តំណាងកម្ពុជាប្រចាំ អ.ស.ប ចោទក្រុមស្ត្រីតវ៉ាថ្ងៃសុក្រ ថាជាក្រុមស៊ីឈ្នួលធ្វើបាតុកម្មខុសច្បាប់

សកម្មភាពស្ត្រីឈ្មោះ សេង ចាន់ថន ដួលលើថ្នល់នៅអំឡុងពេលតវ៉ានៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២០។ រូបពីអង្គការលីកាដូ

តំណាងកម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​ បានប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (អ.ស.ប)ថា ការ​ធ្វើបាតុកម្មខុស​ច្បាប់ ឬបាតុកម្មស៊ីឈ្នួល ជា​ពិសេស​ធ្វើ​ឡើង​ដោយ​​​ក្រុម​ស្ត្រីតវ៉ាថ្ងៃសុក្រ ដើម្បីដាក់​សម្ពាធ​លើប្រព័ន្ធតុលាការ ពុំមែន​ជាការ​អនុវត្តសិទ្ធិសេរីភាព​ប្រមូល​ផ្តុំដោយសន្តិវិធី​នោះ​ឡើយ។

ការលើក​ឡើង​នេះ បានធ្វើឡើង​នៅក្នុងសម័យ​ប្រជុំក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើកទី៤៧ ដែលបានបិទ​បញ្ចប់​ទៅ​កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។

តាមរយៈសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានបេសកម្មអចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ស្តីពី «វឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស» គណៈប្រតិភូកម្ពុជា បានគូសបញ្ជាក់ថា ការធ្វើបាតុកម្មខុសច្បាប់ ឬបាតុកម្មស៊ីឈ្នួល​ ដែលដាក់សម្ពាធលើប្រព័ន្ធតុលាការ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ពុំមែនជាការអនុវត្តសិទ្ធិសេរីភាពប្រមូលផ្តុំដោយសន្តិវិធី ដូចមាន​ចែងក្នុងរដ្ឋធម្មនុញ្ញឡើយ។

ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបាន​អ្នកស្រី កុល សាត ភរិយារបស់លោក គង់ ម៉ាស់ ដែលកំពុងជាប់ពន្ធនាគារព្រៃសនោះបានបដិសេធ។ អ្នកស្រីថា ការធ្វើបាតុកម្ម ឬការតវ៉ារបស់ក្រុមស្ត្រីភរិយា​អ្នកនយោបាយអតីតគណបក្សប្រឆាំងនេះ មិនមែនជាការស៊ីឈ្នួលនោះទេ។

អ្នកស្រីបាននិយាយ​ថា៖ «ខ្ញុំគិតថា ខ្ញុំអត់មានស៊ីឈ្នួលនណាគេទេ ហើយបើសិនជាខ្ញុំស៊ីឈ្នួល ខ្ញុំគិតថាលំបាកណាស់ ឧទាហរណ៍ដូចជាខ្ញុំចឹង ខ្ញុំកំពុងតែឈឺប្តីខ្ញុំកំពុងតែជាប់ពន្ធនាគារ ហើយកំពុងតែកូវីដចឹងទៀត បើសិនជាខ្ញុំមកស៊ីឈ្នួលក៏ពិតមែន ខ្ញុំគិតថា លុយប៉ុន្មានក៏ដោយ យកមកទិញខ្ញុំពាក់ព័ន្ធនឹងកូវីដផង ហើយកូវីដដឹងស្រាប់ហើយ ជំងឺកូវីដឥឡូវកំពុងពេញនិយមស្លាប់ ចឹងអ្នកដែលនិយាយថាខ្ញុំ ស៊ីឈ្នួលគេមកតវ៉ាហ្នឹងខុសហើយៗ ពីព្រោះអីអ្វីដែលខ្ញុំធ្វើគឺជារឿងពិតជាក់ស្តែងដែលខ្ញុំមកតវ៉ាដើម្បីឱ្យដោះលែងក្រុមគ្រួសារ [ប្តី] របស់ខ្ញុំ»។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មិនចង់បកស្រាយឡើយ ចំពោះការចោទប្រកាន់ថា ការធ្វើបាតុកម្មកន្លងមកជាបាតុកម្មស៊ីឈ្នួល។ ប៉ុន្តែលោក​ស្រី​ស្នើឱ្យអាជ្ញាធរ​រដ្ឋាភិបាល​ បង្ហាញភស្តុ​តាង​ចំពោះ​ការចោទប្រកាន់បែបនេះ។

លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សេរីភាពមូលដ្ឋាន​របស់ពលរដ្ឋកម្ពុជា ហាក់បានធ្លាក់ចុះខ្លាំង។

លោកស្រីមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដូចខ្ញុំបានគូសបញ្ជាក់ចឹង សិទ្ធិទាំងអស់នេះ គឺត្រូវបានធានា ប៉ុន្តែមែនទែននៅពេលដែលប្រជាពលរដ្ឋព្យាយាមអនុវត្តនូវសិទ្ធិសេរីភាពនេះ គឺពួកគាត់តែងតែប្រឈមហើយបើទោះបីជាពេលខ្លះពលរដ្ឋបានព្យាយាមធ្វើទៅតាមនីតិវិធីដូចជាការជូនដំណឹងក្តីហ្នឹង ក៏ត្រូវបានអាជ្ញាធរបដិសេធដែរ ចឹងជារឿងមួយដែលអាជ្ញាធរលោកត្រូវតែពិនិត្យអំពីកាតព្វកិច្ចរបស់ខ្លួន ហើយនឹងធានាដល់សិទ្ធិពលរដ្ឋនៅក្នុងការអនុវត្តសិទ្ធិសេរីភាព ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយប្រទេសកម្ពុជាយើងក៏បានទទួលស្គាល់​​លិខិតូបករណ៍អន្តរជាតិដែរ»។

ក្រុមស្ត្រីថ្ងៃសុក្រ នៅថ្ងៃទី​១៦ ខែកក្កដានេះ បានបន្តការប្រមូលផ្តុំតវ៉ាជាថ្មីនៅមុខផ្សារ ស៊ីធី ម៉ល (City Mall) ដើម្បីទាមទារឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួន ខណៈដែលមន្ត្រីពន្ធនាគារ​​បាន​ដឹក​ស្វាមីរបស់ពួកគេ ទៅកាន់​​​សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរនាំបន្តនៅថ្ងៃនេះ។ ដូចសព្វមួយដងដែរ ក្រុមសន្តិសុខបានរារាំង និងដកហូតនូវរូបថត និងផ្ទាំងប៉ាណូផ្សេងៗទៀត​របស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ