រដ្ឋា​ភិបាលនិង WFP ដាក់​ដំណើរ​ការ​បណ្តាញ​ធុរកិច្ច​នៃ​ចលនា​បង្កើន​អាហា​រូបត្ថម្ភ

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមូលផ្ដុំទិញម្ហូបអាហារនិងសម្ភារប្រើប្រាស់នៅផ្សារព្រែកជ្រៃ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

រដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក ​(World Food Program) បានសម្ពោធដាក់ឱ្យដំណើរការបណ្តាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា (SBN Cambodia) ជាលើកដំបូង កាលពីថ្ងៃទី១៤ ខែកក្កដា ដោយចាប់ផ្តើមដំបូងជាមួយនឹងក្រុមហ៊ុនអាជីវកម្មចំនួន២០ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីស្បៀងអាហារពិភពលោក កាលពីថ្ងៃទី១៤ ខែកក្កដា បានឱ្យដឹងថា គំនិតផ្តួចផ្តើមថ្មីមួយនេះបានប្រមូលផ្ដុំនូវក្រុមហ៊ុនអាជីវកម្មចំនួន២០នៅក្នុងវិស័យស្បៀងអាហារដែលមានទស្សនវិស័យវែងឆ្ងាយសម្រាប់អនាគត ដើម្បីពន្លឿនវឌ្ឍនភាពអាហារូបត្ថម្ភនៅទូទាំងប្រទេសកម្ពុជា។

ប្រភពដដែលបន្តថា បណ្តាញធុរកិច្ចនេះត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍​វិស័យ​កសិកម្ម និងជនបទ (CARD) ដោយមានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដើម្បីជំរុញកិច្ចសហការនិងការគាំទ្រគ្នាទៅវិញទៅមករវាងវិស័យឯកជន សមាគមធុរកិច្ច រដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែកក្នុងការជំរុញឱ្យមានរបបអាហារសុខភាពនិងការអនុវត្តទម្លាប់សុខភាពប្រកបដោយនិរន្តរភាព។ អាជីវកម្មចំនួន២០បានចុះឈ្មោះជាមួយបណ្ដាញធុរកិច្ចក្នុងនាមជាសមាជិកស្ថាបនិកនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជានេះ។

មន្ត្រីសម្របសម្រួលបណ្តាញធុរកិច្ចចលនាអាហារូបត្ថម្ភ នៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) លោក ហាក់ សុខជា បានថ្លែងថា ការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា មិនអាច​សម្រេចជោគជ័យបានឡើយបើគ្មានការចូលរួមពីវិស័យឯកជនទេនោះ។

លោក ហាក់ សុខជា មានប្រសាសន៍យ៉ាងដូច្នេះថា៖ «មានសកម្មភាពច្រើនដែលពួកគាត់ [ក្រុមហ៊ុន] អាចចូលរួមជាមួយយើង ហើយអ្វីដែលគាត់មានប្រសាសន៍មិញហ្នឹងក៏ត្រឹមត្រូវដែរ ឧទាហរណ៍ថា ឥលូវក្រុមហ៊ុនហ្នឹងគាត់ឃើញថា បញ្ហាកង្វះមីក្រូសារជាតិ ជាតិរ៉ែ ឬជាតិវីតាមីនហ្នឹង វាមានច្រើន! អ៊ីចឹងគាត់សម្រេចចិត្តថា ឧបមា​​ថា ក្រុមហ៊ុន លាង ឡេង អ៊ីចឹង គាត់សម្រេចចិត្តថា គាត់បន្ថែមសារជាតិដែកនៅក្នុងទឹកត្រីទឹកស៊ីអ៊ីវរបស់គាត់ អ៊ីចឹងអាហ្នឹងគឺជារឿងល្អមួយ! អ៊ីចឹងមានន័យថា ផលិតផលរបស់គាត់ហ្នឹងយើងហូបឬក៏ពិសាផលិតផលរបស់គាត់ទៅ វាជួយបំពេញជាតិដែកគ្រប់គ្រាន់ អ៊ីចឹងវាជួយលើកកម្ពស់អាហារូបត្ថម្ភនៅស្រុកខ្មែរហើយ»

បើទោះបីជាសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ ក៏ប៉ុន្តែបញ្ហាកង្វះអាហារូបត្ថម្ភនិងកង្វះមីក្រូសារជាតិ នៅតែជាបន្ទុកធ្ងន់មួយ។ កុមារកម្ពុជាអាយុក្រោមប្រាំឆ្នាំ ចំនួន​១០% ស្គមស្គាំង និង៣២% ក្រិសក្រិន។

លោក សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ថា៖ «យើងមានមោទកភាពចំពោះវឌ្ឍនភាពក្នុងអំឡុងទសវត្សរ៍កន្លងមកនេះ ក្នុងការកែលម្អស្ថានភាពអាហារូបត្ថម្ភ ជាពិសេសសម្រាប់កុមារ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ នៅមានកិច្ចការជាច្រើនទៀតដែលកម្ពុជាត្រូវធ្វើ ដើម្បីលុបបំបាត់បញ្ហាអាហារូបត្ថម្ភ»។

រីឯម្ចាស់ផលិតកម្មទឹកត្រីនិងទឹកស៊ីអ៊ីវ និងជាសមាជិកស្ថាបនិករបស់បណ្ដាញធុរកិច្ចកម្ពុជា លោក លាង ឡេង បានថ្លែងដែរថា លោកជឿជាក់ថា បណ្ដាញធុរកិច្ចនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជានេះ (SBN) នឹងបង្កើតនូវគំនិតនិងទំនាក់ទំនងថ្មីៗជាច្រើន ក៏ដូចជាអប់រំដល់សាធារណជនអំពីសារៈសំខាន់នៃអាហារូបត្ថម្ភ។ កត្តានេះនឹងបង្កើននូវតម្រូវការខ្ពស់ជាងមុន។

ការបង្កើតបណ្ដាញធុរកិច្ច (SBN) នៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជានេះ គឺជាព្រឹត្តិការណ៍ជាតិដ៏សំខាន់​ក្នុងការគាំទ្រដល់ចលនាបង្កើនអាហារូបត្ថម្ភសកល ដែលមានគោលដៅលុបបំបាត់បញ្ហាអាហារូបត្ថម្ភនៅទូទាំងពិភពលោកត្រឹមឆ្នាំ២០៣០។ ចលនានេះទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការកែលម្អអាហារូបត្ថម្ភ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ