លោក​ តៃសុង​ បន្ត​ប្រើ​ប្រាស់​បណ្តាញ​សង្គម​បញ្ចេញ​មតិ​ស្វែង​រក​ទីផ្សារ​បន្លែ​របស់​លោក

លោក តៃ សុង កសិករដាំបន្លែម្នាក់រស់នៅក្នុងភូមិព្រែកគយ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ (ហ្វេសប៊ុករបស់លោក តៃ សុង)

កាលពីពេលថ្មីៗ កសិករមួយរូបដែល​ដាំបន្លែនៅស្រុកស្អាង ខេត្តកណ្តាល លោក ងៀប តៃសុង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត ​រួម​មាន អនុប្រធានមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅធ្វើកំណត់ហេតុ និងព្រមានឱ្យបញ្ឈប់ការបង្ហោះព័ត៌មានអវិជ្ជមានលើបណ្តាញសង្គមហ្វេសប៊ុក។ កិច្ចសន្យានេះបានធ្វើឡើងក្រោយពីកសិករដាំបន្លែម្នាក់នេះបានបង្ហោះរូបភាពលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៦ ខែមេសា ស្តីពីការឈូសបន្លែសាលាដចោល ដោយសារតែគ្មានទីផ្សារ និងដោយសារតែសាលាដចាស់ខែមិនអាចកាត់លក់បានទៀតឡើយ។

បើទោះបីជាមានការព្រមានបែបនេះក្តី កសិករពាក់កណ្តាលស្វ័យប្រវត្តិកម្មរូបនេះ បានបន្តប្រើប្រាស់បណ្តាញសង្គម ដើម្បីបញ្ចេញមតិត្អូញត្អែរ​បន្តទៀត ដើម្បីទាក់ទាញការចាប់អារម្មណ៍ស្វែង​​រកទីផ្សារបន្លែរបស់លោក។

លោក តៃសុង មានប្រសាសន៍ថា៖ «ដោយសារតែខាតធ្ងន់ធ្ងរពេកចាប់តាំងពី​ខែ១២​ ឆ្នាំ​​២០២០មក មិនមានទីផ្សារ មិនមានអ្នកមកទិញ ផ្សារត្រូវ​បាន​បិទ។ បើ​ខ្ទឹម​មាន​អ្នកទិញក្នុង១គីឡូ ១២០០រៀល​ តែបើសាលាដវិញ គឺគ្មានអ្នកទិញតែម្ដង។ ដូច្នេះ សម្រេចឈូសសាលាដចោល ដែលមានផ្ទៃដី៣ហត្ថ [ហិកតា]»។

លោកបន្ថែមថា៖ «ក្រោយពីបង្ហោះសារពីការឈូសចោល [បន្លែ] អាជ្ញាធរបានឱ្យ​​ខ្ញុំធ្វើកិច្ចសន្យា ហា​មបង្ហោះសារនៅលើហ្វេសប៊ុកនាំឱ្យ​​មានការញុះញង់​ ចាំអាជ្ញាធរនឹងជួយរកដំណោះស្រាយ ដោយឱ្យ​​លេខ៣ខ្សែ បើសិនជាភ្ជួរចោលលើកក្រោយ តែខលចូលគ្មានអ្នកលើក»។

កសិករដាំបន្លែនៅស្រុកស្អាងរូបនេះបានប្រកបរបរកសិកម្ម​រយៈពេល៥​​ឆ្នាំ​មក​ហើយ។ លោកបន្ត​ថា មានកសិករនៅតំបន់នោះជាច្រើន​ដែលដាំហើយគ្មានទីផ្សារ ដែលត្រូវប្រឈមនឹងការភ្ជួរបន្លែចោលដូចគ្នាដែរ តែមិនហ៊ានបញ្ចេញមតិតាមបណ្តាញសង្គមនោះទេ ព្រោះពួកគេឃើញអាជ្ញាធរ មានប៉ូលិស មានក្រសួង ចុះមកសួរនាំលោកច្រើន ពួកគាត់បារម្ភពីសុវត្ថិភាពគ្រួសារ និងមិនចង់មានរឿងរ៉ាងវែងឆ្ងាយ។

​លោក តៃសុង បានបន្ថែមថា៖ ​«ខ្ញុំក៏បានស្នើពួកគាត់ឱ្យ​រក​ដំណោះ​ស្រាយ តែ​ពួកគាត់​ថា កូវីដអ៊ីចឹង គាត់​ជួយអត់បាន​ទេ ចាំចប់កូវីដ​ ចាំគាត់រកដំណោះស្រាយឱ្យ​។ បើដាំលើកក្រោយ សុំកុំបញ្ចេញមតិ​លើបណ្ដាញសង្គមអ៊ីចឹង ព្រោះអីត្រូវរកទីផ្សារខ្លួនឯងឱ្យ​ហើយ ចាំដាំ ហើយកុំដាំច្រើន​ពេក ដាំដីតិចតួចបានហើយ គេប្រាប់ខ្ញុំអ៊ីចឹង! កុំឱ្យ​អំពល់ទុក្ខដល់គេទៀត គេប្រាប់ឱ្យ​ហើយ!​​ ​​​អ៊ីចឹងយើងចាំតែខុសទៅ»។

យ៉ាងណាក្តី កសិករដាំបន្លែពាក់កណ្តាលស្វ័យប្រវត្តិកម្មរូបនេះ យល់ថា លោកមិនខុសនោះទេ ហើយ​លោកនៅតែបន្តបញ្ចេញមតិបែបនេះ ដើម្បីស្វែងរកទីផ្សារបន្លែរបស់លោក។

លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំគិតថា បើតាមច្បាប់ ខ្ញុំអត់ខុសទេ! ហើយបើយើងមិននិយាយ មិនក្រោក គេនៅតែជិះពីលើយើង អ៊ីចឹងយើងនៅតែក្រ។ ខ្ញុំហាក់អស់កម្លាំងចិត្ត ខាតទាំងលុយ ស្ដាយទាំងដំណាំ ហើយត្រូវអាជ្ញាធររករឿងទៀត ខ្ញុំខាតប្រហែល២ម៉ឺនដុល្លារ គ្មាននរណាចង់ឈូសចោលទេ»។

តើលោក តៃសុង គឺជានណា?

លោក ងៀប តៃសុង កើតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៨៧ នៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុក​ស្អាង ខេត្តកណ្ដាល ដែលមានឪពុកឈ្មោះ ឡៅ​ វេងងៀប​ និងអ្នកម្ដាយឈ្មោះ តុង​​ គីមស្រ៊ាង។ នៅឆ្នាំ​២០១៩ លោក តៃ សុង បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកស្រី ​អេង លក្ខិណា រហូតមកទល់ពេលនេះ ភរិយាលោកកំពុងពពោះ៧ខែ។ ​​​

ឆ្នាំ​២០០៧ ជាឆ្នាំ​ដែលគាត់បញ្ចប់ការសិក្សាត្រឹមថ្នាក់វិទ្យាល័យប៉ុណ្ណោះ ក្រោយមក លោកក៏ចាប់ផ្ដើមរកស៊ីជួលមេក្រូ ជួលធុងបាស់ ជួលម៉ាស៊ីនភ្លើង និងធ្វើចម្ការខ្លះៗ។ ក្រោយមក លោកក៏ចាប់ផ្ដើមដាំដំណាំបន្លែ ខ្ទឹម ល្ហុង អំពៅ និងក្រោយមក ក៏ចាប់ផ្ដើមដាំសាលាដ និងដំណាំ​កសិកម្មមួយចំនួនទៀត។​

លោកបន្ថែមថា៖​ «សម្រាប់កសិកម្ម ខ្ញុំមិនដែលរៀនពីសាលាណាទេ រៀនដាំដោយខ្លួនឯង សាកល្បងដាំពីតិចៗរហូតមានបទពិសោធន៍ពីការ មើលដី ដាក់ជី ថែរក្សាសាលាដទាំងនោះ ខ្ញុំក៏ពង្រីកការដាំដុះជាទ្រង់ទ្រាយធំ»។

លោកស្រី ចក់ សុភាព នាយិកា​​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើង​​​ថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការបញ្ចេញមតិរបស់ខ្លួន ព្រោះសិទ្ធិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។

លោកស្រីនិយាយថា៖ «រាល់ការរឹតត្បិតណាមួយនោះ គឺត្រូវគោរពទៅតាមគោលការណ៍ ៣ ​នៃយន្តការអន្តរជាតិសិទ្ធិមនុស្សដែលបានចែង គឺត្រូវតែមានចែងក្នុងច្បាប់ ត្រូវតែស្របច្បាប់ និងត្រូវតែសមាមាត្រនឹងច្បាប់។ ការរឹតបន្តឹងសិទ្ធិសេរីភាពណាមួយនោះ ត្រូវតែអនុលោមទៅតាមគោលការណ៍នេះ បើមិនដូច្នោះទេ គឺជាការបំពានសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋហើយ»។

លោកស្រីបានបន្ថែមថា អាជ្ញាធរមិនគួរគំរាមកំហែងទៅដល់ការលើកឡើងរបស់កសិករដែល​បាន​បញ្ចេញ​មតិនោះទេ ហើយ​​គួរតែយកមតិ​ទាំងឡាយដែលពួកគាត់ប្រឈមនោះ​ទៅពិចារណាដោះស្រាយ ព្រោះវាជាទំនួលខុសត្រូវក្នុងនាមជាអាណាព្យាបាលដែលជួយគាំពារដល់​ពលរដ្ឋ។

លោកស្រីនិយាយថា៖ «ការរឹតត្បឹតសិទ្ធិសេរីភាពអាចធ្វើទៅបាន ដរាបណាការបញ្ចេញមតិនេះបានប៉ះពាល់ធ្ងន់ធ្ងរ បង្កឱ្យ​​មានការរើសអើងស្អប់ខ្ពើមពូជសាសន៍ ប៉ះពាល់សុខភាពសាធារណៈជាដើម នោះទើបជាការគួររឹតត្បិត»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានទេ។

យោងតាមរបាយការណ៍ឃ្លាំមើលសេរីភាពមូលដ្ឋានឆ្នាំទី៥ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមសិទ្ធិមនុស្សអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព ចេញផ្សាយកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ច្បាប់ ដើម្បីកាត់បន្ថយលំហសិទ្ធិពលរដ្ឋ និងរឹតត្បិតការអនុវត្តសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ការរឹតត្បិតសេរីភាពមូលដ្ឋានកើតឡើងគ្រប់ខេត្ត ជាពិសេសនៅរាជធានីភ្នំពេញ ចាប់តាំងពីខែកក្កដាមក។

នៅក្នុងរបាយការណ៍ឆ្នាំទី៥នេះ មានការកោះហៅប្រជាពលរដ្ឋចំនួន២១៥នាក់ បង្គាប់ឱ្យចូលខ្លួនឆ្លើយបំភ្លឺចំនួន១១៧នាក់ ការចាប់ខ្លួនចំនួន៨៥នាក់ និងការផ្តន្ទាទោសចំនួន១៧នាក់ ដោយសារការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន។

ងាកមកនិយាយពីកសិករដាំបន្លែ លោក តៃសុង វិញ លោកយល់​ថា បណ្ដាញសង្គមគឺជាកន្លែងដែលគេប្រើប្រាស់ច្រើននិងងាយក្នុងការចែករំលែកព័ត៌មានឱ្យ​​ប្រជាពលរដ្ឋ​បាន​ដឹង​ ជាពិសេសគឺក្រសួងកសិកម្ម ដើម្បីជួយអន្តរាគមន៍ជួយរកទីផ្សារជូនកសិករ៕


អត្ថបទ៖ សំ សុពេជ្រ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ