើតមកហើយ រដ្ឋាភិបាលគួរអនុវត្តទៅតាមវិធានដែលបានចែងនិងកំណត់ពីទិសដៅនៃខ្លឹមសារច្បាប់ឱ្យបានត្រឹមត្រូវ។

អ្នកស្រីបន្តថា មន្រ្តីរាជការស៊ីវិលដែលដល់​​ពេលចូលនិវត្តន៍ហើយ ត្រូវរៀបចំដាក់ឱ្យចូលនិវត្តន៍​ ដោយ​មិន​ត្រូវពន្យារពេលក្រោម​​ហេតុផល​​អ្វីផ្សេង​​ឡើ​យ។ ហើយ​​ការបន្ត​អូសបន្លាយឬជួយជ្រោម​ជ្រែង​មន្រ្តី​​​ដែល​ត្រូវ​​ចូល​​និវត្តន៍​ឱ្យ​បន្តការងារ​បែប​​​នេះ ជាគំរូអាក្រក់និងធ្វើឱ្យមនុស្សជំនាន់ក្រោយបាត់បង់ឱកាស​​ក្នុងការបញ្ចេញ​សមត្ថ​​ភា​ព​​​​របស់​​​​ពួក​​គេ​។

អ្នកស្រី ម៉ម ស៊ីថា ថ្លែងថា៖ «ល្អប៉ុនណាក៏ដោយ វាត្រូវដល់ពេលវេលាដែលកំណត់​ដោយច្បាប់ គឺ​​ត្រូវ​​អនុ​វត្ត​អ៊ីចឹងទៅ! មិនចាំបាច់ដំឡើងនិងពន្យារអីបែបហ្នឹងទេ នាំឱ្យខូចប្រពៃណីការងារយើង។​ មើល​​ទៅ​​​​វាអត់កើតទេ ចូលនិវត្តន៍ទៅ ទុកឱកាសឱ្យក្មេងៗក្រោយផង»។

អ្នកស្រីចាត់​​ទុកថា នេះជា​​មូលហេតុតែមួយគត់​​ដែលនាំឱ្យកម្ពុជាមិន​​អាច​​មានការអភិវឌ្ឍនិងកែទម្រង់ទៅរកភាពជឿនលឿនបាន ព្រោះតែជាប់ជំពាក់នឹងផល​​ប្រយោជ​ន៍បក្សនយោបាយ រួមទាំងផលប្រយោជន៍បុគ្គល។

ដោយឡែក ​​លោក ប៉ិច ពិសី នាយកប្រតិបត្តិ​អង្គការតម្លាភាពកម្ពុជា ក៏ឯកភាពដែរថា ការបន្ត​​ក្រាញ​​​​​ក្នុងតួនាទីនេះជាបច្ច័យដែលធ្វើឱ្យអ្នកបន្តវេនជំនាន់ក្រោយគ្មានឱកាសក្នុងការ​​បញ្ចេញ​​នូវ​​សមត្ថភាពរបស់ពួកគេ។

លោកបន្តថា យ៉ាងណា ការទុកឱ្យមន្រ្តីរបស់ខ្លួនស្ថិតនៅក្នុងក្របខណ្ឌ​​ដើម​នេះ អាចជាយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលដែរ តាមរយៈគោលនយោបាយ«រក្សាចាស់ ​​​បង្កើត​​​ថ្មី​»។

លោកបន្តថា៖ «ទម្លាប់ហ្នឹង​​​ បើ​​​​យើងស្តាប់ថ្នាក់ដឹក​នាំគាត់មានប្រសាសន៍ទៅ គឺគាត់រៀបចំ​ជាយុទ្ធសាស្រ្ត​មួយ គឺថារក្សា​ចាស់​បង្កើត​ថ្មី ​​មានន័យថា គាត់មិនបោះបង់​អ្នកចាស់ចោលទេ ហើយនៅ​តែរក្សាផ្តល់អត្ថប្រយោជន៍​​ជូនគាត់អ៊ី​ចឹង​​ទៅ។ ដូច្នេះ នេះជាយុទ្ធសាស្រ្តនៃការដឹកនាំផ្សេងៗ»។​

មន្រ្តីមួយចំនួន​នៅតាមនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមួយចំនួន ឱ្យដឹងថា ពួកគេមិនសប្បាយចិត្តចំពោះ​មេ​គយ លោក គុណ ញឹម ដែលដល់ពេលចូលនិវត្តន៍ហើយ តែបែរជាមិនដាក់ឱ្យចូល​និវត្តន៍ទៅវិញ​។

​យោងតាមឯកសារពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែល វីអូឌី ទទួលបាន បញ្ជាក់ថា គិត​​ត្រឹមឆ្នាំ​​២០២១នេះ លោក គុណ ញឹម ដែលមានតួនាទីជាប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃអគ្គនាយកដ្ឋាន​គយនិងរដ្ឋាករកម្ពុជា​ មានវ័យ៦០ឆ្នាំហើយ ដែលវ័យ​នេះជា​វ័យ​ដល់ពេលដែលត្រូវចូលនិវត្តន៍​​​។​​

ក្រៅពីមិនបានដាក់ឱ្យចូលនិវត្តន៍​​ទៅតាមការកំណត់ដូចមានចែង​​នៅក្នុងវិធាន​​នៃ​​ច្បាប់​​ហើយ កាលពីខែមករា ឆ្នាំ២០២១ កន្លងទៅនេះ លោក គុណ ញឹម ក៏​ត្រូវបានព្រះមហាក្ស​​ត្រត្រាស់​​បង្គាប់​​តែង​​​តាំង​​ជា «រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី» បន្ថែម​​​​លើ​មុខ​ងារបច្ចុប្បន្ន។

ព្រះរាជក្រឹត្យតែងតាំង​​មុខងារ​​នេះ គឺធ្វើឡើងរួមគ្នាក្នុងចំណោមឥស្សរជន​​ជាន់​​ខ្ពស់២​​រូប​​ផ្សេង​​ទៀត រួម​​មាន លោក ជូ វិចិត្ត និងលោក គង់ វិបុល ដែល​​ជាមន្រ្តីនៅ​​ក្នុង​​ក្រសួង​​សេដ្ឋកិច្ច និង​​ហិ​​រញ្ញ​​វត្ថុ។

វីអូឌី ព្យាយាមសុំការបំភ្លឺជាច្រើនដងតាមទូរសព្ទពីលោក គុណ ញឹម ព្រម​​ទាំងមន្រ្តី​​នាំពាក្យ​​ក្រ​​សួង​​មុខងារសាធារណៈ លោក យក់ ប៊ុនណា នៅថ្ងៃពុធនេះ ប៉ុន្តែមិនមាន​​ការ​​ឆ្លើយ​​តប។

ច្បាប់ស្តីពី «សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល» មាត្រា៥៤ ចែងពីការកំណត់អាយុនៃការចូលនិវិត្តន៍របស់​​​​​​មន្រ្តីរាជការស៊ីវិល ដែលត្រូវដាក់ឱ្យចូលនិវត្តន៍ជាកំហិត គិតត្រឹមអាយុ៥៥ឆ្នាំ។ ប៉ុ​​ន្តែនៅ​​ក្នុង​​ច្បាប់​​​​​​ដដែលនេះ ក៏បានបើកផ្លូវអាចរំកិលអាយុដល់ត្រឹម៦០ឆ្នាំ ចំពោះ​មន្ត្រី​រាជការស៊ីវិលដែល​​មាន​​​តួនា​​ទី​​ចាប់​​ពីអគ្គនាយកដ្ឋានចុះក្រោម។ ចំពោះមន្រ្តីនយោបាយវិញ អាយុចាប់ពី៦០ឆ្នាំទៅ អាចនៅបន្ត​​ការ​​ងារ​​​បាន ប្រសិនបើសុខភាពនៅអំណោយផល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ